អានតួអត្ថបទ

សហជីព​កសិករបារាំង អំពាវនាវបិទបញ្ចប់បាតុកម្ម​ ក្រោយលោក​ហ្កា​ប្រ៊ីយែល អាតាល់ ប្រកាសវិធានការ​ជួយកសិករ

បារាំង-កសិកម្ម – គិតត្រឹមព្រឹកថ្ងៃសុក្រទី​២កុម្ភៈ ចលនាបាតុកម្ម​របស់កសិករបារាំងនៅទូទាំងប្រទេស បានចាប់ផ្តើមដកថយ​ ជាបណ្ដើរ​ៗ​ហើយ។ សហជីពកសិករបារាំងធំៗចំនួន​២ បាន​អំពាវនាវ ឲ្យ​បាតុករដកថយ និង​បិទបញ្ចប់បាតុកម្ម ដែលបានអូសបន្លាយ​២សប្តាហ៍​មកហើយ។ ការដកថយនេះ គឺត្រូវបាន​ធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបារាំង ហ្កា​ប្រ៊ី​យែល អាតាល់ បានប្រកាសនូវវិធាន​មួយចំនួន​បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់កសិករបារាំង​។

ត្រាក់ទ័ររបស់​ក្រុមបាតុករកសិករបារាំង ប្រឈមមុខទល់នឹង​កងសមត្ថកិច្ចបារាំង នៅចំណុច Chilly-Mazarin ជាងខាងត្បូងក្រុងប៉ារីស  ថ្ងៃទី​ ៣១ មករា ២០២៤
ត្រាក់ទ័ររបស់​ក្រុមបាតុករកសិករបារាំង ប្រឈមមុខទល់នឹង​កងសមត្ថកិច្ចបារាំង នៅចំណុច Chilly-Mazarin ជាងខាងត្បូងក្រុងប៉ារីស ថ្ងៃទី​ ៣១ មករា ២០២៤ AP - Christophe Ena
ផ្សាយពាណិជ្ជកម្ម

នៅល្ងាចថ្ងៃព្រហស្បតិ៍ គេសង្កេតឃើញ មាន​សញ្ញាណ​វិជ្ជមាន​នៃការស្រុះស្រួលគ្នា រវាងក្រុមកសិករបាតុករបារាំង ក្នុងការ​ដកថយ​ ឬផ្អាក​ចលនាបាតុកម្ម​មួយរយៈសិន។ អាជ្ញាធរមូលដ្ឋាន នៅទូទាំងប្រទេស​បារាំង បានអះអាងថា បាតុករបានចាប់ផ្តើម​រុះរើ បន្តិចម្តងៗ នៅតាម​ចំណុច​ដែលពួកគេ​ជួបជុំគ្នាដាក់​រនាំងបិទផ្លូវ។ ក្បួនត្រាក់ទ័រ និងយាន​យន្ត​កសិកម្ម​ បានចាប់ផ្តើម​ចេញដំណើរត្រឡប់ទៅតាម​ភូមិស្រុករៀងៗខ្លួន​វិញ នៅព្រឹកថ្ងៃសុក្រ​។

ថ្លែងនៅក្នុង​សន្និសីទកាសែតមួយ ធ្វើនៅបារីស កាលពីល្ងាចថ្ងៃព្រហស្បតិ៍​ទី​១កុម្ភៈ លោក Arnaud Gaillot ប្រធានសហជីពកសិករវ័យក្មេង Jeunes agriculteurs (JA) និងលោក Arnaud Roussea ប្រធានសហជីព​​FNSEA បានអះអាងថា ដោយ​សង្កេតឃើញ​ការប្រកាសវិធានការមួយចំនួន ​ឆ្លើយតបមកកាន់​កសិករ ពីសំណាក់រដ្ឋាភិបាល សហជីពធំៗទាំង២ បានសម្រេចអំពាវនាវឲ្យបាតុករដកថយ សម្រាក​​យកកម្លាំង ដើម្បី​ទុកឲ្យសហជីព​បន្ត​ការចរចា​ជាមួយរដ្ឋាភិបាល និង​ក្រុមឈ្មួញកណ្តាល​។​ តែយ៉ាងណា សហជីពសូមរក្សាសិទ្ធិត្រលប់មកធ្វើបាតុកម្ម​វិញ នៅក្នុងឱកាសពិពណ៌កសិកម្ម​ នៅចុងខែកុម្ភៈ ប្រសិនបើការចរចាមិនបាន​លទ្ធផល​។​

លោក Laurent Saint-Affre តំណាងសហជីពFNSEA ប្រចាំតំបន់​ Aveyron បាន​បញ្ជាក់ឲ្យដឹងថា បាតុកម្មរបស់​កសិករបារាំងប្រមាណជិត​​២សប្តាហ៍​មកនេះ គឺជាចលនាបាតុកម្ម​ដ៏ធំជាប្រវត្តិសាស្ត្រហើយ​។ លោកអះអាងថា អ្វីៗមិនទាន់ចប់ទាំងស្រុងទេ ព្រោះនៅមានចំណុចមួយចំនួនទៀត ដែលកសិករមិនទាន់បានចម្លើយពី​រដ្ឋាភិបាល ជាក់ស្តែងដូចជាការកំណត់​តម្លៃទឹកដោះគោជាដើម​។

យ៉ាងណាក៏ដោយ សហជីពកសិករបារាំងមួយទៀត ឈ្មោះ Confédération paysanne បានប្រកាសថា គេនឹងនៅតែបន្តធ្វើបាតុកម្ម មិនទាន់ដកថយ​នៅពេលនេះទេ។ មូលហេតុដែលគេបន្តធ្វើបាតុកម្ម ព្រោះថាចំណុច​ដ៏ធំមួយ ទាក់ទិននឹង​ ប្រាក់ចំណូលរបស់កសិករ នៅមិនទាន់​ត្រូវបាន​រដ្ឋាភិបាល​យក​មកគិតគូរ ឲ្យ​បាន​ម៉ដ្ឋចត់ឡើយ​។

សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោក​ហ្កាប៊្រីយែល អាតាល់ នាយករដ្ឋមន្ត្រីបារាំង បាន​ប្រកាសនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីជួយ​ដល់​កសិករបារាំង។ ក្នុងចំណោមវិធានថ្មីៗទាំងនោះ គឺមានការ​​ទប់ស្កាត់ កុំ​ឲ្យកសិករ ​ចាំតែទទួលរងថ្មបាក់ ទៅតាម​ការកំណត់​តម្លៃថោក​ហួសប្រមាណ ដោយការ​ស៊ំគ្រលំគ្នា រវាង​​ក្រុមឈ្មួញកណ្តាល និង​សហគ្រាស​កសិឧស្សាហកម្ម​ ក៏ដូចជា​បណ្តាញចែកចាយ​តាមផ្សារទំនើបជាដើម​។

ផ្អែកតាម​ក្រសួង​សេដ្ឋកិច្ច​បារាំងវិញ វិធានការ​បន្ទាន់ទាំងអស់ ដែលរដ្ឋាភិបាល​បានប្រកាស​ដើម្បី​ជួយដល់​កសិករបារាំង កាលពីថ្ងៃព្រហស្បត៍ គឺមានតម្លៃទឹកប្រាក់ចំនួន ៤០០លានអឺរ៉ូ។​ លោក​ហ្កាប៊្រីយែល អាតាល់ បានប្រកាសផងដែរ នូវ​វិធានការ​ជួយ​ផ្នែក​ពន្ធរដ្ឋ ដែលមានតម្លៃទឹកប្រាក់ ចំនួន​១៥០លានអឺរ៉ូ ដើម្បីជួយ​សម្រាលបន្ទុក ​ដល់​កសិករអ្នកចិញ្ចឹម​គោ​។

ដោយឡែក រដ្ឋាភិបាល​លោកអាតាល់ បានប្រកាស “​ផ្អាក​សិន” នូវ​ការអនុវត្តគោលនយោបាយ ហាមឃាត់ការប្រើ សារធាតុគីមីបាញ់សម្លាប់ស្មៅ និងបាញ់​សម្លាប់សត្វល្អិត ដើម្បី​ទុក​ឲ្យ​កសិករបានដកដង្ហើមខ្លះ​។​ ការប្រកាសរបស់​រដ្ឋាភិបាល​​នេះ ត្រូវបាន​ក្រុងអង្គការបរិស្ថាន​ បរិហារថា ជាការដកថយ​មួយដ៏គ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់​យុទ្ធនាការ​​ការពារបរិស្ថាន និងសុខមាលភាព​ប្រជាជន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ