អានតួអត្ថបទ
បារាំង-អប់រំ

ជីវិត​គ្រូ​បង្រៀន​ប្រឈម​នឹង​ការ​គំរាម​កំហែង បារាំង​រឹត​បន្តឹង​សន្តិសុខ​នៅ​សាលារៀន

នៅបារាំង រដ្ឋាភិបាល​រឹតបន្តឹង​សន្តិសុខ​នៅតាម​សាលារៀន នៅ​បន្ទាប់ពី​មាន​ការ​គំរាម​កំហែង​អាយុ​ជីវិត​ដល់​គ្រូ​បង្រៀន​។  ក្នុង​សប្តាហ៍​នេះ សិស្សវិទ្យាល័យ​និង​ក្មេងជំទង់​ ៣នាក់ ត្រូវ ​តុលាការ ​សួរ​ច​ម្លើយ ជុំវិញ​ការ​បញ្ចេញ​សារ​ និង​សញ្ញា​សកម្មភាព​គំរាមកំហែង​ភេរវកម្ម និងគំរាមកំហែងដល់អាយុជីវិត​បុគ្គលិក​សិក្សា។​ ស្រប​​គ្នា​នេះដែរ​ លោកស្រី​រដ្ឋមន្ត្រី​អប់រំ​បារាំង ក៏​បាន​ប្រកាស​ពី​ការ​បង្កើតកង​កម្លាំង​អន្តរាគមន៍​ពិសេសចុះ​ចល័ត​ក្នុងសាលា​រៀន​តែម្តង ក្នុង​ករណីចាំបាច់ ​មាន​សញ្ញាអាសន្ន​។​ ​

ជីវិត​គ្រូ​បង្រៀន​ប្រឈម​នឹង​ការ​គំរាម​កំហែង, បារាំង​រឹត​បន្តឹង​សន្តិសុខ​នៅ​សាលារៀន។
ជីវិត​គ្រូ​បង្រៀន​ប្រឈម​នឹង​ការ​គំរាម​កំហែង, បារាំង​រឹត​បន្តឹង​សន្តិសុខ​នៅ​សាលារៀន។ © DENIS CHARLET / AFP
ផ្សាយពាណិជ្ជកម្ម

 

យ៉ាងហោច សិស្សវិទ្យាល័យនិងក្មេងជំទង់ ៣នាក់ អាយុចន្លោះ​ពី ១៥ ដល់​១៧ឆ្នាំ ត្រូវ​ ចៅក្រម​បារាំង​ បើ​កនិតី​វិធី​សួរ​ចម្លើយ ជុំវិញ​ការ​បញ្ចេញសារ និងសញ្ញា​សកម្មភាព​គំរាម​កំហែងភេរវកម្ម, ប្រកាស​ដំណឹង​អាសន្ន​គំរាមកំហែងដល់​អាយុជីវិតបុគ្គលិកសិក្សា។ ប្រភព​ពីរដ្ឋាភិបាលនិង​តំណាង​អយ្យការបារាំង​ ក្មេង​ជំទង់​ទាំង៣នោះ សុទ្ធ​តែ​នៅ​តំបន់​ដាច់​ដោយឡែក​ពីគ្នា។ ម្នាក់​អាយុ​១៦ឆ្នាំ នៅ​ខេត្ត​ប័រដូរ ប៉ែក​អាគ្នេយ៍បារាំង  ត្រូវ​នគរបាល​ចាប់ឃុំ​ខ្លួន​ ពីបទ​គំរាមកំហែង​បង្កគ្រោះថ្នាក់ដល់​អាយុជីវិត និង​បញ្ចេញ​សាធារណៈ​ពី​សកម្មភាព​ភេរវកម្ម​។ ម្នាក់​ទៀត អាយុ​១៥ឆ្នាំ ​នៅ​ខេត្ត​អាល់ស្សាស ខាងកើត​បារាំង។ មុនត្រូវ​ចាប់ខ្លួនសួរចម្លើយ​ រូបគេ​នោះបាន​ប្រកាស​​អាសន្ន​​ថាមាន​គ្រាប់បែក​ផ្ទុះ​នៅវិទ្យាល័យ​២កន្លែង ក្នុង​ក្រុងនិងជាយក្រុង​មឺឡូស។ រូប​គេ​ត្រូវ​នគរបាល​ចាប់ខ្លួន ពីថ្ងៃ​ព្រហស្បតិ៍ និងដាក់ក្រោម​ការ​ត្រួត​ពិនិត្យ​របស់តុលាការ។ ថ្ងៃទី​២៨មីនាដដែល នៅជាយក្រុង​ប៉ារីស​ នគរបាល​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​តាម​អាំងទែរនែត ​បាន​​ចាប់​ខ្លួន​​យុវសិស្សម្នាក់​ទៀត។ ក្មេងជំទង់​​អាយុ​១៧ឆ្នាំរូប​នេះ​ ​ត្រូវបង្ហាញ​ខ្លួន​ចំពោះមុខ​ចៅក្រម​ស៊ើប​សួរ​ នៅថ្ងៃសៅរ៍​ ទី​៣០មីនា។​

នៅបារាំង ក្នុង​ពេល​ជាង​១សប្តាហ៍​ចុងក្រោយ​នេះ មានគ្រឹះស្ថាន​សិក្សា​ ជាង១៥០កន្លែង រង​សញ្ញា​​​គួរ​ឲ្យ​ព្រួយ​បារម្ភ​​ពី​សកម្មភាព​វាយប្រហារ​និងគំរាមកំហែង​។​ ហេតុ​ដែល​បណ្តាល​ឲ្យ​ចលាច​ល​ខ្លាំងនិងព្រួយ​បារម្ភ​សុវត្ថិភាព​នៅសាលា​រៀន  ដើមហេតុគឺ​កាល​ពី​សប្តាហ៍​មុន នៅក្នុង​វិទ្យាល័យ​ថ្នាក់​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ១ ​ជាយ​ក្រុង​ប៉ារីស  មាន​​សិស្ស​​ស្រី​ម្នាក់​​កាន់​សាសនា​អ៊ីស្លាម ត្រូវ ​នាយក​សាលា ​បញ្ជា​ហាម​មិន​ឲ្យ​​ទទូល​ក្រដាត់​ជូត​ក្បាលចូល​សាលា​រៀន​។​ នាង​យករឿងនេះទៅប្រាប់​បង​ប្រុស ហើយ​ក៏​បង្កជាហេតុ​​កំហែង​គំរាម​សម្លាប់​នាយកសាលា​។ ទីបំផុត លោកនាយកសាលា​​ ក៏​បាន​សុំ​លាឈប់ពី​តួនាទី​ នៅ​មុន​អាយុចូលនិវន្តន៍ ព្រោះតែ​ព្រួយ​បារម្ភ​ពីសុវត្ថិភាពអាយុជីវិត។ រដ្ឋាភិបាល​បារាំង​គាំទ្រ​ស្មារតី​លោក​នាយក​និង​បុគ្គលិកសិក្សា ហើយ​ប្រមុខរដ្ឋាភិបាល លោក​ ហ្កាប៊្រីយែល អាតតាល់  បាន​ប្រកាស​ដាក់​ពាក្យ​ប្តឹង​ក្មេង​ស្រី​សិស្ស​សាលា​នោះ​ ទៀត​ផង។​

ប្រមុខរដ្ឋាភិបាល លោក ហ្កាប៊្រីយែល អាតតាល់  បានប្រកាសដាក់ពាក្យប្តឹងក្មេងស្រីសិស្សសាលាម្នាក់ ជាដើមហេតុ​នៃការ​គំរាម​សម្លាប់​គ្រូនាយកសាលា ពី​សប្តាហ៍មុន។
ប្រមុខរដ្ឋាភិបាល លោក ហ្កាប៊្រីយែល អាតតាល់ បានប្រកាសដាក់ពាក្យប្តឹងក្មេងស្រីសិស្សសាលាម្នាក់ ជាដើមហេតុ​នៃការ​គំរាម​សម្លាប់​គ្រូនាយកសាលា ពី​សប្តាហ៍មុន។ AP - Ludovic Marin

ក្រសួង​អប់រំ ក្រសួងមហាផ្ទៃ ក្រសួង​យុត្តិធម៌ រួម​ទាំង​បណ្តា​នាយកសាលា និង​ចៅហ្វាយខេត្ត​នានា បាន​រួម​ប្រជុំគ្នាដើម្បី​រិះរក​ចំណាត់​ការ​និង​វិធានាការ​សុវត្ថិភាព​រួម​គ្នា ​​ក្នុង​សប្តាហ៍​នេះ។ ដើម្បីធានា​ទំនុក​​ចិត្ត​ផ្នែក​សន្តិសុខ​សុវត្ថិភាព​ ដល់​គ្រូ​បង្រៀន​និង​បុគ្គលិក​សិក្សា​ រដ្ឋមន្ត្រី​ក្រសួង​សិក្សាធិការ​ជាតិ លោកស្រី នីកូល បេល្លូបេត៍ បាន​ប្រកាសកាលពីថ្ងៃសុក្រ​ បង្កើត​កងកម្លាំង​អន្តរាគមន៍​ពិសេស​ចល័ត​តាម​សាលារៀន​ ហើយ​និង​ចូលអន្តរាគមន៍​ល្បាត​​ក្នុងសាលា​រៀនតែម្តង ក្នុងករណី​ចាំបា​ច់។​ ការប្រកាស​នេះធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ចរបស់​លោកស្រី​រដ្ឋមន្ត្រី​អប់រំ​​ទៅ​ខេត្ត​ប័រដូរ ជាទី​ដែលយុវសិស្ស​ម្នាក់​ ​បញ្ចេញ​សារ​​គំរាម​កំហែង​អំពើ​ភេរវកម្ម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ