អានតួអត្ថបទ
សង្គ្រាមហ្កាហ្សា-ជំនួយមនុស្សធម៌

តុលាការ​យុត្តិធម៌​អន្តរជាតិ​បង្គាប់​​អ៊ីស្រាអែលឱ្យ​​ធានាការផ្តល់​​ជំនួយ​មនុស្សធម៌​នៅហ្កាហ្សា

យោធា​អ៊ីស្រាអែល​បន្ត​ប្រតិបត្តិការ​វាយប្រហារ​លើ​ចលនា​អ៊ីស្លាម​ប៉ាឡេស្ទីន​នៅហ្កាហ្សា​​ ​ហាម៉ាស ដោយគ្មាន​បន្ធូរ​ដៃ​ទេ នៅថ្ងៃ​សុក្រ​ទី ២៩​មីនា​២០២៤​នេះ ហើយ​ដោយមិន​ខ្វល់​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឡើយ។ តុលាការ​យុត្តិធម៌​បាន​ចេញ​ដីកា​នៅ​រសៀល​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ បញ្ជា​ឱ្យ​អ៊ីស្រាអែលធានា​ផ្គត់​ផ្គង់​ជំនួយ​មនុស្សធម៌​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ នៅ​ហ្កាហ្សា ដែល​ស្ថិត​នៅលើ​មាត់​ជ្រោះ​នៃ​​គ្រោះទុរ្ភិក្ស។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បង្គាប់​​អ៊ីស្រាអែលឱ្យ​​ធានាការផ្តល់​​ជំនួយ​មនុស្សធម៌​នៅហ្កាហ្សា
តុលាការ​យុត្តិធម៌​អន្តរជាតិ​បង្គាប់​​អ៊ីស្រាអែលឱ្យ​​ធានាការផ្តល់​​ជំនួយ​មនុស្សធម៌​នៅហ្កាហ្សា AFP - REMKO DE WAAL
ផ្សាយពាណិជ្ជកម្ម

អ៊ីស្រាអែល​ត្រូវ​តែបើក​ច្រក​ឱ្យ​បាន​ធំ​និង​ច្រើន​ជាង​មុន ដោយ​គ្មាន​បង្អង់ ដើម្បី​បង្កើន​សមត្ថភាព​​និង​បរិមាណ​ចែក​ចាយ​ជំនួយ​មនុស្សធម៌​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា។ នេះ​ជា​ដីកាបង្គាប់ ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ដោយ​បញ្ជា​ឱ្យ​អ៊ីស្រាអែល​ធានា​ផ្គត់​ផ្គង់​​ជំនួយ​ដោយ​គ្មាន​ការ​ដាក់​កម្រិត និង​ក្នុងទ្រង់ទ្រាយ​ធំ នូវ​ទឹក​ស្អាត នូវ​ស្បៀងអាហារ​ ជម្រក​ ថ្នាំសង្កូវ​ សម្លៀកបំពាក់ និង​គ្រឿង​ចំហេះ។

តុលាការ​បានរំឮក​ទៀត​ថា បើ​តាម​អង្គការ​សហប្រជាជាតិ ដើម្បីមាន​លំហូរ​​​ជំនួយ​មនុស្សធម៌​ ​ ត្រូវ​បញ្ឈប់​ប្រតិបត្តិការ​យោធា។ សេចក្តី​សម្រេច​ចិត្ត​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​រួច​ហើយ​ការ​ពីរ​បី​ថ្ងៃ​មុន តែ​នៅ​មិន​ទាន់​ចាប់​អនុវត្ត​ទេ។ ដូច្នេះ​តុលាការ​សូម​បញ្ជា​ឱ្យ​អ៊ីស្រាអែល​រារាំង​ភាព​អត់​ឃ្លាន​ដែល​កំពុង​កើត​មាន​នៅ​ហ្កាហ្សា។

នៅក្នុង​សេចក្តី​បង្គាប់​​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​កម្រាស់​១៦​ទំព័រ គ្រោះទុរ្ភិក្ស​កំពុងចាប់​​ត្រាំត្រែង​ហើយ។ ឯការ​បញ្ជូន​​ជំនួយ​មនុស្សធម៌តាម​ផ្លូវ​គោក​ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​តែង​បំផុត​ពី​សំណាក់​អ៊ីស្រាអែល។ បើ​តាមទី​ភ្នាក់ងារ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌របស់​អង្គការ​សហប្រជាជាតិ មាន​ជំនួយ​មនុស្សធម៌​ប្រមាណ​តែ​៣%​ប៉ុណ្ណោះ បាន​ទៅ​ដល់​ភាគ​ខាង​ជើង​នៃ​តំបន់ហ្កា​ហ្សា នៅរវាង​ពី​ថ្ងៃ​ទី​១៨​-២៤​មីនា។

អាហ្វ្រិក​ខាង​ត្បូង​ ដែល​ជា​អ្នក​ផ្តួច​ផ្តើម​ប្តឹង​ ចង់​ឱ្យ​តុលាការ​បង្គាប់​រដ្ឋទាំង​១៥៣​​ជា​​​សមាជិក​សន្ធិសញ្ញា​ប្រឆាំង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍ កុំគាំទ្រ​​សង្គ្រាម​របស់​អ៊ីសា្រអែល​នៅ​ហ្កាហ្សា។ ប៉ុន្តែ​សម្រាប់​ក្រុម​ចៅក្រម តុលាការ​គ្មាន​ដែន​អំណាច​លើ​ប្រទេស​ដែល​គ្មាន​ជាប់​បណ្តឹង​បាន​ទេ។ ម្យ៉ាង​វិញ​ទៀត កាលពី​ខែ​មករា​ តុលាការ​បាន​ចេញ​បង្គាប់​ឱ្យ​អ៊ីស្រាអែល​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​កើត​ឡើង​បាន​នៅ​ក្នុង​ដែន​ដី​ប៉ាឡេស្ទីន​។ កាលណោះ​អ៊ីស្រាអែល​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ដោយ​ចាត់​ទុក​ជា​បទ​ចោទប្រកាន់​ដ៏​អាស្រូវ ​របស់​តុលាការ។ នៅលើក​​នេះ អ៊ីស្រាអែល​ឆ្លើយ​តប​ដោយ​បន្ត​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​តំបន់​ហ្កាហ្សា​តាំងពី​ព្រហាម។ កាលពី​ថ្ងៃព្រហស្បតិ៍​ លោក​នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​បាន​បញ្ជាក់​ជា​ថ្មីម្តង​ទៀត​អំពី​​ឆន្ទៈដាច់​ខាត​បន្ត​ប្រតិបត្តិការវាយប្រហារ​ជើង​គោក​ចូល​តំបន់​រ៉ាហ្វា និងកាត់​តំបន់​ហ្កាហ្សា​ជាពីរ។​

ក្រៅ​ពី​បាត់​បង់​ជីវិត​និង​បំផ្លិច​បំផ្លាញ​សម្ភារៈ ​សង្គ្រាម​អ៊ីស្រាអែល​ កំពុងរុញ​​ហ្កាហ្សា​ឱ្យ​ធ្លាក់​ក្នុង​គ្រោះ​ទុរ្ភិក្ស​ ដែល​គ្មាន​កន្លែង​ណា​ផ្សេងនៅលើ​ផែនដី​មាន​ជន​រងគ្រោះ​អត់​ឃ្លាន​ច្រើន​ដូច​ឡើយ។ នេះ​បើ​តាម​​ស្ថាប័នកម្មវិធី​ស្បៀងអាហារ​ពិភពលោករបស់​អង្គការ​សហប្រជាជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ