អានតួអត្ថបទ
ភូមា-ចិន-រុស្ស៊ី-អាវុធ

អ្នក​ជំនាញ​UN ថា​ចិន​និង​រុស្ស៊ី​នៅ​តែ​បន្ត​ផ្តល់​អាវុធ​ទៅ​ឲ្យ​របប​សឹក​ភូមា

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​ភូមា លោក Tom Andrews បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ ទី២២ កុម្ភៈនេះ​ថាប្រទេស​ចិន​ រុស្ស៊ី​ និង​ប្រទេស​ស៊ែប៊ី​បាន​បន្ត​ផ្គត់​ផ្គង់​អាវុធ​ទៅឲ្យ​របប​សឹក​ភូមា​។ អាវុធ​ដែល​អ្នក​ជំនាញ​ UN បរិហារ​ថា​ត្រូវ​បាន​យោធា​ភូមា​ប្រើ​សម្រាប់​វាយ​ប្រហារ​ទៅលើ​ជនស៊ីវិល​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​មុន​មក​។

ក្រុមអ្នកតាមដានស្ថានការណ៍នៅភូមាថា ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុនមក មានជនស៊ីវិលជាង ១ ៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបដោយយោធាភូមា។
ក្រុមអ្នកតាមដានស្ថានការណ៍នៅភូមាថា ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុនមក មានជនស៊ីវិលជាង ១ ៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបដោយយោធាភូមា។ STR AFP/File
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅភូមា​ លោក Andrews បានគូសបញ្ជាក់ថាបើទោះបីជាមាន​ភស្តុតាង​ស្តីពី​អំពើដ៏ឃោរឃៅ​ប្រព្រឹត្ត​ដោយរបបយោធា​តាំងពី​រដ្ឋប្រហារ​កាលពីឆ្នាំមុន​ក៏ដោយ​ ក៏សមាជិក​អចិន្ត្រៃយ៍ពីរនៃក្រុមប្រឹក្សាសន្តិសុខគឺចិន និងរុស្ស៊ីនៅតែ​បន្តផ្តល់​យន្ត​ហោះចម្បាំង និង​រថពាសដែកជាច្រើន​ដល់​របបសឹកភូមា​របស់​លោក​ឧត្តមសេនីយ៍មីន អ៊ុងឡាំង​។

ឆ្លើយតបនឹងបញ្ហានេះ អ្នកជំនាញអង្គការសហប្រជាជាតិរូបនេះ​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ កោះប្រជុំជាបន្ទាន់ដើម្បីជជែកពិភាក្សា​និង​សម្រេចលើ​ការ​ហាមឃាត់​អាវុធ ដែលគេដឹងថា​ ត្រូវបានកងទ័ពភូមាយកទៅប្រើដើម្បីវាយប្រហារ​និង​សម្លាប់​ជន​ស៊ីវិល​។

នៅថ្ងៃ​អង្គារ​នេះ លោក Andrews បង្ហាញរបាយការណ៍ដែលគេរង់ចាំជាយូរមក​។ ជា​របាយការណ៍ រៀបរាប់លម្អិតអំពីទីតាំង​ដែល​របប​សឹក​ភូមាទទួលបាន​អាវុធ​។ គួរទាញបញ្ជាក់ថាក្រៅពី​ប្រទេស​ចិន និងរុស្ស៊ី ប្រទេសស៊ែរប៊ីក៏ស្ថិតនៅ​ក្នុង​ចំណោម​អ្នក​លក់​អាវុធ​រួមមាន​គ្រាប់រ៉ុកែត និងកាំភ្លើងធំទៅឲ្យភូមាផងដែរ​។ នេះបើតាមលោក Andrews អ្នកជំនាញ​ឯករាជ្យ​របស់​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប៉ុន្តែ​លោក​មិន​បាន​និយាយក្នុង​នាម​ស្ថាប័នពិភពលោកមួយនេះឡើយ។

អ្នកជំនាញ UN ដដែលនេះ​បាន​សង្កត់ធ្ងន់ដែរ​ថាអាវុធ​ដែល​គេ​ប្រើ​ដើម្បី​សម្លាប់​ជន​ស៊ីវិល​ភូមា ​មិន​គួរ​ត្រូវ​បាន​គេ​បញ្ជូនឲ្យ​ទៅ​យោធាភូមា​ទៀត​ទេ ហើយវា​ជារឿងចាំបាច់ណាស់​ដែល​រដ្ឋ​ជាសមាជិក និង​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវចាត់វិធានការបន្ទាន់​បញ្ឈប់​ការលក់​អាវុធ​ដល់​របប​យោធា ដើម្បីជួយដល់​ប្រជាជនស្លូតត្រង់​ ក៏ដូចជា​បង្កើនភាពជឿជាក់​របស់​ពិភពលោក​លើ​សមត្ថកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ។

គួររំឭកថា ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុនមក ប្រទេសភូមា​បាន​ស្ថិត​ក្នុងភាព​វឹកវរ ចំណែកសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីមួយនេះវិញបានធ្លាក់ចុះខ្លាំង។ ហើយមានជនស៊ីវិលជាង ១ ៥០០ នាក់​ត្រូវ​បាន​សម្លាប់នៅក្នុងការបង្រ្កាបដោយពួកយោធា។ នេះបើ​យោងតាមក្រុម​អ្នកតាម​ដាន​ស្ថានការណ៍​នៅភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ