អានតួអត្ថបទ
លីប៊ី

ក្រុម​អ្នក​បះបោរ​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​អន្តរជាតិ

តំណាង​ប្រទេស​​អារ៉ាប អាហ្វ្រិក និង​អង្គការ​អូតង់ ដែល​បាន​បើក​ជំនួប​កំពូល​ នៅ​​ទីក្រុង ដូហា ប្រទេស​កាតា ស្តី​ពី​ប្រទេស​លីប៊ី​ ​នា​ថ្ងៃ​ពុធ​ទី ១៣​មេសា ម្សិលមិញ បាន​យល់​ព្រម​ព្រៀង​គ្នា ផ្តល់​ជំនួយ​មនុស្ស​ធម៌ និង​ហិរញ្ញវត្ថុ​ដល់​ពួក​អ្នក​បះបោរ​លីប៊ី។ យន្តការ​បណ្តោះអាសន្ន​មួយ​នឹង​ត្រូវ​រៀប​ចំឡើង។ ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​​ បាន​ស្វាគម​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​នេះ។

កង​កម្លាំង​អ្នក​បះបោរ​នៅ​សមរភូមិ​ជួរ​មុខ​ នា​ក្រុង​ d'Ajdabiyah ថ្ងៃ​ទី​១០ មេសា ២០១១
កង​កម្លាំង​អ្នក​បះបោរ​នៅ​សមរភូមិ​ជួរ​មុខ​ នា​ក្រុង​ d'Ajdabiyah ថ្ងៃ​ទី​១០ មេសា ២០១១ REUTERS/Youssef Boudlal
ផ្សាយពាណិជ្ជកម្ម
01:44

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

ជំនួប​កំពូល​នៅ​ទីក្រុង​ ដូហា ប្រទេស​កាតា បាន​ផ្តល់​កម្លាំង​ឡើង​វិញ​ដល់​ក្រុម​អ្នកបះបោរ​ប្រឆាំង​នឹង​របប​លោក​កាដាហ្វ៊ី។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាលលីប៊ី ដែល​ម្សិលមិញ ស្នើ​សុំ​ឲ្យ​អន្តរជាតិ​បន្ថែម​អន្តរាគមន៍​យោធា។

ជា​មួយ​នឹង​ការ​ទាមទារ​ឲ្យ​លោក កាដាហ្វ៊ី ចុះ​ចេញ​ពី​តំណែង ក្រុម​ប្រទេស​ដែល​ចូល​រួម​ដោះស្រាយ​វិបត្តិ​នៅ​លីប៊ី បាន​ថែម​ទាំង​យល់​ព្រម​ឆ្លើយ​តប​ជា​វិជ្ជមាន​នឹង​សេចក្តី​ត្រូវ​ការ​ដ៏​ទទូចរបស់​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​ បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​បះបោរ នៅ​ប៊ិនហ្កាហ្ស៊ី (Benghazi)។ ​ដោយ​ហេតុ​ផល​នេះ ទើប​ក្រុម​អ្នក​បះបោរ​​បដិសេធ​មិន​ទទួល​យក​ផែនទី​ចង្អុល​ផ្លូវ​​របស់​សហភាព​អាហ្វ្រិក។

ជំនួយ​ហិរញ្ញវត្ថុ តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​យន្តការ​ហិរញ្ញវត្ថុ​បណ្តោះ​អាសន្ន​មួយ នឹង​ត្រូវ​ផ្តល់​ជូនក្រុម​អ្នក​បះបោរធ្វើប​ដិវត្ត​ប្រឆាំង​នឹង​របប​ផ្តាច់ការ​ លោក កាដាហ្វ៊ី ដែល​មាន​​​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​ជា​តំណាង។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ ​អំពី​បែបបទ​នៃ​មូលនិធិ​នោះ​នៅ​ឡើយទេ។

ក្រុម​ប្រឹក្សាជាតិ​អន្តរកាល​ សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​កញ្ចប់​ប្រាក់​ (១០០​ពាន់​លាន​ដុល្លារ) ដែល​​សហគមន៍​អន្តរជាតិ​​ផ្អាប់​​ទុក​ ជាង​មួយ​ខែ​មក​ហើយ ក្នុង​ក្រប​ខ័ណ្ឌ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​​រដ្ឋាភិបាល​លោក​កាដាហ្វ៊ី មក​ចាត់​ចែង​ប្រើ​ប្រាស់។

ក្រុម​ប្រទេស​អ្នក​​ចូល​រួម​ដោះ​ស្រាយ​វិបត្តិ​នៅ​លីប៊ី យល់​ច្បាស់​ណាស់​អំពី​ភាព​ចាំ​​បាច់ ដែល​ក្រុម​អ្នក​បះបោរត្រូវ​​មាន​លទ្ធភាព​ការពារ​ខ្លួន ប៉ុន្តែ​គំនិត​ផ្តួច​ផ្តើម​ចង់​ផ្តល់ ឬ​បំពាក់​អាវុធ​ ឲ្យ​ក្រុមប្រឆាំង​​នេះ មិន​​ទទួល​​បាន​ការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ទេ។ សហរដ្ឋ​អាមេរិក និង​អង់គ្លេស​ ក៏​មិន​បាន​ទទួល​ស្គាល់​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​ជា​ផ្លូវការ​ដែរ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​គេ​អាច​ចាត់​ទុក​ថា​​ជំនួប​ប្រជុំ​​នៅ​ទីក្រុង​ដូហា ម្សិលមិញ បាន​បិទ​បញ្ចប់​ទៅ​ជាមួយនឹង​ការ​គាំទ្រច្បាស់​លាស់ និង​បាន​បណ្តុះ​សេចក្តី​សង្ឃឹម​ឡើង​វិញ​ថា​សហគមន៍​អន្តរជាតិ​​មិន​បោះ​បង់​​ក្រុម​អ្នក​បះបោរនៅ​លីប៊ី​ទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ