អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

លោក​ប្រធានាធិបតី​អ៊ុយក្រែន អំពាវនាវសុំអាវុធ ពី​បណ្តាប្រទេសតំបន់​បាល់កង់

លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានទៅចូលរួម​ជំនួប​កំពូលនៃប្រទេសតំបន់បាល់កង់ ដែលរៀបចំធ្វើនៅទីក្រុង ទីរ៉ាណា ប្រទេសអាល់បានី កាលពីថ្ងៃពុធ ទី​២៨​កុម្ភៈ។ នៅក្នុង​ឱកាស​នោះ លោក​ហ្សេឡេនស្គី បានថ្លែងអំពាវនាវ សុំ​ឲ្យ​បណ្តាប្រទេស​តំបន់​បាល់កង់ ជួយ​ផ្តល់​គ្រាប់​និង​អាវុធឲ្យ​អ៊ុយក្រែន​បន្ថែមទៀត ដើម្បីតស៊ូប្រយុទ្ធទល់នឹងការឈ្លានពានរបស់រុស្ស៊ី​។ បន្ថែមពីនេះ លោក​ហ្សេឡេនស្គី បានលើកឡើងអំពីគម្រោង​ រៀបចំជា​ឧស្សាហកម្ម​សព្វា​វុធ​ នៅក្នុងតំបន់អឺរ៉ុបភាគអាគ្នេយ៍នេះ ដើម្បី​បន្ថែម​កម្លាំងផ្គត់​ផ្គង់ឲ្យ​បាន​កាន់តែច្រើន​។​

លោក​នាយករដ្ឋមន្ត្រីអាល់បានី Edi Rama ក្នុងពេលថ្លែងសុន្ទរកថារួមគ្នា ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី ក្នុងឱកាសជំនួបកំពូលប្រទេសអឺរ៉ុបអាគ្នេយ៍។ ទីក្រុង​ទីរ៉ាណា អាល់បានី ថ្ងៃទី​២៨ កុម្ភៈ ២០២៤
លោក​នាយករដ្ឋមន្ត្រីអាល់បានី Edi Rama ក្នុងពេលថ្លែងសុន្ទរកថារួមគ្នា ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី ក្នុងឱកាសជំនួបកំពូលប្រទេសអឺរ៉ុបអាគ្នេយ៍។ ទីក្រុង​ទីរ៉ាណា អាល់បានី ថ្ងៃទី​២៨ កុម្ភៈ ២០២៤ AP - Armando Babani
ផ្សាយពាណិជ្ជកម្ម

ថ្លែងទៅកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាល​ក្រូអាស៊ី អាល់បានី ស៊ែរប៊ី កូសូវ៉ូ និង​បូសនី លោក​វ្លូឌីមៀរ ហ្សេឡេនស្គី បានទទួលស្គាល់ថា បច្ចុប្បន្ននេះ​ កងទ័ពអ៊ុយក្រែនកំពុងតែជួបការលំបាក​នៅសមរភូមិ។ ការលំបាក​ដែលបណ្តាល​មកពី បញ្ហាខ្វះ​គ្រាប់ប្រយុទ្ធ។ លោក​ហ្សេឡេនស្គី បានបន្ថែមថា រដ្ឋាភិបាលលោក មានបំណង​រៀបចំ​វេទិកាជជែកមួយ រវាងអ៊ុយក្រែន និ​ងក្រុមប្រទេសតំបន់​បាល់កង់ ស្តីអំពី​ឧស្សាហកម្មយោធា។ លោកហ្សេឡេនស្គី បានអះអាងថា ប្រទេសខ្លះ​ក្នុងតំបន់នេះ​ អាចមានសមត្ថភាពនិងលទ្ធភាពធំ ក្នុងការផលិត​គ្រាប់​។

សូមបញ្ជាក់ថា លោក​ប្រធានាធិបតីអ៊ុយក្រែន កំពុងតែធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ ដើម្បី​ថ្លែងសារនិងអំពាវនាវ ឲ្យ​គ្រប់គ្នាជួយ​ប្រទេសលោក ដែល​កំពុងតែរងគ្រោះដោយសារតែ​សង្គ្រាមឈ្លានពានរបស់រុស្ស៊ី​។ មុននឹងទៅដល់​អាល់បានី កាលពីថ្ងៃពុធ លោក​ហ្សេឡេនស្គី បានធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីត​។ ហើយ​មុនពេល​ចូលរួមជំនួប​កំពូល​ក្រុមប្រទេសបាល់កង់ លោក​ហ្សេឡេនស្គី បាន​ប្រជុំទ្វេភាគីជាមួយ លោក​នាយករដ្ឋមន្ត្រីអាល់បានី។

ចេញពីការប្រជុំនេះ លោក​ហ្សេឡេនស្គី បានប្រាប់អ្នកកាសែត ថាអាល់បានីគឺជាប្រទេស​លំដាប់ទី​៣ ដែលបានជួយអ៊ុយក្រែនច្រើនជាងគេបង្អស់ បើ​គិតពី​ទំហំសមាមាត្រនៃចំនួន​ប្រជាជន​។ តាំងតែពីភ្លាមៗ ក្រោយ​ការឈ្លានពានរបស់រុស្ស៊ី អាល់បានីបានបញ្ជូនអាវុធ គ្រាប់កាំភ្លើង និងរថក្រោះទៅជួយ​អ៊ុយក្រែន​។ លោកហ្សេឡេនស្គី បានអះអាងដែរថា ក្នុងពេល​ប្រជុំ លោក​និង​លោកនាយករដ្ឋមន្ត្រីអាល់បានី Edi Rama បាននិយាយគ្នាអំពីលទ្ធភាព​នៃការរួមគ្នា​​​​ផលិត​​​​អាវុធ​។​

គួរបញ្ជាក់ដែរថា ជំនួយយោធាទៅ​ឲ្យ​អ៊ុយក្រែន គឺជាសំណុំរឿងដែលកំពុងត្រូវ​បាន​គេ​ជជែក ​យ៉ាងសកម្ម​នៅអឺរ៉ុប បន្ទាប់ពីកញ្ចប់ថវិកា​ពី​​សហរដ្ឋអាមេរិកឯណោះ ត្រូវជាប់គាំងនៅឯសភាខុសហ្ក្រេស។ នៅអឺរ៉ុប ​សាធារណរដ្ឋឆែក បាន​ស្នើគំនិតថា ត្រូវចូលប្រាក់គ្នា ទិញ​គ្រាប់ដែលផលិតនៅ​ក្រៅអឺរ៉ុប ហើយ​បញ្ជូន​យក​ទៅ​ឲ្យ​អ៊ុយក្រែន​។ សំណើរយោបល់របស់សាធារណរដ្ឋឆែកនេះ ត្រូវបានគេលើកយកទៅជជែក​ កាលពីជំនួប​កំពូលស្តីពីសន្តិសុខ នៅទីក្រុងមុយនីឆ ថ្ងៃទ១៧ដល់១៩កុម្ភៈ។ ប្រទេសសមាជិក​អឺរ៉ុបខ្លះបាន​ បង្ហាញជំហរគាំទ្រគំនិតនេះ​។​

លោក​ Petr Pavel ប្រធានាធិបតី​ឆែក បានអះអាងថា ឆែក ដាណឺម៉ាក និង​​កាណាដា បានប្រមូលព័ត៌មាន​បានថា គេអាចប្រមូលទិញ​គ្រាប់ទំហំ១៥៥មីលីមែត្រចំនួន​កន្លះលានគ្រាប់ និង​គ្រាប់ទំហំ​១២២មីលីមែត្រ ចំនួន​៣សែន​គ្រាប់ ក្នុងរយៈពេល​ត្រឹមតែប៉ុន្មានសប្តាហ៍​ ដើម្បីយកទៅជួយអ៊ុយក្រែន ប្រសិន​បើគេអាចប្រមូល​ប្រាក់​ បានគ្រប់គ្រាន់ភ្លាម​ៗ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ