អានតួអត្ថបទ
អូតង់-រុស្ស៊ី

អូតង់នឹងពង្រីកវត្តមានយោធាខ្លួននៅសមុទ្រខ្មៅដើម្បីទប់នឹងរុស្ស៊ី

ថ្នាក់​ដឹកនាំ​បក្ស​សម្ព័ន្ធ​អូតង់ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ គ្រោង​បង្កើន​កង​នាវា​ចម្បាំង​ប្រចាំ​នៅ​សមុទ្រ​ខ្មៅ​ដើម្បី​បំផ្លាញ​ផែនការ​របស់​រុស្ស៊ី​កុំ​ឲ្យ “ អាង​យ៉ាង” នៅ​ទីនោះ - សេចក្តី​ថ្លែង ការណ៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្រុង Sofia រដ្ឋធានី​ប៊ុលហ្ការី​ដោយ​លោក Alexander Vershbow កាលមុន​ជា អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំនៅ​រុស្ស៊ី​ហើយ​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​របស់​អូតង់។ តាម​សម្តី​គាត់ ឥឡូវ​កំពុង​ប្រព្រឹត្ត​ទៅ​កិច្ច​ចរចាសមស្រប​ជាមួយ​បណ្តា​ប្រទេស​សមាជិក​បក្ស​សម្ព័ន្ធ​បែបយ៉ាង ប៊ុលហ្ការី រូម៉ានី តួកគី ដែល​សុទ្ធតែ​ស្ថិតនៅ​តាម​ឆ្នេរ​សមុទ្រ​នេះ។

ទាហាន​ អូតង់ឈរនៅក្បែរយាន្តយន្តរបស់ខ្លួនដែលត្រូរអន្តរាយ​នៅក្រុង Kaboul,ក្នុងប្រទេស​អាហ្វហ្កានីស្ថាន​១១តុលា​២០១៥
ទាហាន​ អូតង់ឈរនៅក្បែរយាន្តយន្តរបស់ខ្លួនដែលត្រូរអន្តរាយ​នៅក្រុង Kaboul,ក្នុងប្រទេស​អាហ្វហ្កានីស្ថាន​១១តុលា​២០១៥ REUTERS/Ahmad Masood
ផ្សាយពាណិជ្ជកម្ម

 

សេចក្តីថ្លែងការណ៍​នោះ ត្រូវ​បាន​លោក Alexander Vershbow ធ្វើ​ក្នុង​កិច្ច​ប្រជុំ​នៃ​
“ ក្លឹបអាត្លង់ទិក ក្នុង​ក្របខ័ណ្ឌ​សន្និសីទ​ខាង​ធានា​សន្តិសុខ​នៅ​សមុទ្រ​ខ្មៅ“ ។ គាត់​ថា ការ​ពិភាក្សា​សែនមាន​តម្លៃ​កំពុង​ប្រព្រឹត្ត​ទៅ ជាមួយ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត ដែល​រស់នៅ​តាម​មាត់​សមុទ្រ​ខ្មៅ ជុំវិញ​ការ​ធ្វើ សមាហរ័ណកម្ម កងម៉ារីន​យោធា​របស់​គេ​នៅ​សមុទ្រ​នេះ។ គាត់​បន្ថែម​ថា អូតង់​អាច “ពង្រីក​វត្តមាន” ខ្លួន​នៅ​សមុទ្រ​ខ្មៅ​គឺ​ទៅ​ទល់​ខែ​កក្កដា​ខាង​មុខ​ទៅ​ហើយ ពេល​ដែល​ពួក​អ្នក​ដឹកនាំ​បស្ចិម​លោក នឹង​រួម​ប្រជុំក្នុង​ជំនួប​កំពូល។

លោក​អគ្គលេខា​រង​អូតង់ ពន្យល់​បំភ្លឺ​ថា ៖ យុទ្ធសាស្ត្រ​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ គឺ​ជា​ភាគ​មួយ​នៃ ការ​ខំប្រឹងប្រែង​ជា​សកល ដើម្បី”ចាក់​ឫស​ខ្លួន​ឲ្យ​ជាប់​ម៉ឺង”នៅ​ទីនោះ -ការ​ខំប្រឹងប្រែង​ដែល​ឥឡូវ លាត​សន្ធឹង​ពី​សមុទ្រ​ទឹក​កក​នៅ​ឧត្តរ រហូត​ដល់​ប្រទេស​ស៊ីរី​នៅ​ខាង​ត្បូង ហើយ​ដែល​បង្កើត​ជា​គ្រោះថ្នាក់​ដល់ ឯកភាព​អូតង់​ព្រមទាំង ដល់​បូរណភាព​ដែនដី​របស់​បក្ស​សម្ព័ន្ធ​នេះ។

លោក Vershbow កត់​សម្គាល់​ថា អូតង់​មិនអាច​បណ្តោយ​ឲ្យរុស្ស៊ី​ធ្វើ​ព្រងើយ​កន្តើយ ចំពោះ​គោលការណ៍ផង​ទាំង​ឡាយ​ដែល​ជាមូលដ្ឋាន​ទ្រ​ប្រព័ន្ធ​សន្តិសុខ​ទ្វីប​អឺរ៉ុប។ បើអូតង់​បណ្តោយ គឺ​មាន​ន័យ​ថា ក្បត់​នឹងតម្លៃ​របស់​ខ្លួន​ហើយ​រឹតតែ​លើក​ទឹកចិត្ត​រុស្ស៊ី​ឲ្យ​ប្រថុយ​ប្រព្រឹត្ត​អំពើ​ឈ្លានពាន​តទៅទៀត។

មុនពេលនេះ លោកប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន​ប្រកាស​ថា ប្រទេស​គាត់ ត្រៀម​ភ្ជាប់​ខ្លួន ទៅ​នឹង​ការ​បង្កើត​ឡើង​ជា​កង​នាវា​ប្រចាំ​នៅ​សមុទ្រ​ខ្មៅ ដែល​ស្ថិត​នៅ​ក្រោម ការ​ដឹកនាំ​របស់​អូតង់​ផ្ទាល់។ សេចក្តីថ្លែងការណ៍​នេះ ត្រូវ​ប្រមុខ​រដ្ឋអ៊ុយក្រែន​ធ្វើ​ពេល​បំពេញ ទស្សនកិច្ច​នៅ​រូម៉ានី -ប្រទេស​ដែល​បានបំផុស​មក​ជា គំនិតផ្តួចផ្តើម​ឲ្យ​បង្កើត​កង​នាវា​បែប​នេះ។

គឺក្នុង​ជំនួប​កំពូល​អូតង់ នៅ​ខែ​កក្កដា​ខាង​មុខ ដែល​រូម៉ានី​នឹង​លាតត្រដាង​សំនើ​ខ្លួន ដែល​ប្រមើល​ថា អនាគត​កង​នាវា​នោះ​នឹង​ផ្សំឡើង​ពី កប៉ាល់​ចម្បាំង របស់ រូម៉ានី ប៊ុលហ្ការី តួកគី ហើយក៏​អាច​រួម​ក្តោប​ទាំង នាវា​ចម្បាំង​របស់ ស.រ.អា. អាល្លឺម៉ង់ អ៊ីតាលី។ អាច​សហការ​ជាមួយ កង​នាវា​ថ្មី​នេះ ក៏​ទាំង​កងម៉ារីន របស់ អ៊ុយក្រែន និង ហ្ស័កហ្ស៊ី។

បច្ចុប្បន្ន នាវា​ចម្បាំង​ពួក​ប្រទេស​អូតង់ វត្តមាន​លើ​ផ្ទៃ​ទឹក​សមុទ្រ​ខ្មៅ​គឺ​តែ​នៅ​ពេល​ធ្វើ​សមយុទ្ធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ