អានតួអត្ថបទ
អូតង់-រុស្ស៊ី

អូតង់​បាន​សម្ពោធ​នៅ​រូម៉ានី គឺ​គ្រឿងផ្សំទី២​នៃ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​នៅ​អឺរ៉ុប

ម្សិលមិញ ថ្ងៃ១២ឧសភា អូតង់​បាន​ដាក់​ឲ្យ​ត្រៀម​ប្រតិបត្តិការ​ជា​ផ្លូវការ គឺ ប្រព័ន្ធ “ខែលមីស៊ីលប្រឆាំងមីស៊ីល” ដែល​ប្រចាំការ នៅ​លើ​ដែនដី​ប៉ែក​ខាង​ត្បូង​រូម៉ានី ជា​ប្រទេស សមាជិក​បក្សសម្ព័ន​នេះ ហេតុ ដែល​ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​ក្តៅក្រហាយ​តែ​ម្តង ពី​ខាង​ក្រុង​ម៉ូស្គូ ដែល​ចាត់​ទុក​ប្រព័ន្ធ​នេះ​ថា ជាការ​គំរាម​ត្រង់ៗ ដល់​សន្តិសុខ​រុស្ស៊ី ព្រម​ទាំង ជា ហានិភ័យ បន្សោយ សក្តានុពល​កាំជ្រួច​នុយក្លេអ៊ែររបស់​រុស្ស៊ី​ទៅ​ផង ទោះ​បី ថ្នាក់ដឹកនាំ​អូតង់ ខំ​អះអាង​ថា វា ឥត​បង្ក​ជា​គ្រោះថ្នាក់​អ្វី​ទេ ដល់​សន្តិសុខ​រុស្ស៊ី។

លោក​អគ្គលេខាធិការ​អូតង់ Stoltenberg
លោក​អគ្គលេខាធិការ​អូតង់ Stoltenberg REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

គ្រឿងផ្សំ​ទី២​នេះ នៃ​ប្រព័ន្ធ​ខែលមីស្ស៊ី​ប្រឆាំង​មីស៊ីល របស់​អូតង់ ត្រូវ​បាន​ស.រ.អា. និង រូម៉ានី ដាក់​ឲ្យដំណើរការ​ជា​ផ្លូវការ​ម្សិលមិញ គឺ​នៅ​លើ​ដែនដី​នៃ​អតីត​មូលដ្ឋាន​កងអាកាស ឈ្មោះ Deveselu សង់​ឡើង​ដោយ​សហភាពសូវៀត តាំង​ពី​ក្នុង​ឆ្នាំ ១៩៥២។ គឺ​កាល​ពី​ខែ​តុលា​ឆ្នាំ២០១៣ ដែល​ស.រ.អា. បាន​ចាប់​ផ្តើម​សង់​ឡើង​នៅ​ទីនោះ ភាគ​ទី២ នៃ គម្រោង​ខែលមីស៊ីល​នោះ ដែល​ត្រូវ​បាន​បំផុស​មក​ក្នុងឆ្នាំ២០១០។ ដើរ​តួ​ជា បេះដូង​មណ្ឌល ដែល​បាន​តម្រូវ ឲ្យ​ចំណាយ​អស់ ៨០០លានដុល្លារ គឺ​អាគារបេតុង​កំពស់២០ម៉ែត្រ រំលេច​ចេញ​ពី ដំបូល​វា ទៅ​ដោយ​បង្គោល​អង់តែន​ច្រើន​ឥត​គណនា ហើយលំអ​ដោយ ទង់ជាតិ​អាមេរិកាំង។

ប្រចាំការ​នៅ​មណ្ឌល​នេះ គឺ កាំជ្រួច​មីស៊ីល​ធុន MS-2 សម្រាប់​ស្កាត់​ចាប់​មីស្សីល​ខ្មាំង។ គ្រឿង ផ្សំ នៅ​មូលដ្ឋាន​រូម៉ានី ជា​គ្រឿងផ្សំ​ទី២ នៃ​ខែលមីស្សីល​ប្រឆាំង​មីស៊ីល​របស់​អូតង់​នៅ​អឺរ៉ុប។ គ្រឿងផ្សំ​ទី១ គឺ ស្ថានីយរ៉ាដារ ដែល​ស្ថិត​នៅ​តួកគី និង នាវា​៤គ្រឿង​ប្រចាំការ​នៅ​តាម​ឆ្នេរ អេស្ប៉ាញ បំពាក់​ទៅដោយ​កាំជ្រួច Aegis ខាង​ការពារ​ប្រឆាំង​មីស៊ីល។ ហើយ​គ្រឿងផ្សំ​ទី៣ នៃ ប្រព័ន្ធ​ខែលមីស៊ីលប្រឆាំង​មីស៊ីល​នោះ ត្រូវ​ចាប់​ផ្តើម​សង់​នៅ​ប៉ូឡូញ នៅ​ថ្ងៃ​សុក្រ​នេះ​តែ​ម្តង ដើម្បី​សម្ពោធ​វា នៅដំណាច់​ឆ្នាំ២០១៨។

ដើម្បី​ឲ្យ​រុស្ស៊ី​ស្ងប់​ចិត្ត ថា ប្រព័ន្ធ​ខែល​នេះ ឥត​តម្រង់​ប្រឆាំង​រុស្ស៊ី​ទេ លោក អគ្គលេខាធិការ​អូតង់ Stoltenberg បាន​ថ្លែង​ថា កាំជ្រួច​ខាង​ស្កាត់​ចាប់ នៅ​មូលដ្ឋាន​រូម៉ានី គឺ​ទុក​សម្រាប់​ផ្ចាញ់ មីស៊ីល ណា ដែល​អាច​បាញ់​បង្ហោះ​ចេញ​ជា​យថាហេតុ ពី តំបន់​មជ្ឈិមបូព៌ា មាន​ពី​អ៊ីរ៉ង់​ជា​ដើម។ មិន​តែ ប៉ុណ្ណោះ វា​មាន​ចំនួន​តិចតួច​សោះ ហើយ វា​ស្ថិត​នៅ​ខាង​ត្បូង​ជ្រុល និង​នៅ​ជិត​ពេក នឹង​ប្រទេស រុស្ស៊ី ម្ល៉ោះ​ហើយ បាន​ជា​វា មិន​អាច​ស្កាត់​ចាប់​ឡើយ កាំជ្រួចមីស៊ីល​អន្តរទ្វីប​របស់​រុស្ស៊ី​ដែល​ទុក វាយប្រហារ ទៅ​ចម្ងាយ​ឆ្ងាយៗ ដល់​ជាង១ម៉ឺនគ.ម.ឯណោះ។

ប៉ុន្តែ​ម៉ូស្គូ​មិន​ជឿ​សោះ​ឡើយ​សម្តី​ពោល​អាង របស់​មេដឹកនាំ​អូតង់។ យ៉ាងណាមិញ អ្នកនាំពាក្យ វិមានក្រេមឡាង លោក ពេស្កូវ ថ្លែងជាអាទិ៍​ថា យើង​តែង​និយាយ​ច្រើន​ដង​មក​ហើយ​ថា តាម ជំនឿ​ជឿជាក់របស់​យើង ការ​ដំឡើង​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល របស់​អូតង់ នៅ​អឺរ៉ុប តាម​ធាតុពិត​ដែលមាន គឺ សំដៅ​បន្សោយ សក្តានុពល​បរមាណូ​របស់​រុស្ស៊ី ហើយ​ជា​ការ​គំរាម​ត្រង់ៗ ដល់​សន្តិសុខ​រុស្ស៊ី។ ក្រសួង​ការបរទេស​រុស្ស៊ី ពី​ចំណែក​ខ្លួន ចាត់​ទុក​ខែលអូតង់​នេះ​ថា ជា​កត្តា​ដែល​នាំ​ឲ្យ​រង្គោះរង្គើ ដល់ ស្ថិរភាព​នៅ​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ