អានតួអត្ថបទ
លីប៊ី

អូតង់​ បាញ់​​ច្រឡំ​ នៅ​លីប៊ី

​​ក្រុម​អ្នក​បះបោរ​​លីប៊ី ៩​នាក់ និង​ជន​ស៊ីវិល​៤​នាក់ បាន​ស្លាប់​ ក្នុង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​កង​កម្លាំង​សម្ព័ន្ធ​មិត្ត អូតង់ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​​ទី ២មេសា ម្សិលមិញ។ អូតង់​ ដែល​បាន​បើក​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក ជួយ​ក្រុម​បះបោរ​លីប៊ី នៅ​តំបន់​ជិត​មជ្ឈមណ្ឌល​ប្រេងកាត ប្រេហ្កា តែ​បែរ​ជា​ខុស មក​សម្លាប់​គ្នា​ឯង​ទៅ​វិញ។ បើ​សិន​ពិត​ជា​កំហុស​របស់​កង​កម្លាំង​អូតង់​មែន គេ​អា​ច​នឹង​​ត្រូវ​សើ​រើ​ឡើង​វិញ​អំពី​យុទ្ធសាស្ត្រ​បច្ចុប្បន្ន ​របស់​អូតង់​ នៅ​លីប៊ី។

រថយន្ត​របស់​ក្រុម​អ្នក​បះបោរ​នៅ​លីប៊ី ដែល​ត្រូវ​​អូតង់​ទម្លាក់​គ្រាប់​បែក​លើ​ដោយ​ច្រឡំ
រថយន្ត​របស់​ក្រុម​អ្នក​បះបោរ​នៅ​លីប៊ី ដែល​ត្រូវ​​អូតង់​ទម្លាក់​គ្រាប់​បែក​លើ​ដោយ​ច្រឡំ © Reuters
ផ្សាយពាណិជ្ជកម្ម
01:42

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

នៅ​ទី​​បញ្ជាការ​​អង្គការ​អូតង់ គេ​កំពុង​តែ​សាកល្បង​ ​ផ្តុំ​បង្ក​បង្កើត​​ឡើង​វិញ ឲ្យ​បាន​លម្អិត​និង​ប្រាកដ​ប្រជា អំពី​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​​​លើ​តំបន់​ភាគ​ខាង​កើត​ក្រុង​ប្រេហ្កា ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ពុះ​កញ្ជ្រោល​ខ្លាំង រវាង​កង​កម្លាំង​ទ័ព​​របស់​លោក កាដាហ្វ៊ី និង​កង​កម្លាំង​អ្នក​បះបោរ នៅ​ថ្ងៃសៅរ៍​ម្សិលមិញ។ មាន​សម្មតិកម្ម​ពីរ ដែល​ជំរុញ​ឲ្យ​មាន​ការ​បាញ់​ខុស មក​សម្លាប់​​អ្នក​ដែល​ខ្លួន​ត្រូវ​ការពារនោះ។

ទី​មួយ គឺ​​អាច​បណ្តាលមក​ពី​ក្រុម​ទ័ព​ស្ម័គ្រ​នឹង​បុរស​ខ្លាំងលីប៊ី លោក កាដាហ្វ៊ី ​ជ្រៀត​ចូល​បន្លំ​ក្នុង​​ក្បួន​របស់​​កង​​កម្លាំង​អ្នក​បះបោរ ហើយ​​ធ្វើ​ការ​​បាញ់​រះ និងបាញ់​​កាំ​ភ្លើង​ធុន​ធ្ងន់ សម្លាប់​មនុស្ស ទើប​អូតង់​ទម្លាក់​គ្រាប់​បែក​ជួយ។ ក្នុង​ករណី​នេះ អូតង់​​មិន​ខុស​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​លើស​ពីនេះ​ដែរ។

សម្មតិកម្ម​ទីពីរ ដែល​ទំនង​ជា​សម​ស្រប​ជាង​នោះ គឺ​បណ្តាលមក​ពី​ក្រុម​អ្នក​បះបោរ​ខ្លួន​ឯង​តែ​ម្តង។ ពួក​អ្នក​បះបោរ​ដែល​រីករាយ​នឹង​ជ័យ​ជំនះ​​របស់​ខ្លួន នាំ​គ្នា​បាញ់​កាំភ្លើង​ឡើង​លើ ជា​ហេតុ​​ធ្វើ​ឲ្យ​កងទ័ព​​សម្ព័ន្ធមិត្តដែល​កំពុង​បំពេញ​ការងារ​ល្បាត​ហោះហើរ​លើ​អាកាស​ យល់​ច្រឡំ​ថា​ខ្លួន​ជា​ផ្ទាំង​ស៊ីប​របស់​ពួក​ទាហាន​កាដាហ្វ៊ី ទើប​ចុច​ទម្លាក់​គ្រាប់បែក។ ពេល​យប់​ដូច្នេះ ងាយ​នឹង​នាំ​ដល់​ការ​ភ័ន្ត​ច្រឡំណាស់។ ប្រសិន​បើ​សេចក្តី​សន្និដ្ឋាន​នេះ បាន​ទទួល​ការ​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ នេះ​ជា​កំហុស​នៃ​ការ​ដែល​គ្មាន​បទ​ពិសោធន៍​ក្នុង​សមរភូមិ​របស់​ក្រុម​អ្នក​បះបោរ​។

​ពេល​នេះ អូតង់ កំពុង​តែ​ត្រួត​ពិនិត្យ​ឡើង​វិញ​ ធ្វើ​សេចក្តី​រាយ​​ការណ៍​អំពី​ចំនួន​យន្តហោះ​ចម្បាំង​ ដែល​​ទទួល​ខុសត្រូវ​ទម្លាក់​គ្រាប់​បែក​លើ​ជំរំ និង​ក្រុម​ទាហាន​ស្ម័គ្រ​នឹង​លោក កាដាហ្វ៊ី។ ហើយ​គេ​ក៏​នឹង​អាច​ចាក់​មើល​ខ្សែ​អាត់​វីដេអូ​ ដែល​យន្តហោះ​នីមួយៗ​ថត​បាន ពេល​ខ្លួន​ហោះហើរ​ធ្វើ​ល្បាត និងយុទ្ធនាការ​លើ​ផ្ទៃ​អាកាស​លីប៊ី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ