អានតួអត្ថបទ
វ៉ាទីកង់

សម្តេច​ប៉ាប​ធ្វើ​កំណែ​ទម្រង់​ប្រឆាំង​នឹង​អានាចារ​លើ​កុមារ​និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ

នៅរសៀល​​ថ្ងៃព្រហស្បតិ៍​ទី ១១ កក្កដា ២០១៣ សម្តេច​ប៉ាប François បាន​ប្រកាស​​ធ្វើ​កំណែទម្រង់​ច្បាប់​ព្រហ្មទណ្ឌ ដែល​សំដៅ​រឹត​បន្តឹង​ទណ្ឌកម្ម​ប្រឆាំង​រាល់​ទង្វើ​អានាចារលើ​កុមារ​ និង​ពង្រឹង​ទោស​ចំពោះ​ករណី​ពុក​រលួយ​ ឬ​ការ​លាង​លុយ​កខ្វក់ ដែល​បុរី​វ៉ាទីកង់​ទើប​បាន​រងគ្រោះ​កាលពី​ថ្មីៗ​នេះ។

សម្តេចប៉ាប François
សម្តេចប៉ាប François REUTERS/Alessandro
ផ្សាយពាណិជ្ជកម្ម

កំណែទម្រង់​ច្បា​ប់​ព្រហ្ម​ទណ្ឌ​វ៉ាទីកង់ ដែល​​​សម្តេច​ប៉ាប​បាន​ចុះ​ហត្ថលេខា​ នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃទី​១​កញ្ញា​ ឆ្នាំ​២០១៣​តទៅ​ សម្រាប់គ្រប់​សមាជិក​របស់​រដ្ឋាភិបាល​កណ្តាលរបស់​វ៉ាទីកង់​ មន្ត្រី​ទូត​ បុគ្គលិក​របស់​អង្គការ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បុរីវ៉ាទីកង់ មិន​ថា​នៅ​ក្នុង​ឬ​ក្រៅ​ដែន​ដី​នេះ​ទេ។

ច្បាប់​ព្រហ្មទណ្ឌ​វ៉ាទីកង់ដែល​មាន​ចំណាស់​តាំង​ពី​ឆ្នាំ​១៩២៩ ឆ្នាំ​បង្កើត​រដ្ឋ​ឯករាជ្យ​ដ៏​តូច​មួយ​នេះ បាន​កែប្រែ​សម្រួល​​​ឱ្យ​កាន់​តែ​ស្រប​ទៅ​នឹង​​​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ។ ​ការដាក់​ទោស​អស់​មួយ​ជីវិត​​ ត្រូវ​រំលាយ​ចោល ដោយ​ជំនួស​មក​វិញ​នូវ​កា​រដាក់​ទោស​ធ្ងន់បំផុត​ត្រឹម​ជាប់​ពន្ធនាគារ ពី​៣០ ទៅ​៣៥​ឆ្នាំ។ ជាង​នេះ​ទៅ​ទៀត​ បទ​ឧក្រិដ្ឋ​ផ្សេងៗ​ ទទួល​ស្គាល់​ដោយ​សន្ធិសញ្ញា​អន្តរជាតិ មាន​ជាអាទិ៍​ ពាក្យ​ ទារុណកម្ម ប្រល័យ​ពូជសាសន៍​ ការ​រើង​អើប​ពូជសាសន៍​ ត្រូវ​បាន​ដាក់​បញ្ជូល​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​នេះ​ដែរ។

ក្រិត្យ​ថ្មី បាន​កំណត់​យ៉ាង​ច្បាស់​លាស់​ និង​ដាក់​ទោស​កាន់​តែ​ធ្ងន់​ដល់​រាល់​ទង្វើ​រំលោភ​បំពាន​លើ​ក្មេង​មិន​ទាន់​ពេញ​វ័យ ៖ ការ​ជួញ​ដូរកុមារ ពេស្យាចារ ហិង្សា​ផ្លូវភេទ​ ថត​រូប​អាសអាភាស​កុមារ មាន​វត្ថុ​បំរើ​ប្រយោជន៍​តណ្ហា រំលោភ​ផ្លូវ​ភេទ​លើ​កុមារ។ សម្តេច ប៉ាប​ មិនបញ្ឈប់​ត្រឹម​ណេះ​ទេ ព្រះអង្គ​បាន​បញ្ចូល​លទ្ធភាព​ដល់​វិហារ​កាតូលិក វ៉ាទីកង់ មាន​សិទ្ធិ​កាត់ទោស​ រាល់​សកម្មភាព​ដែលនាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ ដល់​មូលដ្ឋានគ្រឹះ​ សាសនា​ និងបេតិកភណ្ឌ​វ៉ាទីកង់​ទៀត​ផង។

ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្មហិរញ្ញវត្ថុ ការ​លាង​សម្អាត​លុយ ក្រិត្យ​បាន​ចែង​ឱ្យ​មាន​ការ​ធ្វើ​បត្យាប័ន និង​កាតព្វកិច្ច​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ប្រព័ន្ធ​តុលាការ​អន្តរជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ