គ.ជ.ប នឹងចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយនៅថ្ងៃទី២៩ ឧសភាសប្តាហ៍ក្រោយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសឲ្យដឹងថា ដំណើរការចាប់ឆ្នោតកំណត់លំដាប់លេខរៀងរបស់គណបក្សនយោបាយនៅលើសន្លឹកឆ្នោតសម្រាប់ចូលរូមការបោះឆ្នោតជាតិនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គ.ជ.ប កាលពីរសៀលនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១។ គួរបញ្ជាក់ថា ការបោះឆ្នោតក្នុងខែកក្កដានឹងប្រព្រឹត្តទៅដោយមានបក្សចំនួន២០ចូលរួមប្រកួតប្រជែង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៨
ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងរបស់គណបក្សនយោបាយនៅលើសន្លឹកឆ្នោតនេះ នឹងធ្វើឡើងនៅនៅវេលាម៉ោង០៨៖៣០នាទីព្រឹក នៅសាលប្រជុំអគារ «S» នៃក្រសួងមហាផ្ទៃ។ សម្ដេចព្រះសង្ឃរាជទាំង២គណៈនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្ស។
សូមបញ្ជាក់ថា គណបក្សនយោបាយចំនួន២០ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសទទួលស្គាល់ជាផ្លូវការសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ កក្កដា ខាងមុខនេះ។ គណបក្សទាំងនេះ មានមួយចំនួនជាគណបក្សចាស់វស្សាដូចជាគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រជាដើម។ រីឯមួយចំនួនទៀតជាគណបក្សទើបបង្កើតឡើងថ្មីនៅក្នុងឆ្នាំ២០១៨នេះតែម្តង ដូចជាគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោកគង់ គាំ គណបក្សខ្មែរតែមួយរបស់ប្អូនប្រុសសពលោកបណ្ឌិតកែម ឡី និងគណបក្សខ្មែរក្រោក។
ចំពោះគណបក្សដែលទើបបង្កើតឡើងថ្មីទាំងនេះ ត្រូវបានលោកសម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំងកម្ពុជាចាត់ទុកថា ជាគណបក្សអំពិលអំពែកដែលជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកសម រង្ស៊ី ថែមទាំងបរិហារទៀតថា គណបក្សទាំងអស់ដែលចូលរួមការបោះឆ្នោត គឺសុដើម្បីជូនដំណើរគណបក្សប្រជាជនកម្ពុជាទៅកាន់អំណាចជាថ្មីតែប៉ុណ្ណោះ។ ដូច្នេះហើយ លោកសម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀត បានអំពាវនាវកុំប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ។
ក៏ប៉ុន្តែការអំពាវនាវនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ជារឿងខុសច្បាប់ និងបំពានសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ។ ជំនួសមកវិញ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ សម្រាប់លោកហ៊ុន សែន ការបោះឆ្នោតជាតិនៅតែប្រព្រឹត្តទៅដដែលគ្មានការប្រែប្រួល និងគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិចូលរួមឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ