អានតួអត្ថបទ
លីប៊ី

របប​ទ្រីប៉ូលី​ស្នើ​លើក​លែង​ទោស​ឱ្យ​ពួក​ឩទ្ទាម​នៅ​មីស្រាតា ប៉ុន្តែ​ការ​ប្រយុទ្ធ​ចេះ​ តែ​បន្ត​ទៅ​ទៀត

របប​ទ្រីប៉ូលី​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិល​មិញ​២៩​មេសា​បាន​ស្នើ​លើក​លែង​ទោស ​ឱ្យ​ពួក​ឩទ្ទាម​នៅ​ទីក្រុង​កំពង់​ផែ​មីស្រាតា​ ដោយ​សុំ​ឱ្យ​ពួក​គេ​ទម្លាក់​អាវុធ​មុន​ថ្ងៃ​៣ឩសភា​។​ ប៉ុន្តែ​ ការវាយ​លុក​ចេះ​តែ​បន្ត​ទៅ​ទៀត​ ហើយ​ការកាន់​កាប់​មីស្រាតា​ជា​ទ្វារ​សំរាប់​នាំ​ចូល​ជំនួយ​មនុស្សធម៌​ទៅ​ឱ្យ ​បណ្តាជន​និង​កង​កម្លាំង​ឩទ្ទាម​មាន​សារៈសំខាន់​ណាស់​សំរាប់​ភាគី​បដិបក្ខ​ ក្នុង​អធិករណ៍​។ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ​ នៅ​ក្នុង​សង្កថា​តាម​ទូរទស្សន៍​ ​ មេដឹកនាំ​លីប៊ី​បាន​អះអាង​ជា​ថ្មី​ថា​ គាត់​នឹង​ពុំ​ចាក​ចេញ​ពី​ប្រទេស​គាត់​ទេ​ ហើយ​អំពាវ​នាវ​ឱ្យ​ចរចា​ជាមួយ​អូតង់​។

លោក Moussa Ibrahim អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក កាដាហ្វី
លោក Moussa Ibrahim អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក កាដាហ្វី REUTERS/Louafi Larbi
ផ្សាយពាណិជ្ជកម្ម

ដើម្បី​បាន​ទទួល​ការ​លើក​លែង​ទោស​នេះ ពួក​ឧទ្ទាម​នៅ​ប៉ែក​ខាង​លិច​ដែល​ប្រយុទ្ធ​តស៊ូ​នៅ​មីស្រាតា ជិត​ពីរ​ខែ​មក​ហើយ​ ត្រូវ​តែ​ចូល​ប្រគល់​ខ្លួន និងទម្លាក់​អាវុធ។ នេះ​គឺ​ជាការ​​អះអាង​របស់​អ្នកនាំពាក្យ​នៃ​រដ្ឋាភិបាល​ លោក មូស្សា អ៊ីប្រាហ៊ីម ដែល​ចាត់​ទុក​ជា​ការ​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ។

សំណើ​នេះ មាន​រយៈ​ពេល​​រហូត​ដល់​ថ្ងៃ​ទី ៣​ឧសភា ហើយ​របប​លីប៊ី​សន្យា​ថា ពួក​អ្នក​ដែល​ស្តាយ​កំហុស​ខ្លួន​អាច​នឹង​ចាក​ចេញ​​ពី​ទីក្រុង​ទៅ​ដោយ​សេរី នៅ​ខណៈ​ដដែល​នេះ ការ​វាយ​តប​ត​វិញ​របស់​កង​ទ័ព​កំពុង​តែ​ប្រព្រឹត្ត​ទៅ។

មុន​នេះ​បន្តិច​អាជ្ញាធរ​លីប៊ី​បាន​ប្រកាស​ថា​ កង​កម្លាំង​ភក្តី​នឹង​លោក កាដាហ្វី បាន​ធ្វើ​ឲ្យ​ឋបនភណ្ឌ​នៅ​កំពង់ផែ​ខូច​ប្រើប្រាស់​លែង​កើត និង​បាន​ព្រមាន​ប្រាប់​ថា គ្រប់​តែ​នាវា​ដែល​ប៉ុន​ប៉ង​បើក​ចូល​កំពង់ផែ​នឹង​ត្រូវ​ចាត់​ទុក​ជា​នាវា​ខ្មាំង​សត្រូវ ​និងត្រូវ​វាយ​ប្រហារ។

លោក ឧត្តមសេនីយ Rob Weighill  ដែល​ជា​នាយក​ប្រតិបត្តិការ​នៅ​លីប៊ី សម្រាប់​អូតង់ បាន​ប្រកាស​នៅ​ឱកាស​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ Naples ម្សិលមិញ​ថា នាវា​របស់​គាត់​បាន​កំចាត់​គ្រាប់​មីន​ដាក់​ដោយ​កង​កម្លាំង​ទ័ព​របស់​លោក កាដាហ្វី នៅ​កំពង់​ផែ​មីស្រាតា ថា ៖

“នាវា​របស់​យើង​បាន​ស្ទាក់​ស្កាត់​ចាប់​បាន​កប៉ាល់​តូចៗ​ដែល​ដាក់​គ្រាប់​មីន​អណ្តែត​នៅ​ច្រក​ចេញ​ពី​កំពង់ផែ​ ហើយ​យើង​បាន​បំផ្លាញ​ចោល​ គ្រាប់​មីន​ដែល​យើង​បាន​រក​ឃើញ។ ការ​នេះ​ជា​តឹក​តាង​ថ្មី​បង្ហាញ​ថា​របប​មេដឹកនាំ​ កាដាហ្វី​ធ្វើ​ពុំ​ដឹង​ពុំ​ឮ​នីតិ​អន្តរជាតិ​ និងប៉ុន​ប៉ង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌។”

របប​ទ្រីប៉ូលី ប្រាថ្នា​ចង់​ឲ្យ​ជំនួយ​ត្រូវ​ដឹក​តាម​ជើង​គោក ប៉ុន្តែ​ជា​ការ​ពិបាក​ជាង​ ដោយ​ហេតុ​គ្មាន​ការ​ឈប់​បាញ់​គ្នា។ នៅ​ទី​បំផុត​ទៅ​រដ្ឋាភិបាល​លីប៊ី​ទំនង​ជា​ប៉ុន​ប៉ង​ធ្វើ​រាល់​អ្វីៗ​ ដើម្បី​ក្តាប់​សភាព​ការណ៍​បាន​តែ​សំបក​ក្រៅ នៅ​ពេល​ដែល​កង​កម្លាំង​របស់​​លោក​កាដាហ្វី​ទំនង​ជា​បាត់​បង់​ភាព​មាន​ប្រៀប តាំង​ពី​យូរ​មក​ហើយ នៅ​មីស្រាតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ