អានតួអត្ថបទ
កម្ពុជា

ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថ្មី​ សន្យា​អនុវត្ត​មនោគមវិជ្ជា​«សីហនុនិយម»​

ព្រះអង្គម្ចាស់​​នរោត្តម អរុណរស្មី ព្រះបុត្រីពៅសម្តេចព្រះបាទនរោត្តម​ សីហនុ ដែលទើប​ជ្រើសតាំង​អោយធ្វើ​ជាព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​កាលពីព្រឹកមិញ បាន​​សន្យា​អនុវត្ត​មនោគម​វិជ្ជា«សីហនុនិយម»។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនមែន​គ្រាន់​តែងតាំង​ព្រះអង្គ​ជា​ប្រធាន​គណបក្ស​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​​គណបក្សបាន​​​សម្រេច​ថ្វាយជូន​ព្រះអង្គ អោយ​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ថែម​ទៀត។

ព្រះអង្គម្ចាស់​​នរោត្តម អរុណរស្មី ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​បាន​​សន្យា​អនុវត្ត​មនោគម​វិជ្ជា«សីហនុនិយម»
ព្រះអង្គម្ចាស់​​នរោត្តម អរុណរស្មី ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​បាន​​សន្យា​អនុវត្ត​មនោគម​វិជ្ជា«សីហនុនិយម» RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

«ជយោ គណបក្សហ៊្វុនស៊ិនប៉ិច ជយោ រាជានិយម ជយោ សីហនុនិយម ជយោ មនោគមវិជ្ជា សីហនុនិយម!»។ ទាំងអស់​នេះ​គឺ​ជា​ពាក្យ​ពេចន៍​និង​ខ្លឹមសារ​រួម​ដែល​ថ្លែង​ចេញ​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្សហ្វ៊ុនស៊ិនប៉ិច ​នៅ​ក្នុង​អង្គ​សមាជ​កាល​ពីព្រឹក​មិញ​នេះ។ ​

ភ្លាម​ៗ​បន្ទាប់​ពី​ជ្រើសតាំង​អោយ​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់​ក្សត្រី នរោត្តម អរុណរស្មី ព្រះ​បុត្រី​សម្តេច​ព្រះបាទ​នរោត្តម សីហនុ បាន​ប្រកាស​សន្យា​ដង្ហែ​តាម​គោលការណ៍«សីហនុនិយម»​។ គោលការណ៍​សីហនុនិយម​មានន័យ​ថា ការ​ផ្សះផ្សា​ជាតិ ការ​បង្រួម​បង្រួម​ជាតិ ស្ថិរ​ភាព​នយោបាយ​ និង​សន្តិភាព​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្រកាស​នៅថ្ងៃ​សៅរ៍​នេះ​ថា គណបក្ស​​មិនគ្រាន់​តែ​មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​ថ្មី​ដែល​ឆ្លុះ​បញ្ចាំង​នូវ​ឯកភាព​ជាតិ​និង​សាមគ្គីភាព ​ជា​គណបក្ស​អ្នក​រាជានិយម និង​សីហនុនិយម​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​កិត្តិយស​ទទួល​ស្វាគមន៍​ព្រះអង្គម្ចាស់ នរោត្តម អរុណរស្មី មក​ដឹកនាំ​គណបក្ស​តាម​ផ្លូវ​សីហនុនិយម ​ដើម្បី​ឆ្ពោះ​តម្រង់​ទៅ​រក​វឌ្ឍនភាព​ទៀត​ផង។

វត្តមាន​របស់​ព្រះអង្គម្ចាស់​ក្សត្រី​ជា​ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច គឺ​ជា​ការ​បង្ហាញ​អត្តសញ្ញាណ​ដើម​របស់​គណបក្ស មានន័យថា​ ជា​គណបក្ស​តែ​មួយ​ដូច​ដើម ជា​គណបក្ស​មាន​ភាព​ស្របច្បាប់​ដូចដើម និង​ជា​គណបក្ស​រាជា​និយម និង​សីហនុ​និយម ១០០%។

ក្នុង​ចំណោម​សេចក្តី​សម្រេច​ចិត្ត​ផ្សេងៗ ​អង្គ​សមាជ​វិសាមញ្ញ​កាល​ពីព្រឹក​មិញ​បាន​សម្រេច​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ប្រកប​ដោយ​ព្រះរាជ​គតិ​បណ្ឌិត នៃ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ​ដែល​ជា​ស្ថាបនិក​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​កាល​ពី​ឆ្នាំ​១៩៨១។

សូម​បញ្ជាក់​ថា ផ្អែក​តាម​គោលការណ៍​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​​មិនមែន​គ្រាន់​តែងតាំង​ព្រះអង្គ​ម្ចាស់ក្សត្រី​នរោត្តម​ អរុណរស្មី ជា​ប្រធាន​គណបក្ស​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​​គណបក្ស​បាន​​​សម្រេច​ថ្វាយជូន​ព្រះអង្គ អោយ​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ថែម​ទៀត។

លោក លឺ ឡាយស្រេង ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ លោក កែវ ពុទ្ធរស្មី ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​គណបក្ស លោក យូ ហុកគ្រី ជា​ព្រឹទ្ធ​បុរស​គណបក្ស លោក ញឹក ប៊ុនឆៃ ​ជា​អគ្គលេខាធិការ​គណបក្ស និង លោក សៅ រ៉ានី ជា​អគ្គលេខាធិការ​រង​គណបក្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ