អានតួអត្ថបទ
សហរដ្ឋអាមេរិក

ភេរវកម្មមិន​បាន​សម្រេច ៖ កញ្ចប់​បញ្ញើ​ទៅ​សហរដ្ឋ​អាមេរិក​មាន​ផ្ទុក​ជាតិ​ផ្ទុះ​ប្រភេទ​ខ្លាំង

មិន​មែន​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ភេរវកម្ម​មិន​បាន​សម្រេច​ដដែល​ៗ​ ដូច​​ការ​សន្និដ្ឋាន​ដំបូង​ទេ ! គ្រាប់​បែក​បង្កប់​ ដែល​ផ្ញើ​ពី​ប្រទេស​យេមែន ទៅ​សហរដ្ឋ​អាមេរិក​ តាម​យន្តហោះ​​ដឹក​អីវ៉ាន់ អាច​ផ្ទុះ​បាន​គ្រប់​ពេល​វេលា​ទាំង​អស់ ! ពេល​នេះ​ការ​ស៊ើប​អង្កេត​ទំនង​ជា​កំពុង​ផ្តោត​លើ​អ្នក​ឯកទេស​ផលិត​កាំជ្រួច​ ឲ្យ​ពួក​អាល់កៃដា​នៅ​យេមែន។ ម្សិលមិញ អាជ្ញាធរ​យេមែន ចាប់​បាន​ស្ត្រី​ ដែល​ជា​អ្នក​ផ្ញើ​កញ្ចប់​បង្កប់​ជាតិ​ផ្ទុះ​នេះ​ហើយ។

ប្រអប់​ទឹក​ខ្មៅ​ ដែល​មាន​​ផ្ទុក​ជាតិ​ផ្ទុះ ចាប់​បាន​ដោយ​ភ្នាក់ងារ​ប៉ូលិស​ឌូបៃ
ប្រអប់​ទឹក​ខ្មៅ​ ដែល​មាន​​ផ្ទុក​ជាតិ​ផ្ទុះ ចាប់​បាន​ដោយ​ភ្នាក់ងារ​ប៉ូលិស​ឌូបៃ REUTERS
ផ្សាយពាណិជ្ជកម្ម

01:51

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

កញ្ចប់បញ្ញើ​​សង្ស័យ​ទាំងពីរ​ ដែល​​គេ​រក​ឃើញ​នៅ​ក្នុង​យន្ត​ហោះ​ដឹក​ទំនិញ​អាមេរិក​ពីរ​គ្រឿង មួយ​នៅ​​​ឌូបៃ និង​មួយ​គ្រឿង​ទៀតនៅ​ប្រទេស​អង់គ្លេស បង្កប់​ទៅ​ដោយ​សារជាតិ​ផ្ទុះ​​ខ្លាំង​បំផុត (Penthrite)និង​​តាម​បែប​បច្ចេកវិទ្យា​ទំនើប​ក្រៃ​លែង ជា​ហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ចាប់​មិន​​បាន ថា​មាន​សារជាតិ​អាច​​ផ្ទុះ​ និង​សារជាតិ​អាច​បង្ក​​ជា​អគ្គិភ័យ។

 
គ្រាប់​បែក​ ដែល​ចាប់​បាន​នៅ​​​ឌូបៃ ត្រូវ​បាន​គេ​យក​ទៅ​បង្កប់​ក្នុង​ប្រអប់​​ម៉ាស៊ីន​បោះពុម្ព (ម៉ាស៊ីន​ព្រីនអក្សរ) ដែល​មាន​​ប្រអប់​ទឹក​ខ្មៅ​ជា​ជាតិ​ផ្ទុះ និង​ទំនង​ជា​ភ្ជាប់​ជាមួយ​នឹង​ទូរស័ព្ទ​​ដៃ​ សម្រាប់​ចុច​បំផ្ទុះ។ ចំណែក​គ្រាប់​បែក​ទីពីរ ដែល​រក​ឃើញ​នៅ​អង់គ្លេស មាន​លក្ខណៈ​ដូច​គ្រាប់​បែក​ទី​មួយ​ដែរ តែ​មាន​គ្រឿង​យន្ត​​កំណត់​ម៉ោង​​សម្រាប់​ផ្ទុះ​ កំពុង​តែ​ដំណើរ​ការរួច​ទៅ​ហើយ។

ភស្តុតាង​ទាំង​នេះ បញ្ជាក់​ថា​មនុស្ស​របស់​ក្រុម​អាល់​កៃដា នៅ​យេមែន មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ឡើងៗ ក្នុង​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​អាមេរិក។
 

បញ្ញើសង្ស័យមក​ពី​ប្រទេស​យេមែន​ ​​មាន​ជាតិ​ផ្ទុះបង្កប់​ក្នុង​ម៉ាស៊ីន​ព្រីន
បញ្ញើសង្ស័យមក​ពី​ប្រទេស​យេមែន​ ​​មាន​ជាតិ​ផ្ទុះបង្កប់​ក្នុង​ម៉ាស៊ីន​ព្រីន AFP / Wam

យោង​តាមកាសែត វ៉ាស៊ីនតោន​ប៉ុស្តិ៍ ការ​ស៊ើប​អង្កេត​​ទំនង​ជា​កំពុង​ផ្តោតយ៉ាង​​ខ្លាំង​ទៅ​លើ​បុរស​ Ibrahim Hassan Al-Asiri អាយុ​២៨​ឆ្នាំដែល​​ជា​អ្នក​ឯកទេស​ខាង​ផលិត​​កាំជ្រួចឲ្យ​ពួក​អាល់កៃដា នៅ​យេមែន។ ម្យ៉ាង​​អ៊ីប្រាហ៊ីម ជា​មនុស្ស​ដែល​គេ​ស្វែង​តាម​រក​បំផុត​ម្នាក់​ ធ្លាប់​បាន​ប្រើ​សារធាតុ​ផ្ទុះ​ប្រភេទ​ Penthriteនេះ​ កាលពី​ឆ្នាំ​ទៅ​មិញ ដោយ​​ដាក់​បញ្ចូល​ក្នុង​​ពោះ​វៀន​ធំ​​របស់​ប្អូន​ប្រុស​ខ្លួន​ ដើម្បី​បំផ្ទុះ​ធ្វើ​ឃាត​​​អ្នក​ទទួល​ខុស​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​​​ នៅ​អារ៉ាប៊ីសាអ៊ូឌីត​។

តាម​រយៈលេខ​ទូរស័ព្ទ​លើ​​កញ្ចប់​បញ្ញើ ម្សិលមិញ អាជ្ញាធរ​យេមែន បាន​ចាប់​ខ្លួន​ស្ត្រី​​​ម្នាក់​ ដែល​ជា​អ្នក​យក​​កញ្ចប់​គ្រាប់​បែក​ទៅ​ដាក់​នៅ​ប៉ុស្តិ៍​ដើម្បី​ផ្ញើ​​ទៅ​សហរដ្ឋ​អាមេរិក។
ប្រទេស​បារាំង និង​អាល្លឺម៉ង់ បាន​សម្រេច​ផ្អាក​​រាល់​ការ​ដឹក​ជញ្ជូន​​តាម​យន្តហោះ​មកពី​ប្រទេស​យេមែន ចំណែក​ប្រទេស​​បែលហ្សិកវិញ ក៏​កំពុង​ចាត់​វិធានការ​​ការពារ​យ៉ាង​​ហ្មត់​ចត់​​ដែរ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ