អានតួអត្ថបទ
ជីហាត

មេ​ភេរវជន​ជីហាតថ្មី ប្រកាស​សងសឹក​អាមេរិក​

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០តុលា អង្គការរដ្ឋអ៊ីស្លាម ទើបតែ​​ប្រកាស​ទទួល​ស្គាល់​ការ​ស្លាប់​របស់​មេដឹកនាំ​ខ្លួន Abou Bakr Al-Baghdadi ហើយពួក​ជីហាតបាន​​​សម្រេច​ជ្រើសរើសមេដឹកនាំថ្មី។ សេចក្តីប្រកាស​នេះ ធ្វើ​ឡើង​៥ថ្ងៃ​ក្រោយ​ពី​សហរដ្ឋអាមេរិក​ប្រាប់​ពិភពលោក​ ថាថ្នាក់​ដឹកនាំ​កំពូល​អង្គការ​ជីហាត​ ត្រូវ​បាញ់​ស្លាប់​ក្នុងប្រតិបត្តិការ​វាយ​ប្រហារ​​អាមេរិក នៅភាគ​ខាង​ជើង​​ស៊ីរី​។ ភ្លាមៗ បន្ទាប់ពី​ប្រកាស​ឈ្មោះ​តែងតាំង​រួចហើយ, ក្បាល​ម៉ាស៊ីន​ជីហាត​ថ្មី ប្រកាស​សងសឹង​អាមេរិក​តែម្តង។​ 

អតីតមេជីហាត Abou Bakr al-Baghdadi ដែល​ត្រូវ​អាមេរិក​បាញ់​ស្លាប់ កាលពីថ្ងៃទី​២៧ តុលា នៅ​ស៊ីរី
អតីតមេជីហាត Abou Bakr al-Baghdadi ដែល​ត្រូវ​អាមេរិក​បាញ់​ស្លាប់ កាលពីថ្ងៃទី​២៧ តុលា នៅ​ស៊ីរី Islamic State Group/Al Furqan Media Network/Reuters TV
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីថ្លែងការណ៍​ជា​សំឡេង​​របស់ខ្លួន​ ពួក​ជីហាត​តាមរយៈ​អ្នក​នាំពាក្យ​ថ្មី បាន​​បញ្ជាក់​បីចំណុច​សំខាន់​ ប្រាប់​ទៅ​ដល់​អ្នក​ដើរ​តាម​មនោគមវិជ្ជាជ្រុល​និយម​ជីហាត​ ថាទី១ គឺ​ពួក​គេ​យំ​សោកស្តាយ និង​ទទួល​ស្គាល់​ការ​ស្លាប់​របស់​Abou Bakr Al-Baghdadi មេដឹកនាំ​ចាស់ ដែល​ធ្លាប់ត្រូវ​បច្ចិមលោក​​ប្រកាស​ថា​ស្លាប់​ច្រើន​ដង​មកហើយ តែ​ពេល​នេះ គឺ​ពិត​ជា​ស្លាប់​ពិតប្រាកដហើយ។ ទី២ គឺ​ជីហាត​តែងតាំង​មនុស្ស​ថ្មី​មកជំនួស​ ហើយចំណុច​​ទី​៣ គឺ​ប្រកាស​សង​សឹក​អាមេរិកតាម​គ្រប់​មធ្យោបាយ​ ​ហើយ​និង​រក​ផ្លូវ​រំដោះ​បក្សពួក​ជីហាត​ ដែល​កំពុងតែជាប់​ឃុំ​ឃាំង​នៅ​ក្នុង​គុក​និងមន្ទីរ​ឃុំ​ឃាំង​នានា ពិសេស​គឺនៅ​ស៊ីរី។ នេះបើតា​ម​សេចក្តី​បញ្ជាក់​នៅក្នុង​សារ​ជា​សំឡេង​តាមប្រព័ន្ធ​​តេឡេក្រាម រយៈ​ពេល​៧នាទី​ ដែល​ប៉ូលីស​​ស៊ើប​អង្កេត​ចាប់​​​យក​បាន​។

មេដឹកនាំ​ថ្មី​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត មា​នឈ្មោះថា Abou Ibrahim Al-Hachimi Al-Qourachi។ នៅក្នុង​ពេ​លនេះ គេបាន​ដឹង​និង​បាន​​ស្គាល់​តិចតួច​បំផុត​ពី​មេជីហាត​ថ្មីនេះ។ តែបើ​តាម​អ្នក​ជំនាញ​ជន​ជាតិ​អ៊ីរ៉ង់​​ដែល​តាម​ដាន​ដិត​ដល់​ពី​សំណុំ​រឿង​ជីហាត, គឺ​គេ​គ្រាន់តែ​ធ្លាប់​ដឹង​ថា Abou Ibrahim Al-Hachimi Al-Qourachi មេជីហាតថ្មី គឺជាអ្នក​​កាប់កាន់​និង​ជាអ្នក​សម្រេច​ខាង​ច្បាប់​ទម្លាប់ធម៌វិន័យ​អ៊ីស្លាមជ្រុល​និយម​របស់​ក្រុមជីហាត​នេះ ហើយ​ក៏​ជា​អាច​អ្ន​ក​សម្រេច​កាត់ទោស​មនុស្ស​នៅ​ក្នុង​ក្រុម​ផង​ដែរ។ ក្រៅពីនេះ គេ​ហាក់មិន​បាន​ដឹង​ឮអ្វី​ច្រើន​ទេ ពី​បុគ្គល​រូបនេះឡើយ​។

សូម​បញ្ជាក់ថា មេដឹកនាំ​ជីហាត​ចាស់ ដែល​ស្លា​ប់​ក្នុងកណ្តាប់​​ដៃទ័ព​អាមេរិក​កាលពី​មួយ​សប្តាហ៍​ទៅ គឺ​បំនែក​កម្ទេចកម្ទីសាក​​​​សព​របស់​មេភេរវជន​រូប​នេះ ត្រូវ​អាមេរិក​ជ្រមុជ​ចោល​ក្នុង​ទឹក​សមុទ្រ​ ដើម្បី​ជៀស​វា​ង​បន្សល់ទុក​​ដាន ឬ​ផ្នូរ​ណាមួយ ដែល​សម្គាល់​ជាទីតាំង​ សម្រាប់ពួក​ជីហាត​យកធ្វើ​​ជា​និមិត្ត​រូប​ ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ទៅ​ធ្វើ​បុណ្យ​កាន់ទុក្ខ​ នៅថ្ងៃក្រោយ។  លោក​​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ប្រកាស​ថា «មេដឹកនាំ​ជីហាត Abou Bakr Al-Baghdadi គឺ ​ស្លាប់​ដូច​ខ្មោច​ឆ្កែ»៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ