អានតួអត្ថបទ
ចិន-ន័រវែស

ដោយសារ​រឿង​​រង្វាន់​ណូបែល​សន្តិភាព​ ចិន​លុប​ចោល​កម្មវិធី​ជំនួប​ជាច្រើន​ជា​មួយ​ន័រវែស

កំហឹង​របស់​ចិន នៅតែ​មិនទាន់ បាត់ ប៉ុន្មាន​ថ្ងៃ​មកហើយ​បន្ទាប់ពី គណៈកម្មាធិការ​ណូបែល​ន័រវែស បាន​សម្រេច​​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​ដល់​លោក លីវ ស៊ាវប៊ូ(Liu Xiaobo)​សកម្មជន​​ការពារសិទ្ធមនុស្ស​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​ចិន​។ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ចិន បាន​លុបចោល​ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​មួយ​រវាង​បណ្តា​អ្នក​ទទួលខុសត្រូវ​ចិន​និង​ន័រវែស ដែល​គ្រោង​ធ្វើ​​​នៅ​ថ្ងៃ​ពុធ​នេះ ក៏ព្រមទាំង​សកម្មភាព​វប្បធម៌​មួយ​ដែរ។

Liu Xia, ភរិយា​​នៃ​ជ័យ​លាភី​រង្វាន់ណូបែល​សន្តិភាព ២០១០  Liu Xiaobo ត្រូវបាន​អាជ្ញាធរចិន​​រារាំង​​មិនឲ្យ​ជួបជាមួយ​អ្នក​​ការ​ទូត​ន័រវែស​ទេកាល​ពីថ្ងៃ​ង្គារទី​១២តុលាម្សិលមិញ។
Liu Xia, ភរិយា​​នៃ​ជ័យ​លាភី​រង្វាន់ណូបែល​សន្តិភាព ២០១០ Liu Xiaobo ត្រូវបាន​អាជ្ញាធរចិន​​រារាំង​​មិនឲ្យ​ជួបជាមួយ​អ្នក​​ការ​ទូត​ន័រវែស​ទេកាល​ពីថ្ងៃ​ង្គារទី​១២តុលាម្សិលមិញ។ S.Lagarde / RFI
ផ្សាយពាណិជ្ជកម្ម
01:55

សេចក្តីរាយការណ៍​របស់​ ប៊ែរណាដែត​ នុយ

ជំនួប​គ្រោងទុក​នៅ​ថ្ងៃ​ពុធ​ទី ១៣ តុលា​នេះ​-រវាង​រដ្ឋមន្ត្រី​ក្រសួង នេសាទ​ ន័រវែស​លោកស្រី Lisbeth Berg-Hansen ដែល​កំពុង​បំពេញទស្សនកិច្ច​នៅប្រទេសចិន និង​អនុរដ្ឋមន្រ្តី​ក្រសួងនេសាទចិននៅទីក្រុងប៉េកាំង ត្រូវ​បាន​អាជ្ញាធរចិន​លុប​ចោល​​ភ្លាម​ៗ​នៅ​ក្នុង​រយៈ​ពេលតែ​​ប៉ុន្មាន​នាទី​ចុង​ក្រោយ​ប៉ុណ្ណោះ។ វិធានការ​នេះ ក៏​ជា​ប្រតិកម្ម​លើក​ទី​មួយ​របស់​ចិន​ប្រឆាំង ​នឹង​ន័រវែស​ក្នុង​ការ​សំរេច​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​ដល់​​សកម្មជន​ចិន​ដ៏​ស្វិតស្វាញ​ម្នាក់​ដែល​​ហ៊ាន​​ប្រឆាំង​នឹង​អាជ្ញាធរចិន។

មិនតែប៉ុណ្ណោះ អាជ្ញាធរ​ចិន ក៏​បាន​លុប​​ចោល​ការ​សំដែង​ទស្សនិយភាព​ល្ខោន​ចំរៀង​មួយ​ដែរ​របស់​ន័រវែស ដែលត្រូវ​រៀបចំ​ឆាក​ដោយជ័យលាភី​នៃ​ការ​ប្រឡង​ចំរៀង​អឺរ៉ុប L’Eurovision ឆ្នាំ ២០០៩​គឺលោក Alexander Rybak។ ម្យ៉ាងទៀត កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ អ្នក​ការទូត​ន័រវែស​ពីរ​រូប ដែល​ប៉ុនប៉ង​​​ចង់​ចូល​ទៅ​សួរ​សុខទុក្ខ ភរិយា​របស់​លោក លីវ​ស៊ាវប៉ូ Lui Xiaobo  ក៏​ត្រូវ​បាន​អាជ្ញាធរ​ចិន ដាក់​របាំង​ពី​មុខ​ផ្ទះ មិន​ឲ្យ​ចូល​ទៅ​ជួប​លោកស្រី Liu Xia  ដែលត្រូវ​ជាប់​ឃុំឃាំង​​ក្នុង​លំនៅ​ឋាន​នៅ​ទីក្រុង ប៉េកាំង។
 

គួររំលឹកថា នៅ​ថ្ងៃ​សុក្រ​មុន​នេះ គ្រាន់តែ គណៈកម្មាធិការ​ណូបែល​ន័រវែស​នេះ ប្រកាស​ជូន​រង្វាន់ណូបែល​សន្តិភាព​នេះ​ភ្លាម-អាជ្ញាធរ​ចិន បាន​ព្រមាន​ន័រវែស​ភ្លាមៗ​ដែរ​ថា ជម្រើស​នេះ អាច​នឹង​បំផ្លាញ​ដល់​ទំនាក់ទំនង​រវាង​ចិន​និង​ន័រវែស។ គួរបញ្ជាក់​ថា ការ​ដោះដូរ​​សេដ្ឋកិច្ច​រវាង​ចិន​និង​ន័រវែស បាន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ យោងតាម​តួលេខ​ផ្លូវការ​ន័រវែស -ការនាំទំនិញ​ចេញ​របស់​ន័រវែស​ទៅ​កាន់​ប្រទេស​ចិន ក្នុង​រវាង​ឆ្នាំ​២០០០​និង​២០០៩ បាន​កើន​ជិត ២០០០​លាន​អឺរ៉ូ ចំណែក​ការនាំ​ទំនិញ​ចិន​ចូល​មក​កាន់​ន័រវែស​វិញ បាន​កើន​រហូត​ដល់ ៣ ម៉ឺន២៦០០​លាន​អឺរ៉ូ ​ក្នុង​រយៈ​ពេលដូច​គ្នា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ