អានតួអត្ថបទ
វ៉ាទីកង់

តើ​ការ​ជ្រើសរើស​សម្តេចប៉ាប​ថ្មី​ត្រូវ​ធ្វើឡើង​ដោយ​របៀបណា?

សម្តេច​ប៉ាប Benoît ទី១៦ នឹង​ត្រូវ​បញ្ចប់​តំណែង​ជា​សម្តេច​សង្ឃ​កាតូលិក នៅ​​ម៉ោង ៧យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ម៉ោងសកល (ត្រូវ​នឹង​ម៉ោង ២​រំលងអធ្រាត ថ្ងៃ​សុក្រ​ស្អែក នៅ​ក្នុង​ប្រទេស​កម្ពុជា)។ សម្តេច​ប៉ាប​ថ្មី​នឹង​ត្រូវ​ជ្រើសរើស ដើម្បីជា​ប្រមុខដឹកនាំ​អ្នក​កាន់​សាសនា​កាតូលិក​ជាង ១ពាន់​លាន​នាក់ នៅ​ទូទាំង​ពិភពលោក។ តើ​ការ​ជ្រើសរើស​សម្តេច​ប៉ាបថ្មី​ត្រូវ​ធ្វើ​ឡើង​ដោយ​របៀបណា?

តំណែង​សម្តេចប៉ាប​នឹង​ត្រូវ​នៅទំនេរ ចាប់ពី​យប់ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ
តំណែង​សម្តេចប៉ាប​នឹង​ត្រូវ​នៅទំនេរ ចាប់ពី​យប់ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ REUTERS/Stefano Rellandini
ផ្សាយពាណិជ្ជកម្ម

នៅពេល​ដែល​ការ​លាឈប់ពីមុខតំណែង​របស់​ព្រះអង្គ​ចាប់ផ្តើ​ម​ចូលជាធរមាន នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្តេច​ប៉ាប Benoît ទី១៦ ក្នុង​ឈ្មោះ​ដើម​ថា Joseph Ratzinger នឹង​ត្រូវ​យាង​ទៅ​គង់​ចូលនិវត្តន៍​​ក្នុង​និវេសនដ្ឋាន​ ដែលគេ​រៀបចំ​ទុក​សម្រាប់​ព្រះអង្គ ហើយ​តំណែង​ជា​ប្រមុខរដ្ឋ​វ៉ាទីកង់ និង​ប្រមុខដឹកនាំ​សាសនា​កាតូលិក​នឹង​ត្រូវ​នៅ​ទំនេរ ដែល​គេ​ចាំបាច់​ត្រូវ​ជ្រើសរើស​អ្នក​ថ្មី​មក​ជំនួស។

តាមច្បាប់​របស់​វិហារ​កាតូលិក សម្តេច​ប៉ាប​ត្រូវ​ជ្រើសរើស​ឡើង​ តាមរយៈ​ការ​បោះឆ្នោត​ ដោយ​មន្រ្តីសង្ឃជាន់ខ្ពស់ ដែល​បច្ចុប្បន្ន​នេះ​ មាន​ចំនួន ១១៥​រូប​ មក​ពី​ទូទាំង​ពិភពលោក។ តាមការ​អនុវត្ត​កន្លងមក គេ​ត្រូវ​រង់ចាំ​យ៉ាងតិច ១៥ថ្ងៃ ទៅ២០ថ្ងៃ ក្រោយ​ពេល​តំណែង​សម្តេច​ប៉ាប​នៅទំនេរ ទើប​​អាច​ចាប់ផ្តើមដំណើរការ​បោះឆ្នោត​ជ្រើសរើស​សម្តេច​ប៉ាបថ្មីបាន។ ក៏ប៉ុន្តែ ការអនុវត្ត​បែបនេះ​ ដោយសារ​តែ​កន្លងមក ការ​បោះឆ្នោត​ជ្រើសរើស​សម្តេច​ប៉ាបថ្មី គឺ​ធ្វើឡើង នៅ​ក្រោយ​ពេល​សម្តេច​ប៉ាប​ចាស់​សុគត ហើយ​គេ​ត្រូវ​ការ​ពេលវេលា ដើម្បី​រៀបចំ​បុណ្យសព​សម្តេចប៉ាប​ចាស់​ឲ្យ​បាន​ចប់សព្វគ្រប់​សិន ទើប​ចាប់ផ្តើម​ជ្រើសរើស​សម្តេចប៉ាប​ថ្មី។

នៅពេលនេះ ខុសពីពេលមុនៗ តំណែង​សម្តេចប៉ាប​ត្រូវ​នៅ​ទំនេរ ដោយសារ​តែ​សម្តេចប៉ាបចាស់ គឺ Benoît ទី១៦ លាឈប់​ពីមុខ​តំណែង។ បើ​តាម​អ្នកនាំពាក្យ​បុរី​វ៉ាទីកង់ ការ​ជ្រើសរើស​សម្តេច​ប៉ាប​ថ្មី​​​​អាច​នឹង​ត្រូវ​ធ្វើ​ឡើង នៅ​មុនថ្ងៃ​ទី១៥​មីនា។

នៅពេល​ដែល​ដំណើរការ​បោះឆ្នោត​នេះ​ចាប់ផ្តើមឡើង មន្រ្តីសង្ឃ​កាតូលិក ទាំង ១១៥​រូប នឹង​ត្រូវ​ជួប​ប្រជុំគ្នា ដោយ​បិទទ្វារ នៅ​ក្នុង​បុរី​វ៉ាទីកង់ ដោយ​មិន​មាន​អ្នកណា​ម្នាក់​អាច​ចេញ​ពី​ទីប្រជុំ ឬ​ទាក់ទង​ជាមួយ​នឹង​ពិភពខាងក្រៅ​បានទេ រហូត​ទាល់តែ​អាច​ជ្រើសរើស​សម្តេច​ប៉ាប​ថ្មី​បាន។ ការ​ប្រជុំ​ដោយ​បិទទ្វារនេះ គេឲ្យឈ្មោះ​ថា Conclave ។

មន្រ្តីសង្ឃ​ទាំង ១១៥រូប នឹង​ទទួល​បាន​សន្លឹកឆ្នោត​ទទេ​មួយ​សន្លឹក ហើយ​អាច​សរសេរ​ឈ្មោះ​អ្នកណា​ក៏​បាន ដែល​ខ្លួន​ចង់​ឲ្យ​ធ្វើ​ជា​សម្តេច​ប៉ាបថ្មី។ បេក្ខជនដែល​គេអាច​ជ្រើសរើស​ជា​សម្តេច​ប៉ាប​ថ្មីនេះ អាច​ជា​មន្រ្តី​សង្ឃ​ក្នុង​ចំណោម ១១៥​នាក់​នេះ​ក៏បាន ឬ​អ្នក​ណា​ម្នាក់​ផ្សេងទៀត​ក៏បាន។ ការបោះឆ្នោត​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​សម្ងាត់ ហើយ​ការ​រាប់សន្លឹកឆ្នោត​ត្រូវ​ធ្វើ​ឡើង​ភ្លាមៗ។ ដើម្បី​អាច​ជាប់ឆ្នោត​ជា​សម្តេចប៉ាប​បាន បេក្ខជន​ចាំបាច់​ត្រូវ​មាន​សំឡេង​ឆ្នោត​យ៉ាងតិច ២ភាគ៣។ ក្រោយ​ពី​ការ​រាប់សន្លឹកឆ្នោត​រួច សន្លឹកឆ្នោត​ទាំងអស់​នឹង​ត្រូវ​គេ​យក​ទៅ​ដុត ដោយ​បង្ហុយ​ផ្សែង​ចេញ​ទៅ​ក្រៅ។ ប្រសិនបើ​មិនមាន​បេក្ខជន​ណា​ម្នាក់​ទទួលបាន​សំឡេង​គាំទ្រ​​គ្រប់គ្រាន់ទេ គេ​ដាក់​ជាតិគីមី​ម្យ៉ាង​ធ្វើ​ឲ្យ​ផ្សែង​នេះ​មាន​ពណ៌​ខ្មៅ ដើម្បី​ឲ្យ​អ្នក​នៅ​ខាង​ក្រៅ​ដឹង​ថា គេ​នៅមិនទាន់​មាន​សម្តេច​ប៉ាប​ថ្មី​ទេ ហើយ​ការ​បោះឆ្នោត​នឹង​ត្រូវ​បន្ត​ធ្វើ​នៅ​ជុំ​បន្ត​បន្ទាប់​មក​ទៀត រហូតទាល់តែ​​អាច​ជ្រើសរើស​សម្តេច​ប៉ាប​ថ្មី​បាន។ នៅ​ពេល​ដែលគេ​អាច​បោះឆ្នោត​ជ្រើសរើស​សម្តេច​ប៉ាបថ្មី​បាន​ហើយ គេ​យក​សន្លឹក​ឆ្នោត​ទៅ​ដុត ដោយ​មិន​បន្ថែម​ជាតិ​គីមី​អ្វី​ទាំងអស់ ដោយទុក​ឲ្យ​ផ្សែង​ដែល​ហុយ​ចេញ​ទៅ​ខាង​ក្រៅ ​ជា​ផ្សែង​ពណ៌ស ដើម្បី​ប្រាប់​ដល់​អ្នក​ដែល​នៅ​រង់ចាំ​ដំណឹង នៅ​ខាង​ក្រៅ​ថា គេ​ជ្រើសរើស​បាន​សម្តេច​ប៉ាប​ថ្មី​ហើយ។

រហូតមកទល់នឹង​ពេលនេះ បេក្ខជន ដែល​គេ​រំពឹង​ថា​អាច​នឹង​ក្លាយ​ជា​សម្តេច​ប៉ាប​ថ្មី​បាន គឺ​មាន​មន្រ្តី​សង្ឃ មក​ពី​​អ៊ីតាលី, ​ប្រេស៊ីល, កាណាដា, អាមេរិក, អូទ្រីស, អាហ្សង់ទីន, ហ្កាណា និង​ហ្វ៊ីលីពីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ