អានតួអត្ថបទ

អាមេរិក និង​អាល្លឺម៉ង់ ខឹងស៊ែរប៊ី ដែលទិញសព្វាវុធ​ពីចិន

វត្តមាន​របស់​យន្តហោះយោធា​ចិន​ដែល​ចុះចត​នៅព្រលានយន្តហោះ​នៅទីក្រុង​ប៊ែលក្រាត ប្រទេស​ស៊ែរប៊ី កាលពី​ចុងសប្តាហ៍​កន្លែងទៅ បាន​បណ្តាល​ឲ្យមាន​ប្រតិកម្ម រិះគន់ មិនពេញចិត្ត​ពីសំណាក់​អាមេរិក និងអាល្លឺម៉ង់។ យន្តហោះយោធា​ចិន ៦គ្រឿង​បាន​ដឹកជញ្ជូន មីស៊ីល​បាញ់ចេញពីដី ដែល​ស៊ែរប៊ី​បាន​បញ្ជារទិញ ពី​ចិន កាលពី​ឆ្នាំ ២០១៩។ ស៊ែរប៊ី ដែលកំពុងដាក់បេក្ខភាព​សម្រាប់ចូលជា​សមាជិក​អឺរ៉ុប ជា​ប្រទេស​អឺរ៉ុប​តែមួយ ​ដែល​ទិញ សព្វាវុធ​ពីប្រទេស​ចិន។

យន្តហោះយោធាចិនប្រភេទ Y-20របស់​កងទ័ពជាតិ​ដែលដាក់តាំងពិព័រណ៌លើកទី​១២​របស់​អាកាសចរណ៍ចិន។ គឺ​យន្តហោះប្រភេទ y-20 ដែល​ដឹកមីស៊ីល​ ដែល​ទៅ​ចុះ​ចត​នៅទីក្រុង​បែលក្រាតប្រទេស​ស៊ែរប៊ី នៅ​ថ្ងៃទី ៩​មេសា ២០២២
យន្តហោះយោធាចិនប្រភេទ Y-20របស់​កងទ័ពជាតិ​ដែលដាក់តាំងពិព័រណ៌លើកទី​១២​របស់​អាកាសចរណ៍ចិន។ គឺ​យន្តហោះប្រភេទ y-20 ដែល​ដឹកមីស៊ីល​ ដែល​ទៅ​ចុះ​ចត​នៅទីក្រុង​បែលក្រាតប្រទេស​ស៊ែរប៊ី នៅ​ថ្ងៃទី ៩​មេសា ២០២២ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី១​ដែលអឺរ៉ុប ឃើញ យន្តហោះ​យោធា​របស់​ចិន​ចុះចត នៅក្នុង​នៅទឹកដី​របស់ខ្លួន។ យន្តហោះ​យោធា​ចិន​ប្រភេទ Y20 ដែល​ចិន​ទើប​ផលិតបាន​នៅឆ្នាំ ២០១៥ មាន​នាទី​ដឹកជញ្ជូន​មីស៊ីល​ជាច្រើន​គ្រឿង ដែល​ជា​ការកម្ម៉ង់ បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ស៊ែរប៊ី។ រដ្ឋមន្រ្តីការពារ​ជាតិ​ស៊ែរប៊ី មិនបាន​អត្ថាធិប្បាយ​អ្វី​ទាក់ទង​នឹង​វត្តមានចុះចត​របស់​យន្តហោះ​យោធាចិន នៅ​ព្រលានយន្តហោះ ប៊ែលក្រាត ប៉ុន្តែ ប្រធានាធិបតី​ស៊ែរប៊ី លោក​Aleksandar Vucic ដែលទើបជាប់ឆ្នោតកាលពី​ចុង​ខែ​មីនា​បាន​បញ្ជាក់ ជា​ផ្លូវការ​ព័ត៌មាន​នេះ និង​ថា លោកនឹង​ប្រកាស​ឲ្យសាធារណៈជន​បាន​ដឹង នៅថ្ងៃ​ពុធទី ១៣​មេសា។

ស៊ែរប៊ី​បាន​ចរចា​ជាមួយ​ចិន តាំង​ពី​ឆ្នាំ ២០១៩ ដើម្បី ទិញ​មីស៊ីល​បាញ់ពីដី ប្រភេទ HQ-22 របស់ចិន​សម្រាប់បំពាក់​ឲ្យ​កងទ័ព​របស់ខ្លួន។ នេះមិនមែនជា​លើកទី១​ដែល​ស៊ែរប៊ី ទិញ សព្វាវុធ​ពី​ចិន។ ជា​សម្ព័ន្ធមិត្ត​ដ៏កម្រ​របស់​រុស្ស៊ី នៅក្នុង​ទឹកដីអឺរ៉ុប ស៊ែរប៊ី​ដែល​កំពុងដាក់បេក្ខភាព​ដើម្បី​សុំ​ចូលជាសមាជិក​របស់សហភាពអឺរ៉ុប ឧស្សាហ៍​ទិញ សព្វាវុធ​ពី​ចិន និង​រុស្ស៊ី។ កន្លងមក ស៊ែរប៊ី​បានទិញ យន្តហោះ រថក្រោះ ដ្រូន របស់​ចិន។

វត្តមានយន្តហោះយោធា​ចិនដែល​ដឹកជញ្ជូន​មីស៊ីល​ទៅ​ឲ្យ​ស៊ែរប៊ី នៅចុងសប្តាហ៍មុន បានធ្វើ​ឲ្យ​ក្រសួងការបរទេសអាមេរិកចេញសារ​ព្រមាន​ថា ស៊ែរប៊ី​ជាប្រទេស​មានអធិបតេយ្យភាព ប៉ុន្តែ ស៊ែរប៊ី​ត្រូវ​ដឹងច្បាស់​ពីផលវិបាក គ្រោះថ្នាក់ ក្នុងរយៈពេល​ខ្លី និង​រយៈពេលវែង។ អាល្លឺម៉ង់​វិញ​បានទាមទារ​ឲ្យ​ស៊ែរប៊ី ដែលជា​បេក្ខជន​សម្រាប់សមាជិក​សហភាពអឺរ៉ុប ប្រកាន់​ជំហរ​នយោបាយ​យោធា ស្របតាម​ជំហរសហភាពអឺរ៉ុប។

វត្តមានរបស់​មីស៊ីល និង​យន្តហោះ​យោធាចិន​នៅប្រទេស​ស៊ែរប៊ី ប្រាកដណាស់ កំពុង​ធ្វើ​ឲ្យអាមេរិក និង​អឺរ៉ុប​ព្រួយបារម្ភ។ យន្តហោះយោធា​ចិន​អាច​ចុះចត​នៅទឹកដីអឺរ៉ុប។ វា​បង្ហាញ​ឲ្យឃើញ​ពី​សមត្ថភាព យោធា​របស់​ចិន ដែលអាច​បោះដៃ ចេញឆ្ងាយ​ពីដែនឥទ្ធិពល​របស់ខ្លួន​នៅ​អាស៊ី។

អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​ចិន​បាន​អះអាង​កាលពីថ្ងៃ​អង្គារថា ចិន​បាន​ដឹកជញ្ជូន​សំភារៈយោធា​ទៅ​ឲ្យ​ស៊ែរប៊ី ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការប្រចាំឆ្នាំ រវាង​ប្រទេស​ទាំងពីរ និង​ថា វា​មិន​បាន​សំដៅ ប្រទេស​ផ្សេង ឬទាក់ទង​នឹង​ស្ថានភាពបច្ចុប្បន្ន​នៅអ៊ុយក្រែននោះទេ។

ជាច្រើនឆ្នាំមកហើយ ចិន និង​ស៊ែរប៊ី បានរឹតចំណងមិត្តភាពគ្នា ដោយឈរ​លើ​គំនិត​ស្អប់អាមេរិក។ ស៊ែរប៊ីនៅតែ​ស្អប់គុំ​អូតង់​ដែល​បាន​ទម្លាក់គ្រាប់ ប្រឆាំង​ទាហាន​ស៊ែរប៊ី ក្នុង​សម័យ​សង្រ្គាម​កូសូវូ នៅឆ្នាំ ១៩៩៩។ នៅក្នុង​សង្រ្គាមកូសូវ៉ូ ​ចិន​ក៏​ខឹង​អាមេរិក​ ដែលបាន​ទម្លាក់គ្រាប់​ប៉ះ ស្ថានទូត​ចិន នៅ​ប៊ែលក្រាត ដោយ​សម្លាប់មន្រ្តីទូត​ចិន​៣នាក់។

វត្តមានរបស់​យន្តហោះ​យោធា​ចិន​ដែល​ដឹកជញ្ជូន​មីស៊ីល​ទៅ​ឲ្យស៊ែរប៊ី អាច​បញ្ជាក់​ផងដែរ ពី​ការវិវឌ្ឍន៍ថ្មី នៅក្នុង​កាលៈទេសៈ​តឹងតែង​នៅក្នុងតំបន់​បាល់កង់។ សម្រាប់​អ្នកសង្កេតការអឺរ៉ុប ការណ៍​ដែល​ស៊ែរប៊ី ពង្រឹង​វិស័យយោធា ដោយ​ទិញ សព្វាវុធ​កាន់ច្រើន ដើម្បីបំពាក់ឲ្យកងទ័ពរបស់ខ្លួន គឺធ្វើ​ឲ្យ​បារម្ភកាន់តែខ្លាំង ពីការកើនឡើង​នៃភាពតានតឹង និង​លទ្ធភាពផ្ទុះសង្រ្គាមនៅតំបន់​បាល់កង់ ជាពិសេសនៅកូសូវ៉ូ ព្រោះថា រហូតមកដល់ពេលនេះ ស៊ែរប៊ីនៅតែ​មិនទាន់​ទទួលស្គាល់ឯករាជ្យ​របស់កូសូវ៉ូ ដែលធ្លាប់ជា​ខេត្តមួយ​របស់​ស៊ែរប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ