សង្គ្រាមហ្កាហ្សា៖ រឿងផ្គត់ផ្គង់អាវុធឱ្យអ៊ីស្រាអែល ឡើងដល់តុលាការយុត្តិធម៌អន្តរជាតិ
ប្រទេសនីការ៉ាហ្កាបានប្តឹងនិងរិះគន់អាល្លឺម៉ង់ ដែលបានផ្តល់ការគាំទ្រយោធាដល់អ៊ីស្រាអែល។ នៅចំពោះមុខចៅក្រមនៃតុលាការយុត្តិធម៌អន្តជាតិ ក្រុងឡាអេ នាថ្ងៃទី ៨មេសា២០២៤នេះ នីការ៉ាហ្កា បានចោទអាល្លឺម៉ង់ថាបានសម្រួលឱ្យមានអំពើប្រល័យពូជសាសន៍ នៅហ្កាហ្សា។ សម្រាប់នីការ៉ាហ្កា តុលាការត្រូវចេញវិធានការបណ្តោះអាសន្ន តាមរយៈដីកាបន្ទាន់ ក្នុងពេលសិក្សាបណ្តឹង។ អាល្លឺម៉ង់បានបញ្ចេញប្រតិកម្ម ច្រានចោលទាំងស្រុងបទចោទប្រកាន់របស់នីការ៉ាហ្កា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤២
នីការ៉ាហ្កាជ្រើសរើសប្តឹងអាល្លឺម៉ង់ម្ចាស់ជំនួយធំទីពីររបស់អ៊ីស្រាអែលជាជាងអាមេរិកមកពីវ៉ាស៊ីនតោនមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការ។ នៅក្នុងបណ្តឹង នីការ៉ាហ្កាបានអះអាងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិថា អាល្លឺម៉ង់មិនត្រឹមតែមិនបំពេញកាតព្វកិច្ចរារាំងអំពើប្រល័យពូជសាសន៍នៅហ្កាហ្សាទេ តែបានចូលរួមចំណែកសម្រួលឱ្យមានអំពើប្រល័យពូជសាសន៍។ អាល្លឺម៉ង់ផ្តល់ជំនួយអាវុធនិងបរិក្ខារយោធាផ្សេងទៀតទៅឱ្យអ៊ីស្រាអែលប្រើសម្រាប់សម្លាប់និងកម្ទេចប៉ាឡេស្ទីន អាចចាត់ទុកជាហានិភ័យដ៏ក្រលែតមួយនៃការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ (ប្រល័យពូជសាសន៍) រំលោភសន្ធិសញ្ញាក្រុងហ្សឺណែវនិងច្បាប់អន្តរជាតិស្តីពីការប្រកាន់ពណ៌សម្បុរ។ យល់ថាស្ថានភាពបន្ទាន់ខ្លាំង នីការ៉ាហ្កាបានស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិសម្រេចចាត់វិធានការបណ្តោះអាសន្ន៥ចំណុច តាមរយៈដីកាបន្ទាន់ ឱ្យអាល្លឺម៉ង់ផ្អាកការផ្តល់ជំនួយភ្លាមដល់អ៊ីស្រាអែល ជាពិសេសជំនួយគាំទ្រផ្នែកយោធា និងសម្ភារៈបរិក្ខារសឹក ហើយត្រូវធានា មិនឱ្យអាវុធអាល្លឺម៉ង់ដែលបានបញ្ជូនទៅដល់អ៊ីស្រាអែលហើយ មានប្រើក្នុងទង្វើបែបឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឬបែបឧក្រិដ្ឋកម្មសង្គ្រាម។ សំណើមួយទៀត គឺឱ្យតុលាការបង្គាប់អាល្លឺម់ង់ឱ្យប្តូរចិត្តបង់វិភាគទានដល់ស្ថាប័នអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA។ ប៊ែរឡាំងបានផ្តាច់ជំនួយហិរញ្ញវត្ថុ តាំងពីខែមករា២០២៤មក ក្រោយពីអ៊ីស្រាអែលរកឃើញថាមានបុគ្គលិកអង្គការជួយជនភៀសខ្លួនប៉ាឡេស្ទីននេះ៧នាក់រួមដៃជាមួយពួកហាម៉ាសវាយឆ្មក់មកលើអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា២០២៣។
នៅថ្ងៃអង្គារទី៩មេសា អាល្លឺម៉ង់ត្រូវឡើងការពារខ្លួននៅចំពោះមុខតុលាការ តែតាំងពីថ្ងៃចន្ទមក ប៊ែរឡាំងបានច្រានចោលពាក្យចោទប្រកាន់របស់នីការ៉ាហ្កាទាំងស្រុង និងបានអះអាងថា អាល្លឺម៉ង់មិនដែលរំលោភសន្ធិសញ្ញាប្រល័យពូជសាសន៍ ឬច្បាប់មនុស្សធម៌អន្តរជាតិ ដោយផ្ទាល់ឬដោយប្រយោលទេ។ ផ្ទុយទៅវិញអាល្លឺម៉ង់ប្រឹងធ្វើគ្រប់យ៉ាងដើម្បីការគោរពច្បាប់អន្តរជាតិទើបអាល្លឺម៉ង់បញ្ចេញសកម្មភាពកំរិតអន្តរជាតិនោះ។
តុលាការយុត្តិធម៌អន្តរជាតិបានក្លាយជាតួអង្គដ៏គន្លឹះនៃសង្គ្រាមរវាងអ៊ីស្រាអែលនិងចលនាប៉ាឡេស្ទីនហាម៉ាស។ សេចក្តីសម្រេចរបស់តុលាការមានតម្លៃត្រូវគោរពណាស់ តែស្ថាប័នគ្មានមធ្យោបាយ និងយន្តការចាប់ឱ្យភាគីពាក់ព័ន្ធអនុវត្តទេ។ កាលពីដើមខែមករា ឆ្លើយតបទៅនឹងបណ្តឹងរបស់អាហ្វ្រិកខាងត្បូង ដែលចោទអ៊ីស្រាអែលបទប្រល័យពូជសាសន៍នៅហ្កាហ្សា តុលាការយុត្តិធម៌អន្តរជាតិ បានអំពាវនាវ ឱ្យអ៊ីស្រាអែលប្រឹងធ្វើយ៉ាងណាទប់ស្កាត់សកម្មភាពបែបប្រល័យពូជសាសន៍ និងបានចេញដីកាបង្គាប់ឱ្យអ៊ីស្រាអែលធានាផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋហ្កាហ្សាផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ