អានតួអត្ថបទ
រុស្ស៊ី-អូតង់-ស៊ីរី

ប្រតិបត្តិការ​កង​អាកាស​រុស្ស៊ី ​នៅ​ស៊ីរី ​ប្រព្រឹត្តទៅ ​ក្រោម​ក្រសែ​ភ្នែក​អូតង់

ក្នុង​១​ថ្ងៃ​១​យប់​កន្លង​ទៅ ​កង​អាកាស​រុស្ស៊ី ​បាន​ទំលាក់​គ្រាប់បែក​ទៅ​លើ​ ទីតាំង​ ចំនួន​ដល់​ទៅ​១១៨​កន្លែង ​របស់​អង្គការ​ភេរវនិយម​រដ្ឋ​អ៊ីស្លាម ​គឺ​ច្រើន​មិន​ធ្លាប់​មាន​ដូច​ទេ ​បើ​គិត ​តាំង​ពី​ថ្ងៃ ​៣០​កញ្ញា​មក។ ប៉ុន្តែ ​ពួក​ប្រទេស​អូតង់ ​នាំ​គ្នា​ឆ្លៀត​ចោទ​ម៉ូស្គូ ​ថា ​ការ​វាយ​ប្រហារ​ របស់​រុស្ស៊ី​នៅ​ស៊ីរី ​បាន​ប៉ះពាល់ ​ដល់​សំណង់​ស៊ីវិល​នានា ​ដែល​បណ្តាល​ឲ្យ​ អ្នក​ស្រុក​ស្លូតត្រង់ ​ធ្លាក់​ខ្លួន​ស្លាប់ ​អស់​សឹប​នាក់​ទៅ​ហើយ។ ម៉ូស្គូ ​ពី​ចំណែក​ខ្លួន ​ទាមទារ​ពី​អូតង់ ​ឲ្យ​បង្ហាញ​មក​ តឹកតាង​ជា​សំអាង​ ការ​ចោទ​ប្រកាន់​នោះ។

យន្តហោះ​ប្រដេញ ទម្លាក់​គ្រាប់បែក​ Su-34 របស់​រុស្សី កំពុង​ទម្លាក់​គ្រាប់​នៅ​ស៊ីរី
យន្តហោះ​ប្រដេញ ទម្លាក់​គ្រាប់បែក​ Su-34 របស់​រុស្សី កំពុង​ទម្លាក់​គ្រាប់​នៅ​ស៊ីរី REUTERS/Ministry of Defence of the Russian Federation/Handout vi
ផ្សាយពាណិជ្ជកម្ម

ល្ងាច​ថ្ងៃ​២៨​តុលា ​អង្គភាព​ព័ត៌មាន​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​ប្រកាស​ថា ​ក្នុង​ ២៤​ ម៉ោង​ចុង​ក្រោយ ​កង​អាកាស​រុស្ស៊ី ​បាន​ចេញ​ប្រតិបត្តិការ​ សកម្ម​ខុស​ពី​ធម្មតា ​ចំនួន​ ៧១​ លើក​ ឯណោះ​ ដោយ​បាន​វាយ​ប្រហារ​ទៅ​លើ​ទីតាំង ​របស់​ពពួក​ក្រុម​ភេរវ​និយម​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​ ចំនួន​រហូត​ដល់​១១៨​កន្លែង ​ដែល​ច្រើន​មិន​ធ្លាប់​មាន​ដូច​ទេ ​គិត​តាំង​ពី​ពេល​ដែល​កង​អាកាស​ រុស្ស៊ី ​បាន​ចូលខ្លួន​អន្តរាគមន៍​នៅ​ស៊ីរី​ថ្ងៃ​៣០​កញ្ញា​មក។ ទីតាំង​ទាំង​នោះ ​ស្ថិត​ក្នុង​ខេត្ត​ Hama ​និង​ ខេត្ត​ Homs​ នៅ​កណ្តាល​ប្រទេស ​ ខេត្ត​ Idleb ​និង​ ខេត្ត​ Alep ​ ប៉ែក​ពាយ័ព្យ  ខេត្ត​Lattaquié ​ប៉ែក​ខាង​លិច ​និង​ តំបន់​រដ្ឋធានី ​Damas ​ខាង​ត្បូង​ប្រទេស។

 
ក្រសួង​យោធា​រុស្ស៊ី ​គូស​បញ្ជាក់​ថា ​ទី​តាំង​ដែល​កង​អាកាស​ខ្លួន​វាយ​ប្រហារ​នេះ ​គឺ​ជា ​ទី​បញ្ជាការ​ ជា ​ឃ្លាំង​ស្តុក​អាវុធ ​ជា ​ជំរំ​បង្វឹក​បង្ហាត់ ​ជា​ រោង​ជាង​ផលិត​គ្រឿង​ផ្ទុះ ​ជា ​បណ្តុំ​ហេដ្ឋារចនាសម្ព័ន្ធ ​របស់​ពួក​ភេរវជន ​ដែល​មុន​នឹង​វាយ​ប្រហារ ​ត្រូវ​បាន​រុស្ស៊ី ​សិក្សា​លំអិត​ យោង​ទៅ​លើ​រូបភាព​ថត​ ដោយ​ផ្កាយ​រណប ​ដោយ​យន្តហោះ​គ្មាន​ពី​ឡុត​បើកបរ​ Drone​ មិន​មែន​ជា​សំណង់​ស៊ីវិល ​ដូច​ដែល​កាសែត​បស្ចិម​លោក​ និង​មជ្ឈដ្ឋាន​អូតង់ ​នាំគ្នា​ផ្សព្វផ្សាយ​ដើម្បី​ ជា​លេស​ចោទ​ប្រកាន់​ ក្រុង​ម៉ូស្គូ​ឡើយ។

មក​ពី​មូលហេតុ​នេះ ​បាន​ជា​នា​រសៀល​ថ្ងៃ​២៧​តុលា ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​អញ្ជើញ​ សេនានុព័ន្ធ​ប្រទេស​អូតង់ ​បែប​យ៉ាង​ អាមេរិក ​អង់គ្លេស ​បារាំង​ អាល្លឺម៉ង់ ​អ៊ីតាលី ​តួកគី​ ព្រម ​ទាំង​ អារ៉ាប៊ី សាអ៊ូឌីត ​ផង ​ដើម្បី​សុំ​ឲ្យ​គេ​ពន្យល់​អំពី​សេចក្តី​ថ្លែងការណ៍ ​ដែលគេ​ធ្វើ​កាន់​តែ ​ញឹក​ញយ​នា​ពេល​ចុង​ក្រោយ ​រិះគន់ ​សកម្មភាព​កង​អាកាស​រុស្ស៊ី​នៅ​ស៊ីរី។
 

ថ្លែង​ក្នុង​ឱកាស​នោះ ​លោក​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី ​ឧត្តម​សេនីយ​ Anatoly Antonov​ សង្កត់​ធ្ងន់​ថា ៖ ​បើ​អូតង់ ​មាន​ភស្តុតាង​មែន​ពិត​ ដែល​ស​ឲ្យ​ឃើញ​ថា ​កង​អាកាស​រុស្ស៊ី ​បាន​វាយ​ប្រហារ​ ទៅ​លើ​សំណង់​ស៊ីវិល​ បែប​យ៉ាង ​មន្ទីរ​ពេទ្យ ​សាលា​រៀន​ វិហារ​អ៊ីស្លាម​ ជាដើម ​ដែល​បណ្តាល​ឲ្យ​ អ្នក​ស្រុក​ស៊ីរី​ធ្លាក់​ខ្លួន​រង​គ្រោះ ​និង​ ស្លាប់ ​សូម​បង្ហាញ​តឹកតាង​ទាំង​នេះ​មក​ បើគ្មាន​ទេ ​គប្បី​ធ្វើ​ សេចក្តី​ថ្លែង​ការណ៍​បដិសេធ​ទៅ ​ពុំនោះ​សោត​ទេ​ ម៉ូស្គូ​សូម​ចាត់​ទុក​ទង្វើ​របស់​គេ ​ជា ​ការ​ផ្លុំ​បញ្ឆេះ ​សង្គ្រាម​ឃោសនា ​ប្រឆាំង​រុស្ស៊ី​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ