អានតួអត្ថបទ
ប៉ូឡូញ-សង្រ្គាមអ៊ុយក្រែន

នាយករដ្ឋមន្រ្តីប៉ូឡូញព្រមានថា អឺរ៉ុបកំពុងដើរចូលក្នុងសម័យមុនសង្រ្គាម

នៅក្នុងបទសម្ភាសន៍​របស់​លោក​ជាមួយ​សម្ព័ន្ធកាសែត​អឺរ៉ុប កាលពីថ្ងៃ​សុក្រ​ទី​២៩មីនា នាយករដ្ឋមន្រ្តីប៉ូឡូញ លោក​Donald Tusk បាន​ព្រមានប្រាប់បណ្តាប្រទេស​អឺរ៉ុប​ឲ្យត្រៀមខ្លួន​សម្រាប់សង្រ្គាមជាមុន ព្រោះថា សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន ជាង​២ឆ្នាំមកនេះ បង្ហាញថា សង្រ្គាម​លែងជា​កុងសិប​អតីតកាលតទៅទៀតហើយ ប៉ុន្តែ ជារឿងដែលអាច​កើតឡើងពិតៗ​នៅអឺរ៉ុប។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​ប៉ូឡូញ វាជារឿងចាំបាច់បំផុត​ដែល​អឺរ៉ុបត្រូវ​ជួយ​អ៊ុយក្រែន ព្រោះថា បើសិន​អ៊ុយក្រែន​ចាញ់រុស្ស៊ី នៅក្នុង​សង្រ្គាម នោះ គ្មានប្រទេស​អឺរ៉ុប​ណាមួយដែល​មាន​សុវត្ថិភាព​នោះ​ទេ។

ប្រមុខ​រដ្ឋាភិបាល​ប៉ូឡូញថា វាជារឿងចាំបាច់បំផុត​ដែល​អឺរ៉ុបត្រូវ​ជួយ​អ៊ុយក្រែន ព្រោះថា បើសិន​អ៊ុយក្រែន​ចាញ់រុស្ស៊ី នៅក្នុង​សង្រ្គាម នោះ គ្មានប្រទេស​អឺរ៉ុប​ណាមួយដែល​មាន​សុវត្ថិភាព​នោះ​ទេ។
ប្រមុខ​រដ្ឋាភិបាល​ប៉ូឡូញថា វាជារឿងចាំបាច់បំផុត​ដែល​អឺរ៉ុបត្រូវ​ជួយ​អ៊ុយក្រែន ព្រោះថា បើសិន​អ៊ុយក្រែន​ចាញ់រុស្ស៊ី នៅក្នុង​សង្រ្គាម នោះ គ្មានប្រទេស​អឺរ៉ុប​ណាមួយដែល​មាន​សុវត្ថិភាព​នោះ​ទេ។ REUTERS - Viacheslav Ratynskyi
ផ្សាយពាណិជ្ជកម្ម

មានព្រំដែន​ជាប់​អ៊ុយក្រែន​ដែល​កំពុង​រងគ្រោះដោយសារ​ការការវាយប្រហារ​គ្រាប់មីស៊ីល​របស់​រុស្ស៊ី​សឹងជា​រៀងរាល់ថ្ងៃ ប៉ូឡូញ​ឃើញ​ភ្លើងសង្រ្គាម​ឆាបឆេះ នៅមុខ​របង​ទ្វារផ្ទះ​របស់​ខ្លួន។ នៅថ្ងៃអាទិត្យ​កន្លងទៅ ប៉ូឡូញ​​ទើបដំឡើងកំរិត​ត្រៀមអាសន្ន​បន្ថែមទៀត នៅតាម​ព្រំដែន​ជាប់​អ៊ុយក្រែន បន្ទាប់ពី​រុស្ស៊ី​បាញ់ស្រោច​មីស៊ីល​សំដៅ​ទីក្រុង​កៀវ និងទីក្រុង​លីវ ជាប់ព្រំដែន​ប៉ូឡូញ។ ប្រព័ន្ធការពារ​អាកាសរបស់​ប៉ូឡូញ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការភ្លាមៗ បន្ទាប់ពី​មីស៊ីល​បណ្តែតរបស់​រុស្ស៊ី ដែលសំដៅ​វាយប្រហារ​ទីក្រុង​អ៊ុយក្រែន បាន​ហោះចូល​ក្នុងដែនអាកាសប៉ូឡូញ​រយៈពេល​៣៩វិនាទី​

ឈរនៅជួរមុខគេ ប្រឈម​នឹង​ការហោះរំលោភ​ចូល​មីស៊ីល​រុស្ស៊ី ក្នុង​ដែន​អាកាស​របស់ខ្លួន​ជាញឹកញាប់ ប៉ូឡូញ​គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​ពង្រឹង​ប្រព័ន្ធ​ការពារជាតិ និង​ប្រឹងប្រែង​បញ្ចុះបញ្ចូល​ឲ្យគេ​ជួយ​អ៊ុយក្រែន។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​សម្ព័ន្ធអ្នកកាសែតអឺរ៉ុប Lena (Leading European Newspaper Alliance) កាលពី​ថ្ងៃ​សុក្រ ទី ២៩​មីនា នាយករដ្ឋមន្រ្តី​ប៉ូឡូញ លោក​Donald Tusk បានអំពាវនាវ​សាជាថ្មី​ឲ្យគេ​ប្រឹង​ជួយ​អ៊ុយក្រែន ព្រោះថា បើសិន​អ៊ុយក្រែន​ចាញ់រុស្ស៊ី នៅក្នុងសង្រ្គាម​លើកនេះ គ្មានអ្នកណាម្នាក់​នៅអឺរ៉ុប​ដែលមាន​សុវត្ថិភាពនោះទេ។

ធ្លាប់ជា​អតីត​ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោក​នាយករដ្ឋមន្រ្តីប៉ូឡូញ​ជា​ថ្នាក់ដឹកនាំ​ប៉ូឡូញ​ម្នាក់ដែល​ឈ្មុសឈ្មុល​ខ្លាំង ក្នុងរឿងជំរុញ​ឲ្យ​អឺរ៉ុប​ពង្រឹង​វិស័យកងទ័ព នៅចំពោះមុខការគំរាមកំហែង​របស់​រុស្ស៊ី។ បើតាម​នាយក​រដ្ឋមន្រ្តីប៉ូឡូញ លោកមិន​ចង់​និយាយ​បំភ័យ​ឲ្យគេ​ខ្លាចនោះទេ ប៉ុន្តែ សម្រាប់លោក សង្រ្គាម​នៅទឹកដីអឺរ៉ុប លែង​ជា​កុងសិប​អតីតកាល​ទៀតហើយ។ វា​ជារឿងពិត ដែលកំពុងកើតឡើង នៅ​ជាង​២ឆ្នាំមកនេះ ចាប់តាំងពី​រុស្ស៊ីធ្វើសង្រ្គាមចូលឈ្លានពាន​អ៊ុយក្រែន។ អ្វីដែលគេព្រួយបារម្ភជាងគេនៅពេលនេះ នៅត្រង់ថា គ្រប់សេណារីយ៉ូ​អាចកើតឡើង។ អឺរ៉ុប​មិនដែល​ជួបស្ថានភាពបែបនេះ ទេ គិតចាប់តាំង​ពី​ចប់សង្រ្គាមលោកលើកទី២។ សម្រាប់​នាយករដ្ឋមន្រ្តី​ប៉ូឡូញ លោក​មិន​ចង់និយាយ​បំភ័យ​ឲ្យគេ​ខ្លាច​នោះទេ។ ពាក្យសង្រ្គាមនេះ ស្តាប់ទៅ ធ្វើឲ្យគេខ្លោចផ្សា​ខ្លាំងណាស់ ជាពិសេស​សម្រាប់​យុវជនជំនាន់ក្រោយ។ ប៉ុន្តែ បើតាមយោបល់​របស់លោក គេ​ត្រូវផ្សាំ រស់នៅ​ជាមួយ​គំនិត​ដែលថា អឺរ៉ុប​​ពេលនេះ កំពុង​ដើរចូល​ក្នុងសម័យ​មួយ​ថ្មី គឺ​សម័យមុន​សង្រ្គាម។

ចាប់តាំង​ពី​ឈ្នះឆ្នោត ចូល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តីប៉ូឡូញ សាជាថ្មី នៅ​ចុងឆ្នាំ ២០២៣ លោក​Donald Tusk រមែងរំលឹក​ឲ្យ​ថ្នាក់ដឹកនាំ​អឺរ៉ុប​ជំរុញ​វិស័យការពារ​ជាតិ តាមរយៈ​ការបង្កើន​ថវិកាកងទ័ព ដើម្បីជំរុញ​ឧស្សាហកម្មយោធា​អឺរ៉ុប និងការពង្រឹង​កម្លាំងទ័ព។ បើតាមនាយករដ្ឋមន្រ្តីប៉ូឡូញ អឺរ៉ុប​មិនចាំបាច់​បង្កើតកម្លាំងយោធា​ថ្មី​ដូច​កងទ័ព​របស់​បក្ស​សម្ព័ន្ធអូតង់។ ប៉ុន្តែ បើសិនអឺរ៉ុប​ចង់​ក្លាយជា​ដៃគូ​គួរឲ្យទាក់ទាញរបស់អាមេរិក អឺរ៉ុប​គួរតែ​មាន​សមត្ថភាព​យោធា សព្វាវុធ​គ្រប់គ្រាន់ ដោយ​មិនចាំបាច់​ត្រូវការ​ពឹង​លើ​អាមេរិក ឬត្រូវ​បារម្ភខ្លាច​ពីការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​អាមេរិក។

ប៉ូឡូញ និង​ប្រទេស​នៅអឺរ៉ុប​ដូចជា​អាល្លឺម៉ង់​ចាប់ផ្តើម​ភ្ញាក់រលឹក​ជំរុញ​ឧស្សាហកម្ម​យោធា និង​ពង្រឹង​កងទ័ពរបស់ខ្លួន​ឡើងវិញ ដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងដោយសារ​តែម្យ៉ាង គេ​ព្រួយ​បារម្ភខ្លាច​ថា បើសិន​លោកដូណាល់ ត្រាំ ឈ្នះឆ្នោត​កា្លយជាប្រធានាធិបតី​អាមេរិកសាជាថ្មី នោះ​លោក​នឹង​គំរាម មិន​ការពារ​អឺរ៉ុប បើសិន​អឺរ៉ុប​មិន​ព្រមធ្វើតាម​អាមេរិក ដែល​ទាមទារ​ឲ្យគេ​បង់​វិភាគទាន​យ៉ាងហោច ២%​នៃផលិតផល​ក្នុងសរុបរបស់ខ្លួន​ចូលទៅក្នុង​កេស របស់អូតង់ បើសិន​ចង់បាន​ការការពារ​ពីអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ