អានតួអត្ថបទ
អេហ្ស៊ីប

គណបក្ស​​ប្រឆាំង​​អេហ្ស៊ីប​​ បដិសេធ​​ការចរចា​​ជាមួយ​​ ប្រធានាធិបតី​​ មរស៊ី​​

នយោបាយ​ប្រទេស​​អេហ្ស៊ី​ប​​ កំ​ពុង​តែ​ធ្លាក់​ក្នុង​ ​ភាព​ដុន​ដាប​ពី​មួយ​ថ្ងៃ​​ ទៅ​មួ​យ​ថ្ងៃ ពិបាក​នឹង​រក​ច្រក​ចេញ។ ​​នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​ គណបក្ស​ប្រឆាំង​​អេហ្ស៊ីប​ បដិសេធ មិន​ព្រម​ ធ្វើ​ការ​​​ចរចា ដែល​នឹង​គ្រោង​ធ្វើ នៅ​ថ្ងៃ​សៅរ៍​ នេះ ជាមួយ​​​ ប្រធានាធិបតី​ មរស៊ី​។​ ក្រុម​ប្រឆាំង​​ នៅ​តែ​​បន្ត​​បាតុកម្ម ប្រឆាំង​នឹង​ គំរោង​ធម្មនុញ្ញ​ថ្មី​ របស់​​ ប្រធានាធិបតី​អេហ្ស៊ីប។

ក្រុម​បាតុករ​​​ប្រឆាំង​​​លោក​ មរស៊ី នៅ​អេហ្ស៊ីប​ ថ្ងៃ​ទី​ ៥​ធ្នូ
ក្រុម​បាតុករ​​​ប្រឆាំង​​​លោក​ មរស៊ី នៅ​អេហ្ស៊ីប​ ថ្ងៃ​ទី​ ៥​ធ្នូ REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ ក្រុម​បាតុករ​ប្រឆាំង​ ប្រធានា​ធិបតី មរស៊ី​ បាន​ផ្តុំ​គ្នា​ នៅ​ទីលាន តាហៀ ហើយ​ ដណ្តើម​​​កាន់​កាប់​​ ផ្លូវ​ចូល ​ទៅ​កាន់​វិមាន​ប្រធានាធិបតី​ បាន​មក​វិញ។​ ក្រុម​ទាហាន​ បាន​បណ្តោយ​អោយ​ពួក​គេ​ ឆ្លង​កាត់​របាំង​ការ​ពារ​ ដោយ​គ្មាន​ការ​ហាម​ឃាត់​អ្វី​ឡើយ។ គេ​ឃើញ ​ខ្សែ​​លួស​បន្លា​​​​ការ​ពារ ​វិមាន​ប្រធានាធិបតី​ ត្រូវ​បាន​ដក​ចេញ ហើយ​ក្រុម​បាតុករ​ខ្លះ​ បាន​ចូល​​ទៅ​ ​​និយាយ​​សំដែង​​ភាព​ ស្និទ្ឋស្នាល ជាមួយ​ ក្រុម​ទាហាន​អេហ្ស៊ីប។

 
ខុស​ពី​សព្វ​ដង ស្ថាន​ភាព​នៃ​​បាតុក​ម្ម​ កាល​ពី​​ម្សិល​មិញ​ ​មាន​លក្ខណៈ ស្ងប់​ស្ងៀម​​​ និង​គ្មាន​អំពើ​ហឹង្សា​ អ្វី​ឡើយ។ ក្រុម​បាតុករ​​​នាំ​ក្រុម​គ្រួសារ​ រឺ​ក៏​ មិត្ត​ភក្តិ​ របស់​ខ្លួន​ មក​​ចូល​រួម​​ ធ្វើ​បាតុកម្ម។ ពួកគេ​​ មាន​ការ​ខឹង​សម្បារ​ នឹង​ខ្លោច​ផ្សា​ចិត្ត ចំពោះ​អំ​ពើ​ ហិង្សា​​ ដែល​កើត​ឡើង​ក្នុង​សប្តាហ៍​នេះ។ ពួក​គេ យល់​ថា ​ ប្រធានាធិបតី​​ ធ្វើ​សន្ទរកថា ​ម្សិល​មិញ គ្រាន់​តែ​ដើម្បី​​ អោយ​ស្ថាន​ភាព​​បាន​ ​ស្ងប់​ស្ងៀម​​​តែ​ប៉ុណ្ណោះ​គ្មាន​អ្វី​ខុស​ប្លែក​​​ពី​ សន្ទរក​ថា​ចាស់ របស់​ អតីត​ប្រធានាធិបតី​ផ្តាច់ការ​ មូបារ៉ាក់​ឡើយ។ ក្រុម​បាតុករ​បន្ថែម​ថា លោក​មរស៊ី​ គ្រាន់​តែ​បញ្ចេញ​បញ្ចូល​ឃ្លា​ ដែល​មាន​លក្ខណៈ​ជា​ សាសានា​ដើម្បី​ បញ្ចុះ​បញ្ចូល​​ ពួក​គេ អោយ​​ប្តូរ​ទស្សនៈ​របស់​ខ្លួន។

ក្រុម​អ្នក​សង្កេត​ការ​នានា បាន​ប្រៀ​ប​ធៀប​ ស្ថាន​ភាព​​អេហ្ស៊ីប​បច្ចុប្បន្ន ទៅ​នឹង​​ ស្ថាន​ភាព​​​នយោបាយ​កាល​ពី​ឆ្នាំ​ ២០១១ នៅ​ពេល​ដែល​​​ ប្រជាជន​អេហ្ស៊ីប​ រួប​រួម​គ្នា​​ធ្វើ​​ចលនា ​បះ​បោរ​ ទំលាក់​​អតីត​ប្រធានាធិបតី​ មូបារ៉ាក់។ តាំង​ពី​លោក​មរស៊ី​ ឡើង​កាន់​អំណាច​មក ស្ថាន​ភាព​ក្នុង​ប្រទេស​​ ហាក់​គ្មាន​បាន​ផ្លាស់​ប្តូរ​អ្វី​ឡើយ។ ក្រុម​បាតុករ​ប្រកាស ​បន្ត​​សកម្មភាព​​ ប្រឆាំង​នឹង​ គំរោង​ធម្មនុញ្ញ​ថ្មី​ របស់​​ប្រធានាធិបតី​អេហ្ស៊ីប។​ គណបក្ស ប្រឆាំង​ បដិសេធ​ ​មិន​ចរចា​ដាច់​ខាត ជាមួ​យ​ លោក​មរស៊ី ​ នៅ​ថ្ងៃ​សោរ៍​នេះ។

កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ លោក​មរស៊ី​បាន​ អំពាវនាវ​អោយ​ គណបក្ស​ប្រឆាំង​ ចូល​រួម​​ពិភាក្សា​ រក​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ។​ រីឯ​​ អនុ​ប្រធានាធិបតី​ លោក​ មេគ​គី​ បាន​ប្រកាស​ថា ការ​បោះ​ឆ្នោត​ប្រជា​មតិ​ នឹង​អាច​​លើក​ធ្វើ​ ទៅ​ថ្ងៃ​ក្រោយ​បាន។

វិបត្តិ​នយោបាយ​​អេហ្ស៊ីប​ បាន​ចាប់​ផ្តើម​កើត​ឡើង​ តាំង​ពី​ចុង​ខែ​វិច្ឆិកា​ បន្ទាប់​​ពី​ មាន​ចេញ​ក្រិត្យ​ ប្រធានាធិបតី​ ផ្តល់​អំណាច​ យ៉ាង​ទូលំទូលាយ​ ដល់​ ប្រធានាធិបតី​​អេហ្ស៊ីប។ កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក អំពើ​ហិង្សា​​​រវាង​ក្រុម​បាតុករ​ប្រឆាំង​ និង​ ក្រុម​គាំ​ទ្រ​លោក​​ មរស៊ី​​ បាន​បង្ក​​​​មនុស្ស​ស្លាប់​ ៧​នាក់ និង​​បាត់​ខ្លួន​ ​ជា​ច្រើន​នាក់​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ