អានតួអត្ថបទ

បារាំងបើកពិព័រណ៍កសិកម្ម ឆ្នាំ២០២៤ ក្រោមកំហឹងនិងប៉ះទង្គិចជាមួយកសិករ

ព្រឹក​ថ្ងៃសៅរ៍ ​ទី​២៤កុម្ភៈ​​ ​បារាំងបាន​បើកពិព័រណ៍​កសិកម្ម​ ក្រោម​កំហឹង​របស់​កសិករ​​​​។ កសិករ​បារាំង​ ប្រមូល​​​ផ្តុំគ្នា​សម្តែង​មតិនៅមុខ​រោង​ពិព័រណ៍ក្នុង​ក្រុង​ប៉ារីស ហើយ​ព្យាយាម​ប្រុង​រារាំង​មិន​ឲ្យ​កម្មវិធី​បើកដំណើរការទៅ​​បាន។​ កសិករ​ជាង​១០​នាក់  បាន​ប៉ះ​ទង្គិច​ប្រទាញ​ប្រទង់​​​រុញច្រាន​គ្នា​ជាមួយ​​កង​កម្លាំង​សន្តិសុខ និងត្រូវក្រុម​​សមត្ថ​កិច្ច​​ចាប់​ចេញ​។ ភ្លាមៗ ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង​ ដែលអញ្ជើញ​ទៅ​សម្ពោធ​កម្មវិធីពិព័រណ៍នោះ​ បាន​អំពាវនាវឲ្យ​រក្សាភាព​ស្ងៀមស្ងាត់ និង​សន្យា​ទទួល​ជួប​សហជីព​កសិករ​ ហើយ​ទីបំផុត កម្មវិធី​បើកដំណើរការ​ ដោយ​យឺត​ជាងការ​គ្រោង​ទុក។​​ ​ ​

ឆ្នាំ២០២៤  នៅសាលពិព័រណ៍កសិកម្ម មនុស្សជាង១០នាក់ ​ប៉ះទង្គិចគ្នា វាយតប់តិចតួច ជាមួយពួកកម្លាំងសន្តិសុខ។
ឆ្នាំ២០២៤ នៅសាលពិព័រណ៍កសិកម្ម មនុស្សជាង១០នាក់ ​ប៉ះទង្គិចគ្នា វាយតប់តិចតួច ជាមួយពួកកម្លាំងសន្តិសុខ។ AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

កសិករ​បារាំង​សម្តែង​មតិ​មិន​សប្បាយ​ចិត្ត និងយក​ត្រាក់ទ័រ​មកបាំងបិទផ្លូវ​ នៅមុខ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ Porte de Versailles។​ កសិករ​ខ្លះ​បាន​ព្យាយាមសម្រុក​​ចូល​ក្នុង​សាលពិព័រណ៍​ដោយ​មិនឲ្យ​សន្តិសុខ​ត្រួត​ពិនិត្យ​ឆែកឆេរ​។ អ្ន​កខ្លះទៀត ​ដើរ​សំដៅ​ស្វែងរកជួប​​ប្រធានាធិបតី នៅក្នុង​សាល​ពិព័រណ៍​។ ​​​មនុស្សជាង​១០នាក់​ ក៏​បាន​ប៉ះទង្គិច​គ្នា វាយតប់​តិចតួច ជាមួយ​ពួក​កម្លាំង​សន្តិសុខ។ ​ហេតុការណ៍នេះ​ បណ្តាល​ឲ្យ​ការ​បើក​ដំណើរកម្មវិធី​ពិព័រណ៍​សម្រាប់សាធារណៈជន មាន​ភាព​យឺតយ៉ាវ​។

ក្នុងនិងក្រៅ​សាលពិព័រណ៍ មាន​​យាមកាមពង្រឹង​​សន្តិសុខ​យ៉ាង​ខ្លាំង​។ ​ក្រុម​ប៉ូលិស​ជាច្រើន​ដាក់​ពង្រាយ​យាមល្បាត​។​ ក្រុម​សហជីព​កសិករ​ ដែល​អ្នកកាសែត​អាច​សម្គាល់​បាន គឺ​សហព័ន្ធសម្របសម្រួល​ជនបទ សហជីព​ជាតិ​ផលិត​កម្មកសិកម្ម​ និង សហជីព​កសិករ​វ័យក្មេង។ ខាងក្រៅ​សាលពិព័រណ៍​ ក្រុម​កសិករ​ បាន​ស្រែក​បំពង​សំឡេង​ ហើយ​ប្រកូកប្រកាស​ឲ្យ​«ប្រគល់ខ្លួន​លោក ម៉ាក្រុង ទៅពួក​គេ»។ ពួក​គេក៏​ស្រែក​ព្រមទាំង​សរសេរ​បដាថា​ «ប្រធានាធិបតី​ត្រូវ​ចុះ​ចេញពីតំណែង»។ ​លោក Arnaud Gaillot អ្ន​កតំណាង​កសិកម្ម​ម្នាក់ បាន​លើកឡើងប្រាប់​អ្នក​កាសែត​បារាំង​ថា «ពួក​យើងកសិករ​​ត្រូវការ​ចម្លើយ​ច្បាស់លាស់ ត្រូវការ​ទស្សនវិស័យ​ប្រាកដប្រជា ហើយ​និង​មាន​​មធ្យោបាយគន្លឹះ​​ជា​ស្រេច​ដើម្បី​នាំមកនូវ​ដំណោះស្រាយ​។ គន្លឹះ​១ធំ គឺ​នៅ​លើ​ប្រធានាធិបតី»។​  

ប្រធានាធិបតី​បារាំង​​​ដែល​អញ្ជើញ​ទៅ​សម្ពោធ​កម្មវិធីពិព័រណ៍ ​បាន​អំពាវនាវឲ្យ​រក្សាភាព​ស្ងៀមស្ងាត់ ហើយ​លោក អេម៉ានុយអែល ម៉ាក្រុង ​​បាន​បើកការ​ជជែក​ពិភាក្សា​ដេញដោល​គ្នា​ជាមួយ​កសិករ​មួយ​ចំនួននៅ​សាល​ពិព័រណ៍​តែម្តង។ ទោះយ៉ាងនេះក្តី​ លោក ម៉ាក្រុង​ ​បញ្ជាក់​ថា​ ​​ត្រឹម​តែ​ប៉ុន្មាន​២-៣ម៉ោង​ ​មិនអាច​ដោះស្រាយ​វិបត្តិកសិកម្ម​ទាំងមូល​រួច​នោះឡើយ ដ្បិត​ថា​គេត្រូវ​យល់​ដឹង​ទូលំ​ទូលាយ​ពី​ទិដ្ឋភាព​ច្បាប់ វិធានការបទដ្ឋាននានាទាក់ទង​​ផលិត​កម្ម​​និងចំណីអាហារ​។ល។ ដូច្នេះហើយ ទើប​លោកប្រមុខរដ្ឋបារាំងបាន​​សន្យា​ទទួល​ជួបជាមួយ​ក្រុម​សហជីព​កសិករគ្រប់​ភាគី​ នៅវិមាន​ប្រធានាធិបតី ក្នុង​អំលុង​ពេល​ ៣ សប្តាហ៍ ខាងមុខ ដើម្បីជជែកគ្នាលម្អិត​​ និង រក​ដំណោះស្រាយ​វិបត្តិកសិកម្ម។​

ពិព័រណ៍​កសិកម្មបារាំង រៀបចំ​ឡើង​រៀងរាល់ឆ្នាំ។ ឆ្នាំនេះ ជួប​វិបត្តិ​ជាច្រើន​សប្តាហ៍​មកហើយ ព្រោះតែប្រជា​​កសិករ បាន​ធ្វើ​បាតុកម្ម​បិទផ្លូវជាតិនានា សម្តែង​មតិ​​​អំពី​ផលលំបាក​ក្នុង​ដំណើរការ​ផលិត​កម្ម រៀប​រាប់​​អី​ទុក្ខលំបាក​ក្នុងជីវភាព ហើយ​និង​បញ្ចេញការ​មិនពេញចិត្ត​​ប្រឆាំង​នឹង​នយោបាយ​កសិកម្ម​​របស់​រដ្ឋាភិបាល​។​ ក្នុង​​ប្រទេស​មួយ​ចំនួន​​នៅអឺរ៉ុប ក៏​មាន​ចលនា​កសិករ​ងើប​ឈរ​ធ្វើ​បាតុកម្ម ជាច្រើន​​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ