អានតួអត្ថបទ

សង្គ្រាមអ៊ុយក្រែន ៖ បារាំងនិងរុស្ស៊ី ផ្តើម​កិច្ចសន្ទនាគ្នា​ឡើង​វិញ ក្រោយ​អាក់​ខាន​ជាង ​១ ឆ្នាំ

រដ្ឋមន្ត្រីការ​ពារជាតិ​បារាំង​ ​និង ​​រុស្ស៊ី បាន​ជជែកគ្នា​តាម​ទូរសព្ទ​ដ៏កម្រ ជា​លើក​ទី១ គិត​ចាប់តាំងពីតែតុលា ឆ្នាំ ២០២២​ មក​។ ក្នុង​កិច្ចសន្ទនា​គ្នា​ ប្រមាណ​១ម៉ោង ​រដ្ឋ​មន្ត្រី​ការ​​ពារជាតិទាំង២ប្រទេស​ បង្ហាញ​ភាពផ្ទុយ​ខ្វែង​គំនិត​​គ្នា​ជាច្រើនជុំវិញ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែន និង អំពើ​ភេរវកម្ម​នៅ​ជាយក្រុង​ម៉ូស្គូ។​

រដ្ឋមន្ត្រីការពារជាតិបារាំង លោក សេបាស្យាង ឡឺក័រនុយ រំឭកដាស់តឿនសមភាគីរុស្ស៊ី ថាកុំឲ្យភ្ជាប់ អ៊ុយក្រែន  ទៅអំពើភេវរកម្មនៅម៉ូស្គូ។
រដ្ឋមន្ត្រីការពារជាតិបារាំង លោក សេបាស្យាង ឡឺក័រនុយ រំឭកដាស់តឿនសមភាគីរុស្ស៊ី ថាកុំឲ្យភ្ជាប់ អ៊ុយក្រែន ទៅអំពើភេវរកម្មនៅម៉ូស្គូ។ © Aurelien Morissard / AP
ផ្សាយពាណិជ្ជកម្ម

មានចំណុច​ខ្វែងគ្នា​ច្រើន ​នៅក្នុងកិច្ច​សន្ទនា ថ្ងៃ​ពុធ ទី៣មេសា ​រវាង រដ្ឋមន្ត្រី​ការពារជាតិ​បារាំង និងរុស្ស៊ី ពិសេស​ជុំវិញបញ្ហា​សង្គ្រាម​នៅអ៊ុយក្រែន និង អំពើ​ភេរវកម្ម​នៅសាលតន្ត្រី​ជាយក្រុង​ម៉ូស្គូ។ ប្រភពពី​មន្ត្រី​អម​ជុំវិញ​របស់រដ្ឋមន្ត្រី​ការពារជាតិ​បារាំង បាន​អះអាងថា រុស្ស៊ី​ត្រៀម​ខ្លួន​ចរចា​ឡើងវិញ​ពី​បញ្ហា​អ៊ុយក្រែន។ ក្នុង​សេចក្តីថ្លែងការណ៍​ពី​ម៉ូស្គូ នាល្ងាច​ថ្ងៃ​ពុធ  លោក​ ស៊ែរហ្កី ឆយហ្គូ រដ្ឋមន្ត្រីការ​ពារជាតិ​រុស្ស៊ី​ ថា សម​ភាគី​ទាំង​​២ ​បានជជែក​គ្នា​ពី​ជម្លោះ​អ៊ុយក្រែន ហើយ​ឈានទៅ​​ស្នើ​«គំនិត​ផ្តួច​ផ្តើមក្រុង​អ៊ីស្តង់ប៊ូល​ដើម្បី​សន្តិភាព​​»​ដែល​អាច​នឹង​រៀបចំជជែកគ្នា​​នៅ​ប្រទេស​ស្វីល​។ លោក ស៊ែរហ្កី ឆយហ្គូ ថែមទាំង​ព្រលយ​សម្តី​ថា «វា​អត់​ប្រយោជន៍​ទេ បើ​គ្មាន​វត្តមាន​រុស្ស៊ី​ចូលរួម​នោះ»។​ ក៏ប៉ុន្តែផ្ទុយ​ទៅវិញ ​​សេចក្តីប្រកាស​ពីភាគីបារាំង​ឲ្យដឹង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​​ លោក សេបាស្យាង ឡឺក័រនុយ ​​មិន​បាន​ទទួល​សំណើ ហើយ​ក៏​មិន​បាន​ស្នើ​អ្វី​ទៅ​រុស្ស៊ី​ក្នុង​រឿង​នេះដែរ។​ មិនតែ​ប៉ុណ្ណោះ លោក សេបាស្យាង ឡឺក័រនុយ ថែមទាំង​បាន​ថ្កោល​ទោស​រុស្ស៊ី​ដោយ​ឥត​លាក់​លៀម​ចំពោះ​​សង្គ្រាម​ឈ្លាន​ពានរុស្ស៊ី​នៅ​អ៊ុយក្រែន។

ទោះ​យ៉ាង​នេះក្តី ភាគី​​បារាំង ​ ​បង្ហាញ​ពី​លទ្ធភាព​សហការ​ជាមួយ​រុស្ស៊ីដែរ នៅក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ ​បារាំង​សូម​បង្ហាញ​ស្មារតី​សាមគ្គីភាព​ជាមួយគ្រួសារ​​ជនរង​គ្រោះ​ព្រោះតែ​​អំពើភេរវកម្ម​នៅ​ម៉ូស្គូ​ ថ្ងៃទី​២២មីនា​ ស្លាប់​មនុស្ស ១៤៤ នាក់​។​ ក្នុង​កិច្ចសន្ទនា​តាមទូរសព្ទ​ប្រហែល​១ម៉ោង រដ្ឋមន្ត្រី​បារាំង ក៏រំឭកសមភាគី​រុស្ស៊ី ថា​កុំឲ្យភ្ជាប់ អ៊ុយក្រែន  ទៅអំពើភេវរកម្មនៅម៉ូស្គូ។​ ជាថ្មីម្តងទៀត​ លោក សេបាស្យាង ឡឺក័រនុយ បាន​បញ្ជាក់ទៅលោក​ ស៊ែរហ្កី ឆយហ្គូ ថាបារាំង​គ្មាន​ភស្តុតាង​ គ្មា​នតម្រុយ​ព័ត៌មាន​ណាមួយ​ ដែល​អាច​ភ្ជាប់​​អំពើ​ភេវរកម្ម​នៅម៉ូស្គូ​ទៅ​នឹង​អ៊ុយក្រែន​បានទេ។ ហេតុដូច្នេះ បារាំង​សូម​ឲ្យ​រុស្ស៊ី​ ឲ្យ​ឈប់​ចោទប្រកាន់​អ៊ុយក្រែន​​ថា​នៅពីក្រោយ​ភេវរកម្ម​នោះទៀត​ទៅ។

រដ្ឋមន្ត្រីការ​ពារជាតិ​រុស្ស៊ី  លោក​ ស៊ែរហ្កី ឆយហ្គូ បាន​ឆ្លើយ​ទៅវិញថា «រដ្ឋអំណាច​ក្រុង​កៀវ មិន​អាច​នឹង​ធ្វើ​អ្វី​បាន​សោះឡើយ​ ប្រសិន​បើ​គ្មាន​ក្រុមបស្ចិម​ប្រទេស​ ​នៅក្រោយ​ខ្នង។ ក្នុងករណី​នេះ រុស្ស៊ី​សង្ឃឹមថា ក្រុម​ចារកម្មស៊ើប​ការ​សម្ងាត់​របស់​បារាំង មិន​នៅពីក្រោយ​រឿង​នេះ​ចុះ»។ ឃ្លាសម្តីរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបែបនេះ​ បានបង្កប្រតិកម្ម​មិន​សប្បាយ​ចិត្ត​ចំពោះ​មជ្ឈដ្ឋាន​ការទូត​បារាំង។ នៅថ្ងៃទី​៤មេសា លោក អេម៉ានុយអែល ម៉ាក្រុង បា​នឆ្លើយ​ប្រតិកម្ម​ប្រាប់​អ្នកកាសែត​នៅប៉ារីស ថា​«ជារឿង​គួរ​ឲ្យ​អស់​សំណើច​ណាស់ ដែល​រុស្ស៊ី​ចោទបារាំង​ថា​នៅ​ពីក្រោយ​អំពើ​ភេរវកម្ម​នៅម៉ូស្គូនោះ។ គ្មាន​អ្វីទាក់ទង​គ្នា​ទាល់តែសោះ»។ ទន្ទឹម​នឹងគ្នានោះ ប្រធានាធិបតីបារាំង​ ​ពន្យល់ទៀតថា​ លោកបាន​បញ្ជាឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យទាក់ទង​ទៅសមភាគី​ ដើម្បី​ផ្តល់​ដំណឹង​មាន​ប្រយោជន៍​ដល់​ការ​ដឹងឫសគល់​និង​ក្រុមអ្នក​បង្ក​ភេរវកម្ម។​

យ៉ាង​ណាក៏ដោយ​ចុះ រដ្ឋមន្ត្រីការ​ពារជាតិ​រុស្ស៊ី រំឭក​ពីប្រសាសន៍​​ប្រមុខ​រដ្ឋបារាំង ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ដែល​លោក ម៉ាក្រុង ​ប្រកាស​ចេតនា​ចង់​បញ្ចូន​ទ័ព​បារាំង​ទៅ​ជួយ​​អ៊ុយ​ក្រែន​នៅ​សមរ​ភូមិ​​​។ លោក​ ស៊ែរហ្កី ឆយហ្គូ បា​នព្រមាន​ជាថ្មីថា ​ប្រសិនបើ បារាំង​​ធ្វើ​បែបនេះ បារាំងនឹង​បង្កើត​បញ្ហា​ដល់​ខ្លួន​ឯង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ