អានតួអត្ថបទ
លីប៊ី

លីប៊ី៖ ការ​វាយប្រយុទ្ធគ្នា​នៅតែ​កើតមាន​នៅ​ទីក្រុង​មីស្រាតា ក្រោយពី​រដ្ឋាភិបាល​ប្រកាស​ដកថយ

នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ ការវាយប្រយុទ្ធគ្នា​នៅ​តែ​បន្ត​កើតមាន​​ នៅ​ក្នុង​ទីក្រុង​មីស្រាតា (Misrata) ក្រោយ​ពី​រដ្ឋាភិបាល​លោក​កាដាហ្វ៊ី​ប្រកាស​ដកថយ កាល​ពី​យប់​ថ្ងៃ​សុក្រ។ កាល​ពី​យប់ថ្ងៃ​សៅរ៍នេះ យន្តហោះ​របស់​អូតង់​បាន​ធ្វើការ​វាយប្រហារ​ជាថ្មី​ទៀត ទៅលើ​ទីតាំង​មួយ​ចំនួន នៅ​ក្នុង​រដ្ឋធានី​ទ្រីប៉ូលី។

កងកម្លាំង​បដិវត្តន៍​ឈរ​លើ​រថក្រោះ​​ដែល​កងទ័ព​របស់​លោក​កាដាហ្វ៊ី​ទុកចោល​​នៅ​ទីក្រុង​មីស្រាតា
កងកម្លាំង​បដិវត្តន៍​ឈរ​លើ​រថក្រោះ​​ដែល​កងទ័ព​របស់​លោក​កាដាហ្វ៊ី​ទុកចោល​​នៅ​ទីក្រុង​មីស្រាតា ©Reuters
ផ្សាយពាណិជ្ជកម្ម

 

កាល​ពី​ថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ កងកម្លាំង​បដិវត្តន៍​លីប៊ី​បាន​ចូល​កាន់កាប់​ទីក្រុង​មីស្រាតា​ទាំងស្រុង ក្រោយ​ពី​កងទ័ព​របស់​លោក​កាដាហ្វ៊ី​បាន​ដកថយ។ ក៏ប៉ុន្តែ រហូត​មកទល់​ពេលនេះ ទាហាន​របស់​លោក​កាដាហ្វ៊ី​នៅតែ​បន្ត​ធ្វើការ​បាញ់ផ្លោង​ចូល​ក្នុង​ទីក្រុង​មីស្រាតា​ដដែល។

កាល​ពី​ថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ ការវាយប្រយុទ្ធគ្នា​នៅ​មីស្រាតា​បាន​បណ្តាល​ឲ្យ​មនុស្ស ២៨​នាក់​បាត់បង់​ជីវិត។ អ្នកកាសែត​ជនជាតិ​បារាំង​ម្នាក់​បាន​រងរបួស។ នៅព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ​នេះ ការវាយប្រយុទ្ធគ្នា​​នៅតែ​បន្ត​កើតមាន នៅ​ទីក្រុង​មីស្រាតា។

នៅល្ងាច​ថ្ងៃ​សៅរ៍ យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក (ដែល​គេ​ហៅ​តាម​ភាសា​អង់គ្លេស​ថា Drone) បាន​​ធ្វើការ​វាយប្រហារ​ជាលើក​ដំបូង​ទៅលើ​កងទ័ព​របស់​លោក​កាដាហ្វ៊ី។ យោងតាម​ក្រសួង​ការពារជាតិ​អាមេរិក Drone របស់​អាមេរិក​បាន​កម្ទេច​កាំជ្រួច​ហ្វូង​មួយគ្រឿង​របស់​លោក​កាដាហ្វ៊ី ដែល​ដាក់​នៅ​ក្បែរ​ទីក្រុង​មីស្រាតា។ នៅ​ឯ​រដ្ឋធានី​ទ្រីប៉ូលី​ឯណោះវិញ យន្តហោះ​របស់​អូតង់​បាន​ធ្វើការ​វាយប្រហារ​សា​ជាថ្មី​ទៀត បន្ទាប់​ពី​បាន​​ទម្លាក់​គ្រាប់បែក​លើ​ទីបញ្ជាការ​របស់​លោក​កាដាហ្វ៊ី កាល​ពី​យប់​ថ្ងៃ​សុក្រ។

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​របស់​លោក​កាដាហ្វ៊ី​បាន​ប្រកាស​ដកថយ​ចេញ​ពី​មីស្រាតា កាល​ពី​ថ្ងៃ​សុក្រ។ ក៏ប៉ុន្តែ នៅ​​យប់ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ អនុរដ្ឋមន្រ្តី​ការបរទេស​លីប៊ី​បាន​ប្រកាស​ថា រដ្ឋាភិបាល​មិន​បាន​​បោះបង់​ចោល​​​ទីក្រុង​មីស្រាតា​នោះទេ។ កងកម្លាំង​រដ្ឋាភិបាល​គ្រាន់តែ​ផ្អាក​ប្រតិបត្តិការ​យោធា​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ដើម្បី​ទុក​ពេល​ឲ្យ​មេដឹកនាំ​កុលសម្ព័ន្ធ ធ្វើការ​ចរចា​រក​ដំណោះស្រាយសន្តិភាព។ ប្រសិន​បើ​ក្នុងរយៈពេល ៤៨ម៉ោង ការចរចា​នេះ​មិន​អាច​រក​ដំណោះស្រាយ​បានទេ ប្រតិបត្តិការ​យោធា​នៅ​មីស្រាតា​​នឹង​ចាប់ផ្តើម​ឡើងវិញ ហើយ​ប្រតិបត្តិការ​ថ្មីនេះ នឹង​ធ្វើ​ឡើង​ដោយ​កងកម្លាំង​កុលសម្ព័ន្ធ។

នៅថ្ងៃ​អាទិត្យ​នេះ កងកម្លាំង​បដិវត្តន៍​លីប៊ី​បាន​ឲ្យដឹង​ថា កងកម្លាំង​ប្រដាប់អាវុធ​នៃ​កុលសម្ព័ន្ធ​ស្និទ្ធិ​នឹង​លោក​កាដាហ្វ៊ី​​ត្រូវ​បាន​បញ្ជូន​មក​ដល់​មីស្រាតា​ហើយ។ កងកម្លាំង​កុលសម្ព័ន្ធ​ទាំងនោះ​មិន​ពាក់ឯកសណ្ឋាន​ជា​កងទ័ព​លីប៊ី​ទេ គឺ​ស្លៀកពាក់​ជា​ជនស៊ីវិល​ធម្មតា។ នេះ​ទំនង​ជា​យុទ្ធសាស្រ្ត​ថ្មី​របស់​លោក​កាដាហ្វ៊ី ដើម្បី​គេច​​ពី​ការ​វាយប្រហារ​​ពី​សំណាក់​យន្តហោះ​របស់​អូតង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ