អានតួអត្ថបទ
បារាំង-ច្បាប់​ប្រហារជីវិត

Robert Badinter អ្នក​រំលាយ​ច្បាប់​ប្រហារ​ជីវិតបារាំង​ ធ្វើ​​មរណកាល​ក្នុង​វ័យ​៩៥​ឆ្នាំ

លោក Robert Badinter អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បារាំង ពី​ឆ្នាំ​១៩៨១-១៩៨៦ ដែល​ជា​អ្នក​ផ្តួច​ផ្តើម​រំលាយ​ច្បាប់​ប្រហារ​ជីវិត​នៅក្នុងប្រទេស​បារាំង បាន​ទទួល​មរណភាព​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ​ទី ៩ កុម្ភៈ​២០២៤ ក្នុង​ជន្មាយុ​៩៥​ឆ្នាំ។ ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង បាន​លំអោន​ចិត្ត​​គោរព និង​ប្រកាស​រៀប​ចំពិធីកាន់​ទុក្ខ​ថ្នាក់​ជាតិ​ជូន​វិញ្ញណក្ខន្ធសព​លោក​រ៉ូប៊ែរ​ បាដាំងទែរ​។ 

លោក Robert Badinter អ្នក​រំលាយ​ច្បាប់​ប្រហារ​ជីវិតបារាំង​ ចូល​មរណកាល​ក្នុង​វ័យ​៩៥​ឆ្នាំ​
លោក Robert Badinter អ្នក​រំលាយ​ច្បាប់​ប្រហារ​ជីវិតបារាំង​ ចូល​មរណកាល​ក្នុង​វ័យ​៩៥​ឆ្នាំ​ © Francois Mori/AP
ផ្សាយពាណិជ្ជកម្ម

កើត​នៅប៉ារីស នា​​ថ្ងៃ​ទី ៣០មីនា​១៩២៨ ​ក្នុង​គ្រួសារ​ជ្វីហ្វ​ ដែល​ទើប​និរទេស​ខ្លួន​ចេញ​ពី​ស្រុក​Bessarabie តំបន់​ដែល​ស្ថិត​នៅ​ចន្លោះ​អ៊ុយក្រែន​និង​រ៉ូម៉ានី​ បច្ចុប្បន្ន​ជា​ដែន​ដី​ម៉ុលដាវី។ ក្នុង​វ័យ​១៥​ឆ្នាំ លោក​បាន​ឃើញ​នឹង​ភ្នែក​ពួកណាហ្ស៊ី​ចាប់​ឪពុកទៅយក​​ជំរំ​ប្រមូល​ផ្តុំ​ជនជាតិ​ជ្វីហ្វ​ Sobibor ​ប្រទេស​ប៉ូឡូញ​​​ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទីពីរ។

ក្រោយ​សង្គ្រាម​ លោក​បាន​ចូល​សិក្សា​នៅសាលា​ច្បាប់ អក្សរសាស្ត្រ​និង​សង្គមវិទ្យា រួច​បាន​ក្លាយ​ជា​​មេធាវីនៅ​តុលាការ​ប៉ារីស​​ ក្នុង​វ័យ​២២​ឆ្នាំ។ ក្នុងពេល​ប្រកប​អាជីព​​ជា​មេធាវី លោក រ៉ូប៊ែរ បាដាំងទែរ បាន​ការពារ​ឥស្សរជន​សំខាន់ៗ ​ក្រុមហ៊ុន​ធំៗផង អ្នក​កាសែត​ល្បីៗ​ផង ព្រមទាំង​ជន​ជាប់​ចោទឧក្រិដ្ឋ​សាមញ្ញៗ​ទៀត ជាមួយ​​ឆន្ទៈនិង​មនសិការ​​ប្រឆាំង​នឹង​ទោស​ប្រហារ​ជីវិត តាំងពី​ឆ្នាំ​១៩៧២មក។​

ដំបូង​ លោក បាដាំងទែរ ប្រឆាំង​នឹង​ទោសប្រហារជីវិត ​នៅក្នុង​រង្វង់​តុលាការ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៨១ នៅពេល​មាន​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​បាន​បញ្ចេញ​គ្រប់​សកម្មភាព​ដើម្បី​លុប​បំបាត់​ទោស​ប្រហារជីវិត។ នៅថ្ងៃទី​១៧​កញ្ញាឆ្នាំ​​១៩៨១ លោករដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​សារដ៏​សន្ធោរសន្ធៅ​អង្រួន​​សភា​ជាតិ​បារាំង៖ “បារាំង​ល្បី​ល្បាញ​ព្រោះ​ជា​ប្រទេស​ទីមួយ​នៅអឺរ៉ុប​ដែល​បាន​លុប​ច្បាប់ធ្វើ​ទារុណកម្ម... បារាំង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែលបាន​​រំលាយ​ច្បាប់​ទាសភាព​ដែល​ជា​អំពើ​ឧក្រិដ្ឋ​គួរ​ខ្មាសអៀន​របស់​មនុស្សជាតិ... តែបើ​មិន​ប្រឹងជំនះ​​ទេ ​បារាំង​អាច​នឹង​ក្លាយ​ជា​ចុងក្រោយ​គេក្នុង​បុព្វហេតុ​លុប​បំបាត់​ទោសប្រហារជីវិត... ថ្ងៃ​ស្អែក​ ដោយ​អ្នក​ តុលាការ​បារាំង​លែង​ជា​តុលាការ​សម្លាប់មនុស្ស។ ថ្ងៃស្អែក ដោយសារ​អ្នក បារាំង​គ្មាន​ភាពអាម៉ាសរួម​ក្នុង​ការ​ប្រហារ​ជីវិត​អ្នក​ទោស​ក្នុង​ពន្ធនាគារ។ ថ្ងៃស្អែក ទំព័រ​យុត្តិធម៌ប្រលាក់​ឈាម​នឹងត្រូវ​បិទ”។  ក្នុង​​រយៈ​ពេល​ពីរ​ម៉ោង សុន្ទរកថា​លោក​បាន​បញ្ឆេះ​និង​បញ្ចុះ​បញ្ចូល​សមាជិក​តំណាង​រាស្ត្រ​ទាំងអស់​ឱ្យ​ហ៊ាន​សម្រេច​ផ្ទុយ​នឹង​មតិសាធារណៈ ព្រម​រំលាយ​ច្បាប់​ប្រហារជីវិត។ នៅទី​បំផុត នៅថ្ងៃទី ៩​ តុលា ១៩៨១ ប្រទេស​បារាំង​បាន​រំលាយ​ច្បាប់​ប្រហារជីវិត​ជា​ផ្លូវការ។

ក្រៅ​អំពី​បុព្វហេតុ​ប្រឆាំង​នឹងច្បាប់​ប្រហារជីវិត លោក រ៉ូប៊ែរ បាដាំងទែរ ក៏​ជា​អ្នក​ការពារ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ដោយ​បាន​ផ្តួចផ្តើម​ធ្វើ​​ច្បាប់​លុប​បំបាត់​និទណ្ឌភាព​​លើ​ស្រ្តី​ឬ​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​។

ចប់​អាណត្តិ​ជា​រដ្ឋមន្ត្រី​ភ្លាម លោកបាដាំងទែរ បាន​ក្លាយ​ជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​រយៈ​ពេល​៩​ឆ្នាំ​ និង​ចូល​រួម​ចំណែក​ដាក់សម្ពាធ​លើ​អ្នក​នយោបាយ។ លោក​បាន​បញ្ឈប់​តួនាទី​ជា​សមាជិក​ព្រឹទ្ធសភា​នោឆ្នាំ​២០១១ តែ​លោក​បន្ត​បញ្ចេញ​សកម្មភាព​ក្រោយ​ឆាករហូត។ នៅ​ឆ្នាំ​២០២១​ ក្នុង​វ័យ​៩៣​ឆ្នាំ​ នា​ឱកាស​ខួប​៤០ឆ្នាំ​នៃ​រំលាយ​ច្បាប់​ប្រហារជីវិត​ លោក​បន្ត​រំលឹក​អំពី​ការ​តស៊ូ​សកល​ ថា​ទោស​ប្រហារជីវិត​ត្រូវ​តែ​រលត់​រលាយ​ពី​ផែនដី​ព្រោះ​ជា​ភាព​ខ្មាសអៀន​របស់​មនុស្សជាតិ។

នៅ​លើ​ឆាក​អន្តរជាតិ លោកធ្លាប់​បាន​បំរើ​បុព្វហេតុយុត្តិធម៌​​អន្តរជាតិ​សម្រាប់​ជួយ​អតីត​យូហ្គោស្លាវី ដោយ​ជួយ​តាក់តែង​រដ្ឋធម្មនុញ្ញ​រ៉ូមានី​ ឬ​ជួយ​ធ្វើ​កំណែទម្រង់​ច្បាប់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​២០០០​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ