អានតួអត្ថបទ
សេដ្ឋកិច្ចពិភពលោក

OCDE៖ ២០២៤​​មាន​កំណើនសេដ្ឋកិច្ច​ប្រសើរ​ ​តែព្រមាន​ពី​​ហានិភ័យ​នៅ​សមុទ្ទ​ក្រហម

​អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍ​សេដ្ឋកិច្ចOCDEមាន​សុទិដ្ឋនិយម​​ជាង​មុន។ នៅក្នុង​​ការ​ព្យាករ​ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទទី៥​កុម្ភៈនេះ ​​​ពិភពលោក​នឹង​មាន​កំណើន​សេដ្ឋកិច្ច​​ឆ្នាំ​២០២៤ ប្រសើរ​ជាង​ការ​ព្យាករ​លើក​មុន។ ប៉ុន្តែបើ​តាម​អង្គការ​ដដែល ​ស្ថានភាព​ប្រសើរនេះ​មាន​លាក់​នូវ​ហានិភ័យ​ ដែល​អាច​ជំរុញ​ឱ្យ​មាន​អតិផរណា​ហក់​ឡើង​វិញនោះ គឺ​ភាព​តាន​តឹង​នៅ​សមុទ្ទ​ក្រហម​បង្ក​ឡើង​ដោយ​ពួក​ឧទ្ទាម​ហ៊ូទី​យេម៉ែន។

OCDE៖ ២០២៤​​មាន​កំណើនសេដ្ឋកិច្ច​ប្រសើរ​ ​តែព្រមាន​ពី​​ហានិភ័យ​នៅ​សមុទ្ទ​ក្រហម​
OCDE៖ ២០២៤​​មាន​កំណើនសេដ្ឋកិច្ច​ប្រសើរ​ ​តែព្រមាន​ពី​​ហានិភ័យ​នៅ​សមុទ្ទ​ក្រហម​ Pixabay/Minka2507
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​វិបត្តិ​ភូមិសាស្ត្រ​នយោបាយណា​​ផុស​​ឡើងដោយ​​ឥតព្រៀង​ទុក​ទេ ​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ​២០២៤​ នឹង​មាន​កំណើនខ្លាំងកា្ល​ជាង​ការ​ព្យាករមុន ពោល​គឺ​ផលិតផល​សរុប​ពិភពលោក​នឹង​កើន​២,៩% មិនមែន​ត្រឹម​២,៧%​ដូច​ការសន្និដ្ឋាន​កាលពី​ខែ​វិច្ឆិកា​ទេ។

កំណើន​សេដ្ឋកិច្ចពិភព​លោកបាន​ប្រសើរ​ដោយ​សារ​​ម៉ាស៊ីនសេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ជួយ​​អូសទាញ។ ការ​ចាយវាយ ភាព​រឹងមាំ​នៃទីផ្សារ​ការងារបានពង្រឹង​កំណើន​សេដ្ឋកិច្ច​អាមេរិក ដោយ​ នៅ​ឆ្នាំ​នេះ ផលិតផលសរុប​​អាមេរិក​នឹង​កើន​ឡើង​២,១%​ទល់​នឹង​១,៥%​ប៉ុណ្ណោះ​នៅក្នុង​ការ​ព្យាករមុន។

​ប៉ុន្តែជាមួយ​នឹង​សុទិដ្ឋនិយម​ អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​កំពុង​ទាញ​សញ្ញា​អាសន្ន​និង​តាមដាន​ដោយ​ព្រួយ​បារម្ភ​​បំផុតស្ថានភាព​នៅ​សមុទ្ទក្រហមដែល​​ជាច្រកផ្លូវ​ពាណិជ្ជកម្ម​​(១២%) ​ដ៏ចម្បង​មួយ​​នៅលើ​ពិភពលោក។

តាំងពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​២០២៣​មក ដោយហេតុ​តែ​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ហ៊ូទី​យេម៉ែន ចរាចរណ៍​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្ទ​ក្រហម បាន​ធ្លាក់​ចុះ​អស់​ជិត​៣០%​ បើ​គិត​ក្នុងរយៈ​ពេល​​មួយ​ឆ្នាំ។ នេះ​បើ​តាម​តួលេខ​របស់​មូលនិធិ​រូបិយវត្ថុ។ ដើម្បីធានា​សុវត្ថិភាព នាវា​ដឹក​ទំនិញ​ត្រូវ​បើក​វាង​ទ្វីប​​ខាង​អាហ្វ្រិក។ ជាក់ស្តែង ក្រុមហ៊ុន​ដឹកជញ្ជូន​CMA-CGM បាន​ប្រកាស​កាលពី​ថ្ងៃសុក្រ​ឈប់​បើក​ទូក​ឆ្លង​កាត់​សមុទ្ទក្រហម។ ​ដំណើរ​ផ្លូវនេះ​​កាន់​តែ​ឆ្ងាយ អស់​សោហ៊ុយកាន់ច្រើន ដូច្នេះ​វា​ច្បាស់​ប៉ះពាល់​ដល់​តម្លៃ​ទំនិញ។ ​​បើ​ស្ថានភាព​នៅ​តែបន្តដូច្នេះ​ តម្លៃ​ដឹកជញ្ជូន​នឹង​បំប៉ោង​ឱ្យ​មាន​អតិផរណា​នៅ​ឆ្នាំ​២០២៤ ក្នុង​កំរិត​០,៤%​ក្នុង​មួយ​ឆ្នាំ​ នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន។ នេះ​បើតាម​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​OCDE​ដដែល ដែល​រំលឹក​ថា ពិភពលោក​អាច​រក​ឃើញ​កំណើន​សេដ្ឋកិច្ច​វិញ​ដោយ​សារ​តែ​លែង​សូវ​មាន​អតិផរណា​ទំនិញ បូក​នឹង​អត្រា​ការប្រាក់​ចុះ​ ទើប​សេដ្ឋកិច្ច​អាច​ចាប់មាន​​កំណើនឡើង​វិញ​ជា​និរន្តរ៍​បាន។ ជម្លោះនៅ​ដើម​បូព៌ា​រវាង​អ៊ីស្រាអែលនិង​ចលនា​ហាម៉ាសប៉ាឡេស្ទីន ជា​ហានិភ័យ​មួយទៀត​ដែល​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍព្រមានថា​​​រាល់​ការ​ធ្លាក់​ដុនដាប​នៃ​ស្ថានភាពនៅ​តំបន់​នេះ នឹង​បំផ្លាញ​​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ភ្លាម។

សម្រាប់​តំបន់​អឺរ៉ូ នាំ​មុខ​ដោយ​បារាំង​និង​អាល្លឺម៉ង់​​វិញ OCDE​ព្យាករ​ឃើញ​មាន​កំណើន​ទាប​ជាង​របាយការណ៍​ខែ​វិច្ឆិកាទេ។ ផ្ទុយ​ទៅវិញ​ អង្គការ​បាន​រក្សា​ក្តី​រពឹងដដែល​សម្រាប់​កំណើន​សេដ្ឋកិច្ច​នៅ​អង់គ្លេស ០,៧% នៅ​ចិន​៤,៧% និង​១%​សម្រាប់​ជប៉ុន។ តែកំណើន​ព្យាករ​ឡើងដល់​១,៨%​សម្រាប់​រុស្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ