អានតួអត្ថបទ
បារាំង-សង្គ្រាមអ៊ុយក្រែន

ប៉ារីស​បើក​ជំនួប​ប្រជុំ​អន្តរជាតិ​ដើម្បី​រក​វិធី​ជួយ​អ៊ុយក្រែនប្រកប​ដោយ​ប្រសិទ្ធភាព

ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ជាង​២០ប្រទេស​ ភាគ​ច្រើន​ជា​​អឺរ៉ុប បាន​មក​ជួប​ប្រជុំ​គ្នា​នៅក្រុង​ប៉ារីស តាម​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ កម្មវត្ថុ​នៃ​ជំនួប​ គឺ​ដើម្បី​បញ្ជាក់​អំពី​សាមគ្គីភាព​របស់​លោក​ខាង​លិច​ចំពោះ​អ៊ុយក្រែន និង​រិះ​រក​មធ្យោបាយ​ជួយ​អ៊ុយក្រែន​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រោះ​បើ​តាម​លោក​ប្រធានាធិបតី​ ហ្សេឡេនស្គី ជោគជ័យរបស់​អ៊ុយក្រែន​អាស្រ័យ​លើ​សម្ព័ន្ធមិត្ត។

លោកប្រធានាធិបតី​បារាំង​និង​សមភាគី​អ៊ុយក្រែន នៅវិមាន​អេលីហ្សេ ថ្ងៃទី ១៦ កុម្ភៈ ២០២៤
លោកប្រធានាធិបតី​បារាំង​និង​សមភាគី​អ៊ុយក្រែន នៅវិមាន​អេលីហ្សេ ថ្ងៃទី ១៦ កុម្ភៈ ២០២៤ AFP - DIMITAR DILKOFF
ផ្សាយពាណិជ្ជកម្ម

ក្រោម​ការ​ផ្តួច​ផ្តើម​របស់​ប្រធានាធិបតី​បារាំង មេដឹកនាំប្រទេសភាគ​ច្រើន​​នៅ​អឺរ៉ុប​​មាន​ជា​អាទិ៍ប្រមុខរដ្ឋាភិបាល ​អាល្លឺម៉ង់ ប្រធានាធិបតី​ប៉ូឡូញ នាយក​​រដ្ឋមន្ត្រីនៃ​១៥​ប្រទេស​ជា​សមាជិកសហភាពអឺរ៉ុប ព្រមទាំង​ប្រមុខ​ការទូត​អង់គ្លេស និង​តំណាង​អាមេរិកកាណាដា បាន​បង្ហាញវត្តមាន​នៅ​វិមាន​អេលីហ្សេ ក្នុង​​ជំនួប​ដែល​មាន​លក្ខណៈ​ពិសេស​ប្លែក។

ថ្វីបើ​គ្មាន​គម្រោង​ប្រកាសបន្ថែម​​ជំនួយ​ថ្មី​មែន​ តែ​ជំនួប​នេះ​រៀប​ចំឡើង​ក្នុង​បំណង​ពិនិត្យ​ពិច័យអំពី​មធ្យោបាយ​ និង​រិះរកវិធី​​​ជួយ​អ៊ុយក្រែន​ ដោយ​ជាក់​ស្តែង​និង​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ខណៈ​ដែល​អ៊ុយក្រែន​កំពុង​ខ្វះ​អាវុធ ខ្វះ​គ្រាប់​និង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​នៅលើ​សមរភូមិ។ នេះ​ជា​ឱកាស​ដែល​​​​អឺរ៉ុបចង់បញ្ជាក់អំពី​សាមគ្គីភាព​​និង​បង្ហាញសកម្មភាពគាំទ្រ​ ​មិនថម​ថយ​ក្នុងការ​ជួយ​​អ៊ុយក្រែនរហូត​ទាល់​តែអំពើ​ឈ្លានពាន​​​រុស្ស៊ីបរាជ័យ​។ រុស្ស៊ី​មិន​អាច​ទទួល​ជោគជ័យ​លើ​អ៊ុយក្រែន​បានទេ។ ​នេះ​ជា​ការ​គូស​បញ្ជាក់​របស់​វិមាន​ប្រធានាធិបតី​បារាំង។

​ជោគជ័យឬ​បរាជ័យ​​របស់អ៊ុយក្រែន​អាស្រ័យ​លើ​អ្នក​! នេះ​ជា​ប្រសាសន៍​របស់​លោក​ហ្សេឡេនស្គី​ ប្រធានាធិបតី​អ៊ុយក្រែន ដែល​ចូល​រួម​ក្នុង​ជំនួប​ក្រុង​ប៉ារីស​តាម​ប្រព័ន្ធវីដេអូ។ មុន​ជំនួប​ក្រុង​ប៉ារីស លោក​ហ្សេឡេនស្គី​បានធ្វើ​​សន្និសីទកាសែតរៀប​រាប់​​ថា ស្ថានភាព​លំបាក​របស់​យោធា​អ៊ុយក្រែននៅលើ​សមរភូមិ និង​​ផែនការ​វាយបក​រំដោះ​ទឹក​ដី​​ត្រូវ​បរាជ័យ​កាលពីរដូវ​ក្តៅ២០២៣ ដោយ​ហេតុ​តែមានការលេច​ធ្លាយព័ត៌មាន​រុស្ស៊ី​ដឹង​ការណ៍​សម្ងាត់​មុន ហើយ​​ជំនួយ​របស់​លោក​ខាង​លិច​មក​យឺត​យ៉ាវ​ខ្លាំង។ ជំនួយ​អាវុធ​យុទ្ធភណ្ឌ​របស់​​ក្រុម​ប្រទេសអឺរ៉ុប​បាន​មក​ដល់​អ៊ុយក្រែន​ទាន់​ពេល​វេលា​តែ​ប្រមាណ​៥០%​ប៉ុណ្ណោះ ទើប​កងកម្លាំង​អ៊ុយក្រែន​ត្រូវ​បាត់បង់​យោធា​ និង​បាត់​បង់​ដី​ទៅវិញ។ បើ​តាម​លោក​ហ្សេឡេនស្គី សង្គ្រាម​ពីរ​ឆ្នាំ​នេះ​បាន​សម្លាប់​ជីវិត​យោធា​អ៊ុយក្រែន​អស់​៣១០០០នាក់។ តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​​លោក​ជឿជាក់​ជា​និច្ច​ថាសភា​​អាមេរិក​នឹង​ព្រម​អនុម័ត​កញ្ចប់​ជំនួយ​តម្លៃ​៦០ពាន់​លាន​សម្រាប់​អ៊ុយក្រែន។

សម្រាប់​​អ្នក​វិភាគ ដោយហេតុ​តែការគាំទ្រ​ហិរញ្ញវត្ថុដ៏​ចម្បង​​របស់​អាមេរិក​ចំពោះ​អ៊ុយក្រែន​ ត្រូវ​ជាប់​គាំង​នៅសភា ហើយ​ដំណើរ​ផ្លូវ​របស់​​​លោក​ដូណាល់​ត្រាំអាច​​ត្រលប់មក​សេតវិមាន​វិញ​​កាន់​ស្រលះ អឺរ៉ុបកំពុង​បែក​ញើស និង​ព្រួយ​បារម្ភ​ខ្លាំង ទើប​ត្រូវ​ប្រឹង​ពង្រឹង​ខ្លួន​ឯង​ រៀប​ចំ​ជំនួប​ថ្ងៃ​នេះដើម្បី​អ៊ុយក្រែន ទល់​​នឹងអាមេរិក​មុន​ត្រលប់​មក​កាន់​អំណាច​ជា​យថាហេតុ​វិញ​របស់​លោក​ត្រាំ។ ទំនាក់ទំនង​រវាង​លោកត្រាំ​និង​អឺរ៉ុប​មិន​ដែល​រលូន​​ល្អ​ទេ។ លោក​ត្រាំ​អួត​អាង​ថា​នឹង​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន​បាន​ដោយ​ប្រើពេល​តែ​២៤​ម៉ោង គឺ​ពុះ​ចែក​អ៊ុយក្រែន​ជា​ពីរ​ ដែល​ផ្ទុយ​ស្រលះ​នឹង​សណ្តាប់​ធ្នាប់អន្តរជាតិ​ សម្រាប់​ក្រសែ​ភ្នែក​អឺរ៉ុប។ ​នេះ​បើ​តាម​ទស្សនៈ​របស់​លោក​ André Filler សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ភូមិសាស្ត្រ​នយោបាយ​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ