អានតួអត្ថបទ
អូស្ត្រាលី-ប៉ាពូអាស៊ីនូវេលហ្គីណេ​

ស្លាប់ម្នាក់​ របួស​៧៧នាក់​ ក្នុង​មន្ទីរឃុំឃាំង​ជនភៀសខ្លួន​អូស្ត្រាលី​ នៅ​​ប៉ាពូអាស៊ី​នូវេលហ្គីណេ​

នៅថ្ងៃ​ចន្ទ​ម្សិលមិញ អំពើហិង្សា​ថ្ងៃ​ទី២ ​នៅ​មន្ទីរឃុំឃាំង​ជនភៀសខ្លួន​អូស្ត្រាលី​​​ ក្នុង​ប្រទេស​​ប៉ាពូ​អាស៊ី​នូវេល​ហ្គីណេ បាន​បណ្តាល​អោយ​ជនភៀសខ្លួន​​ម្នាក់​ស្លាប់ និង​៧៧នាក់ទៀត​រងរបួស ក្នុង​នោះ​​​​​១៣នាក់ ស្ថិត​ក្នុង​​ស្ថានភាព​​ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រី​អន្តោ​ប្រវេសន៍​អូស្ត្រាលី​បាន​សន្យា​ថា នឹង​បើក​ការស៊ើបអង្កេត​លើ​ហេតុការណ៍​​នេះ។

ហេតុការណ៍​ហិង្សា​នៅ​មន្ទីរឃុំឃាំង​ជនភៀសខ្លួន​ របស់​អូស្ត្រាលី នៅ​កោះម៉ានូស ថ្ងៃ​១៦កុម្ភៈ​ម្សិលមិញ
ហេតុការណ៍​ហិង្សា​នៅ​មន្ទីរឃុំឃាំង​ជនភៀសខ្លួន​ របស់​អូស្ត្រាលី នៅ​កោះម៉ានូស ថ្ងៃ​១៦កុម្ភៈ​ម្សិលមិញ Reuters
ផ្សាយពាណិជ្ជកម្ម

គួររំលឹក​ថា ​ជាគោលការណ៍ រដ្ឋាភិបាល​អូស្ត្រាលី​បញ្ជូន​រាល់ជនភៀសខ្លួន​ដែល​ចូលមក​ក្នុង​ទឹកដី​អូស្ត្រាលី​ ដោយខុសច្បាប់ ​​ទៅ​មន្ទីរឃុំឃាំង នៅ​ប៉ាស៊ីហ្វិក ដើម្បី​អោយ​ជនភៀសខ្លួន​​តាម​កប៉ាល់​ដ៏ទ្រុឌទ្រោម​​នានា ​​បាក់ទឹកចិត្ត​ លែង​ប្រថុយប្រថាន​អាយុ​ជីវិត​ ចូល​មក​អូស្ត្រាលី​ទៀត។ ក្នុងពេល​​រង់ចាំ​អោយ​អាជ្ញាធរ​អូស្ត្រាលី​ពិនិត្យ​ពាក្យ​សុំ​សិទ្ធី​ជ្រកកោន​នៅ​អូស្ត្រាលី ជន​បរទេស​ត្រូវ​​រស់នៅ​មន្ទីរឃុំឃាំង​​ រាប់ខែ​ឯណោះ។

មុន​នឹង​​រីករាលដាល​រហូត​មាន​មនុស្សស្លាប់ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ហេតុការណ៍​វឹកវរ​​នៅ​មន្ទីរ​ឃុំឃាំង​​ជនភៀសខ្លួន​​​របស់​អូស្ត្រាលី ក្នុង​ទឹកដី​ប៉ាពូអាស៊ីនូវេលហ្គីណេ បាន​កើត​ឡើង​​តាំងតែ​ពីថ្ងៃ​អាទិត្យ​ម្ល៉េះ​។ មន្ទីរឃុំឃាំង​ជនភៀសខ្លួន​ដែល​រងហេតុការណ៍​នោះ ស្ថិត​នៅ​កោះ​ម៉ានូស។ នៅទីនោះ មនុស្ស​​​៣៥នាក់​បាននាំគ្នា​រត់គេច​ចេញពី​មន្ទីរឃុំឃាំង​។ ក្នុង​ការរត់គេច​នេះ ជនភៀសខ្លួន​ច្រើននាក់​បាន​រងរបួស។

យោងតាម​លោក អ៊ីយ៉ាន រិនទូល មកពី​ក្រុមការពារ​សិទ្ធិ​ជនភៀសខ្លួន ហេតុការណ៍​ទាំងនេះ​កើតឡើង ដោយសារ​ថា ប្រជាជន​រស់នៅ​កោះ​ម៉ានូស មិនបាន​ពេញចិត្ត​នឹង​វត្តមាន​ជនភៀសខ្លួន​ទាំងនេះ ក្នុង​ស្រុក​ពួកគេ​នោះទេ។ មនុស្ស​ប្រុស​ជាច្រើន​ជាអ្នករស់​នៅ​កោះម៉ានូស ប្រដាប់​ដោយ​ផ្គាក់ ដំបង និង​ដុំថ្ម បានព្យាយាម​ចូល​ក្នុង​​មន្ទីរឃុំឃាំង​ជនភៀសខ្លួន​នោះ ធ្វើអោយ​ជន​ភៀសខ្លួន​នាំគ្នា​​រត់គេច​ ព្រោះខ្លាច​ស្លាប់។ លោក​រិនទូល ជា​អ្នកការពារ​សិទ្ធិជនភៀសខ្លួន​ បន្ថែមទៀតថា ហេតុការណ៍​នេះ​សបង្ហាញ​ថា ជនភៀសខ្លួន​គ្មាន​សុវត្ថិភាពសន្តិសុខ​នៅ​កោះម៉ានូស នោះទេ ដូច្នេះ ត្រូវតែ​បញ្ជូន​ពួកគេ​ទៅអូស្ត្រាលី​​។

រដ្ឋាភិបាល​អភិរក្ស​និយម​អូស្ត្រាលី​មិនបាន​អត្ថាធិប្បាយ​អ្វី​ ក្រោយ​មានហេតុការណ៍​នេះ​កើតឡើងទេ ប៉ុន្តែ រដ្ឋមន្ត្រី​អន្តោប្រវេសន៍​សន្យា​ថា នឹង​ស៊ើបអង្កេត​រឿងនេះ។ ការពង្រឹង​នយោបាយ​អន្តោប្រវេសន៍​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​​​អាណត្តិ​ថ្មី​អូស្ត្រាលី​ នៅ​ឆ្នាំ២០១៣ កន្លងទៅ ត្រូវបាន​ឧត្តម​ស្នងការ​ទទួលបន្ទុក​ជនភៀសខ្លួន​​នៃ​អង្គការ​សហប្រជាជាតិ​ HCR រិះគន់​យ៉ាង​ខ្លាំង។ យោងតាម​អង្គការ​ HCR មន្ទីរឃុំឃាំង​នៅ​កោះម៉ានូស និង​ណូរូ ជា​កន្លែង​ផ្តល់​ការ​លំបាក​ដល់ជនភៀសខ្លួន​ជា​​​បុរស ស្ត្រី​ និង​កុមារ​ ដែល​រស់នៅ​ទីនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ