អានតួអត្ថបទ
អូតង់-អ៊ុយក្រែន

អូតង់​ចង់​បង្កើត​មូលនិធិយោធា​​ជួយ​អ៊ុយក្រែន​ឱ្យ​បាន​យូរ​អង្វែង

រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ជា​សមាជិក​សម្ព័ន្ធអាត្លង់ទិក​ហៅ​កាត់​ថា​អូតង់​ឬ​ណាតូ កំពុង​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ព្រុចសែល​ប្រទេស​ប៊ែលហ្សិក​នៅ​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍​ស្អែក​នេះ។ មុន​បើក​ជំនួប​ដែល​ចូលរួម​ជា​លើក​ទី​មួយ​ដោយ​​សមាជិក​​ទាំង​៣២ប្រទេស លោក យែន ស្តុលទែនប៊ែរ អគ្គលេខាធិការ​អង្គការ​អូតង់ បាន​អះអាង​ថា អង្គការ​ចង់​ធានា​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ជាមួយ​នឹង​គម្រោង​ច្បាស់លាស់ និង​​យូរ​អង្វែង។

លោក​យែន ស្តុលទែនប៊ែរ ប្រមុខ​អង្គការ​អូតង់ មុន​ផ្តើម​ជំនួប​រដ្ឋមន្ត្រីការបរទេស​អូតង់ ថ្ងៃទី ៣ មេសា​២០២៤
លោក​យែន ស្តុលទែនប៊ែរ ប្រមុខ​អង្គការ​អូតង់ មុន​ផ្តើម​ជំនួប​រដ្ឋមន្ត្រីការបរទេស​អូតង់ ថ្ងៃទី ៣ មេសា​២០២៤ AP - Virginia Mayo
ផ្សាយពាណិជ្ជកម្ម

អូតង់​ត្រូវ​តែមាន​យន្តការ​ផ្តល់​ជំនួយ​យោធា​ ប្រកប​ដោយ​ទំនុក​ចិត្ត​ និង​ជាគម្រោងដ៏​​ច្បាស់លាស់​ សម្រាប់​ជួយ​អ៊ុយក្រែន​ឱ្យ​បាន​យូរ​អង្វែង​ទៅ។ នេះ​ជា​ប្រសាសន៍​របស់​យែន ស្តុលទែនប៊ែរ អគ្គលេខាធិការ​អូតង់​ដោយ​ពន្យល់​ថា អូតង់​ត្រូវតែ​​ធ្វើ​បែប​នេះ ដើម្បី​ឱ្យ​រុស្ស៊ី​យល់​ និងឈប់​​សង្ឃឹម​ឈ្នះ​សង្គ្រាម​លើ​សមរភូមិ ដោយគ្រាន់​តែ​​រង់ចាំដល់​ពេល​​អូតង់​ទម្លាក់​ដៃលែង​ជួយ​អ៊ុយក្រែន។​

យន្តការ​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែនដែល​ប្រមុខ​អង្គការ​អូតង់​បដិសេធ​មិនរៀប​រាប់​លម្អិត​​ ព្រោះ​កិច្ច​ពិភាក្សាស្វែង​រក​កុងសង់ស៊ុស ឱ្យ​បាន​មុន​ជំនួប​​កំពូល​អូតង់​ខែ​កក្កដា​នៅ​វ៉ាស៊ីនតោន ​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍ក្រោយ​តែ​ប៉ុណ្ណោះ ​​គឺ​ជា​សំណើ​បង្កើត​ហិប​មូលនិធិ​១០០ពាន់​លាន​អឺរ៉ូ។

ប៉ុន្តែ​មាន​សមាជិក​ខ្លះ​បាន​បង្ហាញ​​ការ​សង្ស័យ​​ចំពោះ​សំណើនេះស្រេច​ទៅហើយ​ ដោយចោទ​សួរ​​ថា​តើ​បាន​ហិរញ្ញវត្ថុ​មក​ពី​ណា​សម្រាប់​បំពេញ​ហិប។ អូតង់​គ្មាន​ថវិកា គ្មានមធ្យោបាយ​ណា​មក​លើក​ទឹក​ចិត្ត​ឱ្យ​កូន​ក្រុម​បញ្ចេញ​មូលនិធិទេ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​​​លោកស្រីប្រមុខ​ការទូត​អាល្លឺម៉ង់ អាណាលេណា ប៊ែរបុក Annalena Bearbock ​ពេល​មក​ដល់​ទីស្នាក់ការ​អូតង់​ភ្លាម។

​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​​ជាមួយ​សមភាគី​បារាំង លោក​ ស្តេហ្វាន សេហ្សួរណេ និង​សមភាគី​ប៉ូឡូញ រ៉ាដូខស្លាវ ស៊ីក័រស្គី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធ ប្រមុខ​ការ​ទូតអាល្លឺម៉ង់​​បាន​ព្រមាន​អំពី​ភាព​ចាំបាច់​ដែល​សម្ព័ន្ធមិត្ត​ត្រូវ​បន្ត​ជួយ​គាំទ្រ​អ៊ុយក្រែន​រហូត​ និង​បាន​រំឮក​អំពី​កាតព្វកិច្ច​របស់​ប្រទេស​ជាសមាជិក​អង្គការ​ថា​ត្រូវ​ដំឡើង​ថវិកា​​ការពារ​ជាតិ​ឱ្យ​បាន​២%​នៃ​ផលិតផលដុល​សរុប​ក្នុង​ស្រុក។ នេះ​ជា​កម្មវត្ថុកំណត់​​ដោយ​អូតង់​​​តាំងពី​ឆ្នាំ​២០១៤​មក តែ​មាន​ប្រមាណ​២០ប្រទេស​ប៉ុណ្ណោះ​សម្រេច​បាន។

ម្យ៉ាង​វិញ​ទៀត រាល់​​សេចក្តី​សម្រេច​និង​ផែនការ​ជួយ​អ៊ុយក្រែន​​ធំៗ​សំខាន់ៗ​របស់​អូតង់​តែង​ត្រូវ​បាន​ហុងគ្រី​សមាជិក​សម្ព័ន្ធ​អូតង់​ម្នាក់ដែរ​តែ​ស្និទ្ធ​នឹង​រុស្ស៊ី​ ប្រឆាំង​ជា​និច្ច។ ប្រមុខ​ការទូត​ហុងគ្រី​បាន​ព្រលយ​ឆន្ទៈ​ប្រឆាំង​ជា​ថ្មី​ទៀត​នៅថ្ងៃ​ពុធ​ទី ៣​មេសា​នេះ ថា ហុងគ្រី​មិន​គាំទ្រ​សំណើ​ណា​ដែល​អាច​រុញ​អូតង់​ឱ្យ​ចូល​កៀក​សង្គ្រាម​ ឬ​ប្រែក្លាយ​សម្ព័ន្ធ​ការពារ​គ្នា​ទៅ​សម្ព័ន្ធ​ប្រយុទ្ធ​ឡើយ។ បើ​តាម​ប្រភព​ការទូត​មួយ លោក​អគ្គលេខាធិការ​អង្គការអូតង់​ ដែល​ត្រូវ​ផុត​អាណត្តិ​នៅ​ខែ​តុលាខាង​មុខ មិន​អាច​បញ្ចុះ​បញ្ចូល​នាយករដ្ឋមន្ត្រី​ហុងគ្រី​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ