អានតួអត្ថបទ
ចិន-ន័រវែស

ពិធី​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព ៖ ជម្លោះ​រវាង​ចិន និង​គណៈកម្មាធិការ​ណូបែល

ពីរ​ថ្ងៃ​មុន​ ពិធី​ប្រគល់​ពាន​រង្វាន់​ណូបែល​សន្តិភាព ជា​ផ្លូវការ​ នៅ​ទីក្រុង​អូស្លូ ប្រទេស​ន័រវេស ដល់​លោក លីវ ស៊ាវប៉ូ ជ័យលាភី​រង្វាន់​ណូបែល​​សន្តិភាពឆ្នាំ ២០១០ គណៈកម្មាធិការ​ណូបែល ​កំពុង​តែ​ប្រឈម​មុខ​ ​ តាំង​ពី​ថ្ងៃអង្គារ​ម្សិលមិញ​ ជាមួយ​ប្រទេស​ចិន​ ដែល​បាន​​​​អំពាវ​នាវ​ឲ្យ​ពិភពលោក​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ពិធី​​ប្រគល់​រង្វាន់​ ថ្ងៃ​ទី​១០​ធ្នូ។ សម្រាប់​​ចិន​ មាន​ប្រទេស​និង​អង្គការ​ជាង​១០០​បាន​គាំទ្រ​ខ្លួន ប៉ុន្តែ​គណៈកម្មាធិការ​ណូបែល​អះអាង​ផ្ទុយ​ទៅ​វិញ។

សកម្មជន​ប្រជាធិបតេយ្យ​នៅ​ក្រុង​ហុងកុង ធ្វើ​បាតុកម្ម​គាំទ្រ​លោក លីវ ស៊ាវប៉ូ ថ្ងៃ​ទី ៨ ធ្នូ ២០១០
សកម្មជន​ប្រជាធិបតេយ្យ​នៅ​ក្រុង​ហុងកុង ធ្វើ​បាតុកម្ម​គាំទ្រ​លោក លីវ ស៊ាវប៉ូ ថ្ងៃ​ទី ៨ ធ្នូ ២០១០ © Reuters
ផ្សាយពាណិជ្ជកម្ម
01:57

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

អ្វី​ដែល​ច្បាស់ គឺ ទាំង​លោក លីវ ស៊ាវប៉ូ ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ និង​ទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ទាំង​អស់​ គ្មាន​នរណា​ម្នាក់​អាច​​មានមុខ​​នៅ​ឱកាស​ពិធី​ប្រគល់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ ថ្ងៃទី​១០ ធ្នូ ឆ្នាំ​២០១០ នៅ​ទីក្រុង​អូស្លូ​ឡើយ ! នេះ​ជា​មិន​មែន​ជា​លើក​ទីមួយ​ទេ ​ចាប់​ពី​ឆ្នាំ ១៩៣៥​មក ដែល​ម្ចាស់​ជ័យ​លាភី​​មិន​អាច​ធ្វើ​ដំណើរទៅ​ទទួល​រង្វាន់​នៅទី​ក្រុង​អូស្លូ។

ប្រទេស​ចិន ដែល​បាន​ចាត់​ទុក​ការ​ផ្តល់​គោរមងារ​ជា​ជ័យ​លាភី​ទៅ​ឲ្យលោក​ លីវ ស៊ាវប៉ូ ថាជា​សេចក្តី​សម្រេច​ដ៏​អាម៉ាស់​មួយ បាន​បើក​យុទ្ធនាការ​ការទូត អំពាវ​នាវ​ឲ្យ​ប្រទេស​នៅ​ក្នុង​លោក​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ណូបែល​សន្តិភាពនេះ។ សម្រាប់​ក្រុង​ប៉េកាំង សហគមន៍​អន្តរជាតិ បាន​ច្រាន​ចោល​​សេចក្តី​សម្រេចរបស់​គណៈកម្មាធិការ​ណូបែល​សន្តិភាពរួច​ទៅហើយ​ ព្រោះ​ពេល​នេះ មាន​ប្រទេស​ និង​អង្គការ​ចំនួន​ជាង​១០០ បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ និង​បាន​សម្តែង​ការ​គាំទ្រ​ចិន​ដោយ​ជាក់​លាក់។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន។

ប៉ុន្តែ​ ការ​អះអាង​របស់​ក្រុង​ប៉េកាំង បាន​ធ្វើឲ្យ​គណៈកម្មាធិការ​ណូបែលមាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង និង​បញ្ចេញ​ប្រតិកម្ម​ភ្លាម​មួយ​រំពេច។ តាម​ពិត​ គណៈកម្មាធិការ​ បាន​អញ្ជើញ​តំណាង​ការទូត​ចំនួន​តែ​៦៥​ប្រទេស​ ដែល​មាន​​ស្ថានទូត​​នៅ​ទីក្រុង​អូស្លូ​តែ​ប៉ុណ្ណោះ។ ក្នុង​ចំណោម​នោះ ៤៤​ប្រទេស​បានផ្តល់​ចម្លើយ​វិជ្ជមាន ប្រទេស​ចិន និង​១៨​ប្រទេស​ផ្សេង​ទៀត​ (រុស្ស៊ី អៀរ៉ង់ គុយបា វេនេហ្ស៊ុយអេឡា កាហ្សាក់ស្តង់ កូឡុំប៊ី ទុយនេស៊ី អារ៉ាប៊ីសាអូឌីត ប៉ាគីស្តង់ អាហ្វហ្កានិស្តង់ សែប៊ី អៀរ៉ាក់ វៀតណាម ហ្វីលីព្វីន អេហ្ស៊ីប ស៊ូដង់ អ៊ុយក្រែន និង​ម៉ារ៉ុក) បដិសេធ និង​ប្រទេស​ចំនួន​ពីរ ៖ អាល់ហ្សេរី និង​សេរីលង្កា គ្មាន​ចម្លើយ។

សូម​បញ្ជាក់​ថា តាំង​ពី​ថ្ងៃ​ប្រកាស​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​ដល់ លោក លីវ ស៊ាវប៉ូ សកម្មជន​សិទ្ធិមនុស្ស​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​ក្រុង​ប៉េកាំង​មក ចិន​តែ​ង​បាន​ខិត​ខំ​ឃោសនា​ និង​ព្រមាន​ប្រទេស​ជា​ច្រើន ជា​ពិសេស​សហភាព​អឺរ៉ុប មិន​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់ ព្រោះ​ជា​ទង្វើ​ប្រឆាំង​នឹង​តុលាការ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ