អានតួអត្ថបទ
លីប៊ី

អាមេរិក​បញ្ជូន​យន្តហោះ​ចម្បាំង​Drone ទៅលីប៊ី

ប្រធានាធិបតី​អាមេរិកាំង លោក​បារ៉ាក់ អូបាម៉ា​បាន​បើកភ្លើងខៀវ​ឲ្យ​គេ​ប្រើ​យន្តហោះ​Drone ដែល​គ្មាន​មនុស្ស​បើក ក្នុង​ប្រតិបត្តិការ​យោធា​របស់​អាមេរិក នៅក្នុង​ប្រទេស​លីប៊ី។ រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក លោក​Robert Gates បាន​បញ្ជាក់​ព័ត៌មាននេះ នៅថ្ងៃ​ព្រហស្បតិ៍​ទី ២១ មេសា ២០១១ ដោយ​​ថា យន្តហោះ​Drone ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​លីប៊ី ប៉ុន្តែ​វា​បាន​ត្រលប់​មកវិញ ដោយសារ​បញ្ហា​អាកាសធាតុ។

យន្តហោះ​គ្មាន​មនុស្ស​បើកបរ​Drone Perdator  ដែល​អាមេរិក​ប្រើ​ក្នុង​ការប្រយុទ្ធ​ទៅ​លើក្រុមឧទ្ទាម​នៅប៉ាគីស្ថាន
យន្តហោះ​គ្មាន​មនុស្ស​បើកបរ​Drone Perdator ដែល​អាមេរិក​ប្រើ​ក្នុង​ការប្រយុទ្ធ​ទៅ​លើក្រុមឧទ្ទាម​នៅប៉ាគីស្ថាន Reuters
ផ្សាយពាណិជ្ជកម្ម

អាមេរិក​ធ្លាប់​បាន​និយាយ​ដកខ្លួន​ចេញ​ពីសង្រ្គាម​នៅលីប៊ី និង​បាន​ផ្ទេរ​ភារកិច្ច​យោធា​នៅ​លីប៊ី​ទៅ ឲ្យ​អង្គការ​អូតង់​ទាំងស្រុង។ ប៉ុន្តែ រដ្ឋាភិបាល​អាមេរិក​របស់​លោក​បារ៉ាក់ អូបាម៉ា បាន​ដូរចិត្ត និង​បាន​​ត្រលប់​មកចូលរួម​ជាមួយ​អង្គការ​អូតង់ ព្រោះឃើញ​ថា អូតង់​លែង​មាន​សមត្ថភាព​វាយប្រហារ​ពីលើ​អាកាស​ទៅ​លើ​កម្លាំងទ័ព​របស់​លោក​ កាដាហ្វ៊ី​ដែល​កំពុង​លាក់ខ្លួន​ក្នុង​ទីប្រជុំជន​ទៀតហើយ។

មួយវិញទៀត ការដែល​លោក​បារ៉ាក់ អូបាម៉ា បញ្ជា​ឲ្យ​មន្ទីរបញ្ចកោន​អាមេរិក​ប្រើ​យន្តហោះ​Drone លើកនេះ ក៏ដោយសារ​លោក​Cameron រដ្ឋមន្រ្តី​អង់គ្លេស​បាន​ស្នើសុំ​ឲ្យ​អាមេរិក​ចូលរួម​កាន់តែ​ខ្លាំង​ដើម្បី ​ដាក់​សម្ពាធ​ទៅលើ​លោក​កាដាហ្វ៊ី។ នៅក្នុង​សប្តាហ៍នេះ អង់គ្លេស បារាំង និង​អ៊ីតាលី​បាន​ប្រកាស​បញ្ជូន​មន្រ្តី​ជំនាញ​យោធា​ទៅ​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​​ ក្រុមប្រឆាំងលីប៊ី។

លោកRobert Gates រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​វិញ​ អះអាង​ថា អាមេរិក​បដិសេធ​មិន​ប្រើ​កម្លាំង​ទ័ព​ថ្មើរជើង​ក្នុង​ប្រទេស​លីប៊ី​ទេ។ យន្ត​ហោះ​ Drone​គឺជា​ការចូលរួម​ពិសេស​តែមួយ​គត់​របស់​អាមេរិក ក្នុង​ប្រតិបត្តិការ​យោធា​របស់​អូតង់។ យន្តហោះ​ Drone នឹង​អាច​កាត់បន្ថយ​កម្លាំងយោធា​របស់​លោក​កាដាហ្វ៊ី​បានច្រើន។ កន្លងមក យន្តហោះ ​ ចម្បាំង​គ្មានមនុស្ស​បើក​បាន ត្រូវ​បាន​អាមេរិក​ប្រើច្រើន​ក្នុង​សង្រ្គាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ ពួកតាលីបង់ នៅ​អាហ្វហ្កានីស្ថាន និង​ពួកភេរវជន​អ៊ីស្លាម​ជ្រុលនិយម​របស់​បណ្តាញ​​អាល់កៃដា។

យន្តហោះ Drone​អាច​ហោះ ក្នុង​កំពស់ទាប ជាង​យន្តហោះ​ចម្បាំង​ធម្មតា និង​អាច​ចូល​ទៅ​ដល់​កន្លែង​​ណា​ដែល​យន្តហោះ​ចម្បាំង​ធុន​ធំ មិន​អាច​ចូលដល់​បាន។ ក្នុង​ប្រទេស​ប៉ាគីស្ថាន ដោយសារ​យន្តហោះ​ Drone  អាមេរិក​អាច​បំផ្លាញ​សម្បុក​របស់​ពួក​ឧទ្ទាម តាលីបង់ ដែល​លាក់ខ្លួន ក្នុង​តំបន់​កុលសម្ព័ន្ធភ្នំ ដែល​ទាហាន​ថ្មើរជើង​អាមេរិក​មិន​អាច​ចូលទៅដល់។

នៅលីប៊ី អាមេរិក​សង្ឃឹម​ថា យន្តហោះ Drone ​ដែល​បញ្ជា​ចេញ​តាំងពី​​អាមេរិក នឹង​អាច​ហោះ​ចូល​ទៅ​បាញ់​គ្រាប់​មីស៊ីលំ បំផ្លាញ​ទីតាំង​លាក់ខ្លួន​របស់​ទាហាន​កាដាហ្វ៊ី ក្នុង​ទីក្រុង ជាពិសេស​ទីក្រុង​មីស្ត្រាតា។ យន្តហោះ​ Drone ​នេះ​នឹង​បើកប្រតិបត្តិការ ២៤ម៉ោង លើ​២៤​ម៉ោង​នៅលើ​ទីតាំង​ដែល​កំពុង​មានការប្រយុទ្ធគ្នា​ខ្លាំង​រវាង​ទ័ព​ កាដាហ្វ៊ី​នឹង​ក្រុមប្រឆាំង។ ក្រុម​ប្រឆាំង​លីប៊ី​ស្វាគម​បេសកកម្ម​របស់​យន្តហោះ Drone ដែល​គេ​ជឿជាក់​ថា នឹង​អាច​ការពារជន​ស៊ីវិល​ពីការសម្លាប់​របស់​ទាហាន​កាដាហ្វ៊ី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ