ឌុចមានវិប្បដិសារីចំពោះការធ្វើទារុណកម្មលើអ្នកគ្រូរបស់ខ្លួន
កាំង ហ្គេចអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែង បានបន្តឡើងផ្តល់សក្ខីកម្មក្នុងនាមជាសាក្សី នៅថ្ងៃទី៩មិថុនានេះ ដើម្បីប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន នៅក្នុងសំណុំរឿង 002/02 ។ អ្វីជាការកត់សំគាល់ សវនាការនៅថ្ងៃនេះ ឌុចបានបង្ហាញការឈឺចាប់ ចំពោះការធ្វើទារុណកម្មទៅលើអ្នកគ្រូរបស់ខ្លួនម្នាក់ និងបានបដិសេធចំពោះការប្រើប្រាស់ឧបករណ៍នៃការធ្វើទារុណកម្មមួយចំនួនផង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣១
នៅថ្ងៃទី៣នៃការឡើងផ្តល់សក្ខីកម្មក្នុងនាមជាសាក្សីនាថ្ងៃទី៩មិថុនានេះ កាំង ហ្គេចអ៊ាវ ហៅឌុច ដែលគេដឹងថា ជាមេគុកទួលស្លែងដែលនាំឲ្យមនុស្សប្រមាណជា១៥០០០នាក់ស្លាប់បាត់បង់ជីវិតនោះ បានបង្ហាញការឈឺចាប់ចំពោះឆ្មាំគុកម្នាក់ ដែលបានធ្វើទារុណកម្មទៅលើអ្នកគ្រូរបស់ខ្លួនរហូតដល់ស្លាប់។
ថ្លែងនៅចំពោះមុខ អង្គជំនុំជំរះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម នៅថ្ងៃនេះ កាំង ហ្គេចអ៊ាវ ហៅឌុច ដែលជាអតីតសាស្ត្រាចារ្យផ្នែកគណិតវិទ្យារូបនេះ បានអះអាងថា ខ្លួនពិតជាមានការឈឺចាប់មកទល់នឹងពេលបច្ចុប្បន្ននេះ ចំពោះឆ្មាំគុកម្នាក់ឈ្មោះ ផូ ដែលបានធ្វើទារុណកម្មទៅលើអ្នកគ្រូរបស់ខ្លួនម្នាក់។ ឆ្លើយតបនឹងការឈឺចាប់នេះ ឌុច ក៏បានស្នើសុំទៅកាន់ថ្នាក់លើរបស់ខ្លួន ដើម្បីនាំខ្លួនឆ្មាំគុកម្នាក់នេះយកទៅកំទិច (សម្លាប់) ចោលតែម្តង។
ការអះអាងរបស់ កាំង ហ្គេចអ៊ាវ ហៅឌុច បែបនេះ គឺជាការឆ្លើយតបទៅនឹងសំណួររបស់សហព្រះរាជអាជ្ញារងអន្តរជាតិ លោក ដេល ឡៃសាក់ ជុំវិញវិធីសាស្ត្រ និងការប្រើប្រាស់ឧបករណ៍ធ្វើទារុណកម្ម ទៅលើអ្នកទោសនៅក្នុងគុកទួលស្លែង ដែលភាគច្រើន គឺជាស្ត្រីនិងកុមារដែលពួកគេគឺជាប្រពន្ធនិងកូនរបស់កម្មាភិបាលជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងអំឡុងពេលនៃការអនុវត្តផែនការបោសសំអាតផ្ទៃក្នុងរបស់ខ្លួន។ បើតាមការអះអាងរបស់ ឌុច អ្នកទោសភាគច្រើនដែលត្រូវបានយកទៅសម្លាប់នៅបឹងជើងឯកនោះ គឺមិនត្រូវបានសួរចម្លើយនោះទេ ខ្លះបានសួរខ្លី និងខ្លះបានសួរវែង។
នៅក្នុងសវនាការនៅថ្ងៃនេះ កាំង ហ្គេចអ៊ាវ ហៅឌុច ក៏បានច្រានចោលចំពោះអំណះអំណាងរបស់លោក ជុំ ម៉ី អតីតអ្នកទោសទួលស្លែង និងអំណះអំណាងរបស់ លោក david chandler អ្នកនិពន្ធសៀវភៅជនជាតិអាមេរិកកាំង ដែលបានផ្តល់សក្ខីកម្មថា មានសម្រែកអ្នកទោសចេញពីគុកទួលស្លែងប្រមាណជា៧០០ទៅ៨០០ម៉ែត្រ ដោយសារតែការធ្វើទារុណកម្មដ៏សាហាវនាពេលនោះ។ ឌុច បានអះអាងថា ខ្លួនមិនបានលឺសម្រែកទាំងនោះទេ។ នៅក្នុងសវនាការនៅថ្ងៃនេះ ឌុច ក៏បានច្រានចោល ចំពោះឧបករណ៍និងរបៀបធ្វើទារុណកម្មមួយចំនួនផងដែរ ដែលត្រូវបានប្រើប្រាស់ដោយអ្នកក្រោមបញ្ជារបស់លោក។
សូមបញ្ជាក់ថា នៅថ្ងៃទី៣នៃការឡើងផ្តល់សក្ខីកម្មរបស់កាំង ហ្គេចអ៊ាវ ហៅឌុច ក្នុងនាមជាសាក្សីនៅថ្ងៃទី៩មិថុនានេះ ធ្វើឡើងដោយមិនមានវត្តមានរបស់ជនជាប់ចោទ នួន ជា បងធំទី២នៃរបបខ្មែរក្រហមនោះទេ ដោយសារ នួន ជា បានលះបង់សិទ្ធិចូលរួមដោយផ្ទាល់ដោយសារបញ្ហាសុខភាព។ ឌុច នៅមានរយៈពេល៦ថ្ងៃទៀត ដើម្បីផ្តល់សក្ខីកម្ម ក្នុងនាមជាសាក្សី ដើម្បីប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន នៅក្នុងសំណុំរឿង 002/02៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ