អានតួអត្ថបទ
បារាំង-សព្វាវុធ

បារាំងប្រកាសផ្តល់រថពាសដែករាប់រយគ្រឿង និងប្រព័ន្ធខែលមីស៊ីលបន្ថែមទៀតទៅឲ្យអ៊ុយក្រែន

នៅចំពោះមុខការទទូចទាមទារ​របស់​អ៊ុយក្រែន ដែលកាន់តែខើច​អាវុធដើម្បីធ្វើសង្រ្គាមប្រឆាំង​រុស្ស៊ី បារាំង តាមរយៈ​រដ្ឋមន្រ្តីការពារ​ជាតិបាន​ប្រកាស​ថា នឹង​បញ្ជូន​រថពាសដែក​ជាច្រើន​រយគ្រឿង​ទៅ​ឲ្យ​អ៊ុយក្រែន។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ក្នុងស្រុកបារាំង La Tribune ឡាទ្រីប៊ុន ចុះផ្សាយ​នៅថ្ងៃអាទិត្យ ទី ៣១​មីនា ប្រមុខការពារ​ជាតិ​បារាំង បញ្ជាក់ដែរថា រដ្ឋាភិបាល​នឹង​ចាប់តម្រូវ​ឲ្យ​រោងចក្រឧស្សាហកម្ម​បារាំង​ផ្តោតអាទិភាព​លើ​ការផលិត​សព្វាវុធ ដើម្បី​ធានា​ជួយ​អ៊ុយក្រែនផង និង​ដើម្បី​ស្តុកទុក​ការពារ​ប្រទេស​ផង។

 បារាំង តាមរយៈ​រដ្ឋមន្រ្តីការពារ​ជាតិបាន​ប្រកាស​ថា នឹង​បញ្ជូន​រថពាសដែក​ជាច្រើន​រយគ្រឿង​ទៅ​ឲ្យ​អ៊ុយក្រែន។
បារាំង តាមរយៈ​រដ្ឋមន្រ្តីការពារ​ជាតិបាន​ប្រកាស​ថា នឹង​បញ្ជូន​រថពាសដែក​ជាច្រើន​រយគ្រឿង​ទៅ​ឲ្យ​អ៊ុយក្រែន។ © Armée de Terre
ផ្សាយពាណិជ្ជកម្ម

នៅក្នុងក្របខ័ណ្ឌផ្តល់ជំនួយយោធា​ដើម្បីជួយ​ឲ្យអ៊ុយក្រែន​ប្រឈមតទល់​នឹង​សង្រ្គាមឈ្លានពាន​របស់រុស្ស៊ី រដ្ឋាភិបាលបារាំង​ប្រកាស​បញ្ជូន​រថពាសដែក​រាប់រយគ្រឿង​ទៅ​ឲ្យ​អ៊ុយក្រែន។ បើតាមការអះអាង​របស់​រដ្ឋមន្រ្តីការពារជាតិបារាំង លោក​Sébatien Lecornu នៅ​ចុងឆ្នាំនេះ និងដើម​ឆ្នាំ ២០២៥ បារាំង​នឹង​បញ្ជូន​រថពាសដែកចាស់ៗ ប្រភេទ VAB ទៅ​ឲ្យអ៊ុយក្រែន។ កងទ័ព​បារាំង​លែងប្រើ​រថពាសដែក​ប្រភេទ​VABទៀតហើយ ដោយ​ជំនួសមកវិញនូវ​​រថពាស​ដែក Griffon ដែល​បារាំង​ទើប​ផលិតថ្មី។

សម្រាប់​ប្រមុខ​ការពារជាតិ​បារាំង រថពាស​ដែក​បារាំង​ចាស់​មែន (ព្រោះវា​មាន​អាយុជាង​៤០ឆ្នាំ) ប៉ុន្តែ​វានៅតែ​ដំណើរការល្អ។ ដើម្បីតទល់​នឹង​កងទ័ពរុស្ស៊ី នៅ​ក្នុង​សមរភូមិ​ដ៏ធំធេង បរិមាណ​រថពាសដែក​បារាំង​ជាច្រើនរយគ្រឿង​នឹង​ផ្តល់ប្រយោជន៍ ជួយ​ដឹក​កងទ័ព​អ៊ុយក្រែន​នៅក្នុង​ផ្លាស់ទី​ក្នុង​សមរភូមិ។

ក្រៅពី​សន្យា​ផ្តល់​រថពាសដែក រដ្ឋមន្រ្តីការពារ​ជាតិបារាំងបន្ថែមថា បារាំងនឹង​ផ្តល់​ប្រព័ន្ធ​ខែមីស៊ីល​បន្ថែម​ទៀត ដើម្បី​ជួយ​អ៊ុយក្រែន​ឲ្យ​ការពារ​ខ្លួន​ពី​ការវាយប្រហារ​មីស៊ីល​របស់​រុស្ស៊ី។ ប្រព័ន្ធខែល​មីស៊ីល​បារាំង​Aster​30 មានសមត្ថភាព​ដូច​ខែលមីស៊ីល​អាមេរិក ឈ្មោះPatriot។

ដោយប្រកាសផ្តល់មីស៊ីលទៅឲ្យអ៊ុយក្រែនទុកការពារ​​ដែនអាកាស​ រដ្ឋមន្រ្តី​ការពារជាតិ​បារាំងបញ្ជាក់ផងដែរថា លោក​បាន​បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​សព្វាវុធ​បារាំង​ធ្វើសំណើ​ដើម្បី​បង្កើន​ការផលិត​មីស៊ីល Aster បន្ថែមទៀត។ បើតាម​ប្រមុខការពារ​ជាតិបារាំង អគ្គនាយកដ្ឋានសព្វាវុធបារាំង​នឹងចុះធ្វើការ​ជាមួយ​ក្រុមហ៊ុនMBDA ដែលជា​ក្រុមហ៊ុនផលិតមីស៊ីល​ធំជាងគេ​នៅអឺរ៉ុប ដើម្បី​ធានាថា គេ​មាន​ស្តុក​វត្ថុធាតុដើម​គ្រប់គ្រាន់​ដើម្បី​ផលិត​ប្រព័ន្ធខែលមីស៊ីល​Aster។ សម្រាប់រដ្ឋមន្រ្តីបារាំង ក្រៅពីផ្តល់​មីស៊ីល​ទៅ​​ឲ្យអ៊ុយក្រែន បារាំងត្រូវការ​បង្កើន​ការផលិតមីស៊ីល និងគ្រាប់ផ្សេងទៀតសម្រាប់ស្តុកទុកការពារ​ខ្លួន និង​ប្រើប្រាស់​នៅក្នុងប្រតិបត្តិការនៅបរទេសដូចជា​នៅសមុទ្រក្រហម​ដើម្បីប្រឆាំង​នឹង​ពួកឧទ្ទាមហ៊ូទីជាដើម។

នៅចំពោះមុខ​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បារាំង​ក៏ដូចជា​ប្រទេស​អឺរ៉ុប​ធំៗមួយចំនួន​ ដូចជា​អាល្លឺម៉ង់ អ៊ីតាលី​ជាដើម​បាន​ប្រកាសអនុវត្ត​សេដ្ឋកិច្ច​សង្រ្គាម ដូចរុស្ស៊ី ដោយ​បែរងាកទៅជំរុញ​ឧស្សាហកម្ម​យោធា។ បើតាម​ការអះអាង​របស់​រដ្ឋមន្រ្តីការពារជាតិបារាំង រដ្ឋាភិបាល​បាន​ចេញ​ក្រឹត្យ​មួយកាលពីថ្ងៃសុក្រ ដើម្បីផ្តល់សិទ្ធិ​អំណាច​ដល់​ប៉ូលិស​របស់​ក្រសួងការពារជាតិ នៅក្នុងការ​ចាប់តម្រូវ​ឲ្យ​ក្រុមហ៊ុន​បារាំង​ផ្តោត​អាទិភាព​លើកិច្ចសន្យា និង​ការស្តុក​ទាំង​ឡាយណា​ដែលទាក់ទង​នឹង​យោធា។ រដ្ឋមន្រ្តី​បារាំង​នៅបាន​និយាយ​ពី​លទ្ធភាព​ចាប់​រឹបអូស​យក​រោងចក្រឧស្សាហកម្ម​មួយចំនួន​សម្រាប់​ដំណើការ​ផលិតសព្វាវុធ។ ការជំរុញការផលិត​សព្វាវុធ មិនត្រឹមជួយ​ឲ្យ​បារាំង​អាច​ជួយ​អ៊ុយក្រែនធ្វើសង្រ្គាមតទល់នឹងរុស្ស៊ី ប៉ុន្តែ នឹង​ទៅ​បង្កើន​ស្តុកអាវុធ​របស់​បារាំង សម្រាប់ការពារ​ខ្លួនផង និង​សម្រាប់​នាំចេញ​ទៅលក់នៅបរទេសផង។ នៅត្រង់ចំណុចនេះ រដ្ឋមន្រ្តីការពារជាតិ​កត់សំគាល់​ឃើញ​ការធ្លាក់ថយចុះ​នៃ​កិច្ចសន្យា​ទិញអាវុធ​បារាំង នៅក្នុងចំណោមប្រទេសអឺរ៉ុប​ខាងកើត។ សម្រាប់លោក ដើម្បីលក់នាំចេញអាវុធ គេមិនត្រឹមពូកែខាងបច្ចេកវិទ្យា បញ្ចុះតម្លៃថោក និងភាពប៉ិនប្រសប់ផ្នែកការទូតតែប៉ុណ្ណោះទេ ប៉ុន្តែ គេត្រូវ​ពូកែផលិត​ឲ្យ​បាន​លឿន ដើម្បី​បញ្ជូន​ទៅ​ដល់​ដៃ​អតិថិជន​ឲ្យឆាប់បំផុត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ