អានតួអត្ថបទ
អេហ្ស៊ីប

ប្រធានាធិបតី​អេហ្ស៊ីប​សុខ​ចិត្ត​លុប​ចោល​នូវ​ ក្រិត្យ​ធម្មនុញ្ញ​ដែល​ពង្រឹង​អំណាច​របស់​ខ្លួន​

នៅ​ប្រទេស​អេហ្ស៊ីប ​ កាល​ពី​ល្ងាច​ថ្ងៃ​​សៅរ៍​ ម្សិលមិញ​ ប្រធានាធិបតី មរស៊ី​ បាន​​លុប​ចោល​នូវ​ក្រិត្យ​ធម្មនុញ្ញ​ដែល​​ពង្រឹង​អំណាច​របស់​ខ្លួន តាម​ការ​ទាម​ទារ​របស់​គណ​បក្ស​ប្រឆាំង។ នេះ ជា​ដំណឹង​ល្អ​សំរាប់​ប្រជាជន​​​​​​អេហ្ស៊ីប​ ដែល​មាន​ការ​មិន​ពេញ​ចិត្ត​ ចំពោះ​​​ក្រិត្យ​នេះ​។ ក្រិត្យ​ ធម្មនុញ្ញ​​ របស់​ក្រុង​​គែរ​ ធ្វើ​អោយ​អេហ្ស៊ីប​​ ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​ ចាប់​តាំង​ពី​ ចុង​ខែ​វិច្ឆិកា​មក ដែ​ល​អំពើហឹង្សា​ រវាង​ក្រុម​ប្រឆាំង​​ និង​ក្រុម​គាំ​ទ្រ​លោក​មរស៊ី​ បាន​បង្ក​អោយ​មាន​មនុស្ស​ស្លាប់​ ៧​នាក់។ ប៉ុន្តែ​ លោក​មរស៊ី​​ នៅ​តែ​​ប្រកាន់​ជំហរ​ ក្នុង​ការ​​រៀប​ចំ​ ការ​បោះ​ឆ្នោត​ប្រជាមតិ​ សំរាប់​គំរោង​វិសោធនកម្ម​ធម្មនុញ្ញ នៅ​​ថ្ងៃ​ ១៥​ធ្នូ​ ខាង​មុខ ដដែល។

បាតុករ​អេហ្ស៊ីប​នៅ​ក្រុង​គែរ​​ ថ្ងៃ​ ៨​​ ធ្នូ
បាតុករ​អេហ្ស៊ីប​នៅ​ក្រុង​គែរ​​ ថ្ងៃ​ ៨​​ ធ្នូ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

ដើម្បី ដោះស្រាយ​​​​វិបត្តិ​នយោបាយ​​ និង​ ​​បន្ថយ​នូវ​​ស្ថាន​ភាព​តាន​តឹង​ក្នុង​ប្រទេស​ ប្រធានាធិបតី មរស៊ី គ្មាន​ជំរើស​ច្រើន​នោះ​ឡើយ​។ ជា​ពិសេស​នៅចំពោះ​​មុខ​ ​មហា​បាតុកម្ម​ដែល​មាន​លក្ខណៈ​ ស្រដៀង​គ្នា​នឹង​ ការ​បះ​បោរ​ទំលាក់​​ អតីត​​​​ប្រធានាធិបតី មូបារ៉ាក់​ កាល​ពីឆ្នាំ​ ២០១១។ កាល​ពី​ល្ងាច​ថ្ងៃ​​សៅរ៍ ម្សិលមិញ លោក​មរស៊ី​ បានលុប​ចោល​នូវ​ក្រិត្យ​ធម្មនុញ្ញ​ដែល​​ពង្រឹង​អំណាច​របស់​ខ្លួន។

ការ​ប្រកាស​លុប​ចោលក្រិត្យ​​​នេះ​ បាន​ធ្វើ​ឡើង​ ក្នុង​ជំនួប​របស់​លោក​មរស៊ី​ ជាមួយ​​​អ្នក​​នយោបាយ​​សំខាន់ៗ។ ​ ប៉ុន្តែ​ ប្រធានាធិបតី​ នៅ​តែ​​ប្រកាន់​ជំហរ​ ក្នុង​ការ​​រៀប​ចំ​ ការ​បោះ​ឆ្នោត​ប្រជាមតិ​ សំរាប់​គំរោង​វិសោធនកម្ម​ធម្មនុញ្ញ នៅ​​ថ្ងៃ​ ១៥​ធ្នូ​ ខាង​មុខ​នេះ​ ដដែល​ ព្រោះ​បើយោង​តាម​ ទី​ប្រឹក្សា​របស់​លោក​មរស៊ី​ ការ​កែប្រែ​ការ​បោះ​ឆ្នោត​​ប្រជាមតិ​ គឺ​ជា​បញ្ហា​ដែល​ពិបាក​នឹង​ធើ្វ ទៅតាម​ផ្លូវ​ច្បាប់​​ ​។

គណបក្ស​​ប្រឆាំង​ នៅ​តែ​​គ្មាន​ទំនុក​ចិត្ត​ ចំពោះ​ វិធានការ​​ថ្មី​របស់​ប្រធានាធិបតី។ គណបក្ស​ រណសិរ្ស​ស្រោច​ស្រង់​ជាតិ អេហ្ស៊ីប​ (FSN) បាន​អោយ​និយម​ន័យ​ លើ​ ការ​លុប​ចោល​នូវ​ក្រិត្យ របស់​លោក​​មរស៊ីនេះ ​ថា​ជា​ កល​ល្បិច​នយោបាយ​​បោក​ប្រាស់​​ ប្រជាជន។ FSN​ បាន​សុំ​អោយ​ប្រជាជន​​អេហ្ស៊ីប​ បន្ត​ធ្វើ​បាតុកម្ម​​ប្រឆាំង​ រហូត​​ដល់​សំរេចអោយ​បាន​ នូវ​ការ​លុប​ចោល​នូវ​​ ការ​បោះ​ឆ្នោត​ប្រជា​មតិ​ លើ​គំរោង​វិសោធកម្ម​ធម្មនុញ្ញ។ នៅ​ថ្ងៃ​អាទិត្យ​នេះ​ សម្ព័ន្ឋ​ភាព​ប្រឆាំង​អេហ្ស៊ីប គណបក្ស​ រណសិរ្ស​ស្រោច​ស្រង់​ជាតិ ក្រោម​អធិបតីភាព​របស់​ ​លោក​ Mohamed ElBaradei ដែល​​​ជា​ ម្ចាស់​​ពាន​រង្វាន់​សន្តិភាពលើ​ពិភពលោក នឹង​ធ្វើ​ការ​​ពិភាក្សា​គ្នា​ ដើម្បី សំរេច​អំពី​ គោល​ជំហរ​របស់​ខ្លួន​ ចំពោះ​​​ វិធានការ​ថ្មី​របស់​ ប្រធានាធិបតី​ មរស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ