អានតួអត្ថបទ

អធិការ​បតី​អាល្លឺម៉ង់ទៅ​​ចិន​ពង្រឹងពាណិជ្ជកម្ម ខណៈ​​ចិនរងការរិះគន់​ពី​ការ​ប្រកួត​ប្រជែ​ង​មិន​ស្មោះត្រង់

​លោក អូឡាហ្វ ស្ហុលស៍ អធិការ​បតី​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​​ចិន​ នៅ​ថ្ងៃអាទិត្យ ទី​១៤ មេសា ដើម្បីរឹត​ចំណង​ទាក់ទង​ពាណិជ្ជកម្មជាមួយ​ចិន ដែល​ជា​ដៃគូរកស៊ី​ដ៏ធំ​ចម្បង​ជាងគេ​របស់​អាល្លឺម៉ង់​។ ដំណើរ​ទស្សនកិច្ចទៅ​ស្រុក​ចិន​របស់​​​ថ្នាក់ដឹកនាំអឺរ៉ុបរូប​នេះ ត្រូវ​រង​ការ​រិះគន់ពី​អ្នក​នយោបាយ​ក្នុងស្រុក ស្របពេល​ដែលប្រទេស​​បស្ចិមលោក បាន​​ថ្កោលទោស​រដ្ឋអំណាច​ចិនអំ​​ពី​ការប្រកួត​ប្រជែ​ង​មិន​ស្មោះត្រង់​ ជុំវិញ​ការ​​ឧបត្ថម្ភធន​ក្នុង​វិស័យ​ឧស្សាហកម្ម ​។​

លោក អូឡាហ្វ ស្ហុលស៍ អធិការបតីអាល្លឺម៉ង់ បានអញ្ជើញទៅដល់ប្រទេសចិន នៅថ្ងៃអាទិត្យ ទី១៤ មេសា ។
លោក អូឡាហ្វ ស្ហុលស៍ អធិការបតីអាល្លឺម៉ង់ បានអញ្ជើញទៅដល់ប្រទេសចិន នៅថ្ងៃអាទិត្យ ទី១៤ មេសា ។ REUTERS - Andreas Rinke
ផ្សាយពាណិជ្ជកម្ម

តាំង​ពីឡើង​​កាន់​កាប់អំណាច​រដ្ឋ​នៅចុង​ឆ្នាំ២០២១មក នេះជាលើកទី២ហើយដែល​អធិការ​បតី​អាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ស្រុក​ចិន។ ជើងមុន លោកបានទស្សនកិច្ច​តែ​ក្រុង​ចិន​១ប៉ុណ្ណោះ ព្រោះ​មាន​បញ្ហា​រឹតត្បិត​ជំងឺកូវីដ​១៩។ លើកនេះ ​ថ្នាក់ដឹកនាំ​អាល្លឺម៉ង់ នឹង​គ្រោង​បំពេញ​ទស្សនកិច្ច​ ចំនួន ៣ ថ្ងៃ​ នៅ​ ៣ខេត្តក្រុង​។ ផ្តើម​ជា​ដំបូង​ ​ថ្ងៃអាទិត្យ ទី​១៤មេសា នៅ ​​ចុងជីង ខេត្ត​ដ៏​ធំ​នៅប៉ែក​និ​រតី​ ហើយ​បន្ទាប់មក ក្រុង​សៀងហៃ​ ចម្ងាយ​ប្រមាណ ​១ ៤០០ គីឡូម៉ែត្រ​ ពីព្រំដែន​ខាង​កើត​ប្រទេសចិន​​ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​បណ្តា​រោងចក្រឧស្សាហកម្ម​ជាច្រើន​​កន្លែង​ មុន​នឹង​អញ្ជើញ​បន្ត​ដំណើរ​ទៅ​រដ្ឋធានី​ប៉េកាំង​ នៅ​ថ្ងៃអង្គារ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​នឹងប្រធានាធិបតី​ចិន ស៊ី ជីនពីង ហើយ​និង​សមភាគី ​លោក​នាយករដ្ឋមន្ត្រីចិន​ លី ឈាំង។

ដំណើរ​ទស្សនកិច្ចទៅស្រុក​ចិន​​ជាលើកទី២របស់​លោក​ អូឡាហ្វ ស្ហុលស៍ មាន​អម​ដោយរដ្ឋមន្ត្រី​ជាច្រើន​នាក់ ដូចជារដ្ឋមន្ត្រីបរិស្ថាន ដឹកជញ្ជូន និងកសិកម្ម រួម​និង​ម្ចាស់​​ក្រុម​ហ៊ុនសហគ្រាស​អាល្លឺម៉ង់ គ្រាក់ៗ​។ អធិការ​បតី​អាល្លឺម៉ង់ បាន​ប្រកាស​តាំងពី​ថ្ងៃសុក្រ ទី​១២មេសា​ មុន​ចេញដំណើរ​ឆ្ពោះ​ទៅ​ចិន ថា ប្រទេស​ចិន​ជា​ដៃគូសហការ​រកស៊ី​ពាណិជ្ជកម្ម ដ៏​ធំ សំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស​អាល្លឺម៉ង់។​

ទស្សនកិច្ច​កិច្ច​របស់​ថ្នាក់ដឹកនាំអាល្លឺម៉ង់​នៅចិន ធ្វើ​ឡើង​តែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ បន្ទាប់​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ នៅរដ្ឋធានីប៉េកាំង​។ រយៈពេល​ថ្មីៗនេះ សហរដ្ឋអាមេរិក និង​បស្ចិម​លោក បាន​ចោទ​ចង្អុរ​​មុខ​ចិនអំពី​ការ​ប្រកួត​ប្រជែ​ង​មិន​ស្មោះត្រង់​ ជុំវិញ​ការ​​ឧបត្ថម្ភធន​ក្នុង​វិស័យ​ឧស្សា​ហ​កម្ម  ហើយ​និងការ​ផលិត​រថយន្ត​អគ្គិសនី​ច្រើន​ជ្រុល​ហួស​ចំណុះដែល​អាច​នឹង​បង្ក​វិបត្តិ​សកល​​។​ ការ​រិះគន់​ចោទ​មួយ​ទៀត ជុំវិញ​ការរើសរើង​និង​ការ​លំបាក​​ក្រុមហ៊ុន​បរទេស​ ក្នុងការជ្រៀត​ចូល​ទីផ្សារ​ក្នុង​ស្រុក​ចិន​។ សមាគមធុរកិច្ច​អាល្លឺម៉ង់​នៅ​ចិន រំពឹង​សង្ឃឹមថា លោក អូឡាហ្វ ស្ហុលស៍ យក​សំណុំរឿង​ទុក្ខព្រួយ​ទាំង​នេះ ទៅ​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​ថ្នាក់ដឹកនាំចិន ដ្បិតថា ក្រុម​ហ៊ុន​អាល្លឺម៉ង់​២ភាគ​៣ទៅហើយ ​នៅចិន កំពុងតែ​ត្អូញត្អែរ។​ ជុំវិញ​វិនិយោគទុន​​បរទេស​នៅ​ចិន អ្នក​វិភាគ​មើលឃើញថា អាល្លឺម៉ង់ អាច​នឹង​ដើរតួ​វិនិយោគទុន ដោយ​មាន​សភាព​ងាយ​ស្រួល​ជា​ង​ក្រុមហ៊ុនសហរដ្ឋ​​អាមេរិក​និងជប៉ុន។​

រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​លើកឡើង​ដែរថា វត្តមាន​របស់អធិការ​បតី​អាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ នៅស្រុក​ចិន ក៏​ដើម្បី​ជួយ​និយាយ​បញ្ចុះបញ្ចូល​ចិន ​ផ្លុំត្រ​ចៀក​ថ្នាក់ដឹកនាំ​រុស្ស៊ី ឲ្យ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ ដ្បិតថា ចិន​និង​រុស្ស៊ី មា​នចំណង​ទាក់ទងយ៉ាង​ស្និទ្ធល្មួត ដូច្នេះ អាល្លឺម៉ង់ រំពឹង​លើឥទ្ធិពលក្រុង​ប៉េកាំង​ ដើម្បី​ផ្ញើ​សារទៅ​ម៉ូស្គូ។ ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ ចិន​មិនដែល​រិះគន់​ថ្កោលទោសរុស្ស៊ី ដែល​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​ ហើយ​ចិន​មិន​ញញើត​នឹង​គំរាម​វាយ​សង្គ្រប់​ដោយ​កម្លាំងបាយ​ បង្រួប​បង្រួម​ យក​កោះ​តៃវ៉ាន់​។ ប្រភព​ស្និទ្ធ​នឹង​អធិការបតី​អាល្លឺម៉ង់ បានបញ្ជាក់ថា រាល់​ការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ​អ្វីនីមួយៗ គេ​ពុំ​អាច​នឹង​មើលរំលង​ចិន​បាន​សោះឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ