អានតួអត្ថបទ
រុស្ស៊ី-អវកាស

ការបង្ហោះ​ចេញនៃ​ក្រុម​អវកាសយានិក​រុស្ស៊ី-អាមេរិក​៣នាក់​

ព្រឹកមិញ​វេលាម៉ោង​៧និង១នាទី​ ម៉ោងម៉ូស្គូ​ មាន​បង្ហោះ​ចេញពី​ផែនដី​ទៅ​ដោយ​ជោគជ័យ​គឺ យានអវកាស​រុស្ស៊ី​ធុន​ Soyouz ​TMA-04 M​ ផ្ទុក​ទៅដោយ​អ្នកអវកាស​រុស្ស៊ី​ពីរនាក់​និង​អវកាសយានិក​អាមេរិក​ម្នាក់។ ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ខានស្អែក​គេត្រូវ​ឆ្លង​ទៅ​ធ្វើការ​ក្នុង​ “ស្ថានីយ​អវកាស​អន្តរជាតិ “​ហៅកាត់​ថា​ ISS​ ដែល​តាំងពី​ឆ្នាំ ​២០០០​មក​ហោះនៅ​កម្ពស់​ប្រមាណ​៣៤០គ.ម​.ព័ទ្ធ​ជុំវិញ​ផែនដី​ក្នុង​លក្ខណៈ​ជា​”ទីពិសោធអន្តរជាតិ​នៅអវកាស”។

យានអវកាស​​រុស្ស៊ី​​ធុន​ Soyouz ​​TMA-04 M​​ ផ្ទុក​ទៅដោយ​​អ្នក​អវកាស​​រុស្ស៊ី​​ពីរនាក់​​និង​អាមេរិក​​ម្នាក់​
យានអវកាស​​រុស្ស៊ី​​ធុន​ Soyouz ​​TMA-04 M​​ ផ្ទុក​ទៅដោយ​​អ្នក​អវកាស​​រុស្ស៊ី​​ពីរនាក់​​និង​អាមេរិក​​ម្នាក់​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

អ្នកអវកាស​រុស្ស៊ី​២នាក់​នោះ ​គឺម្នាក់​ឈ្មោះ ​Guennadi Padalka ​អាយុ​៥៣ឆ្នាំ​ ធ្លាប់បាន​ធ្វើការ​នៅអវកាស​៣លើក​ហើយ ​សរុបទៅ​ចំនួន​ ៥៨៥ថ្ងៃ​ឯណោះ​ លើកនេះ​គាត់​បំពេញ​មុខងារ​ជា​ប្រធានក្រុម។ ​ម្នាក់ទៀត​ឈ្មោះ​ Serguei Revine​ អាយុ​៤៦ឆ្នាំ​ហោះ​ចេញ​ទៅ​អវកាស​ជាលើក​ទី១។ ​ចំណែក​អ្នកអវកាស​អាមេរិកាំង​ ឈ្មោះ​ Joseph Acaba​ អាយុ​៤៤ឆ្នាំ​ហោះ​លើកនេះ​ជា​លើក​ទី២​ ដោយ​លើក​មុន​ក្នុង​ឆ្នាំ២០០៩​ គាត់ហោះ​តាម​យាន​អវកាស​អាមេរិកាំង​ធុន​ Shuttle។

 
គួរនិយាយ​ថា​តាំងពី​កណ្តាល​ឆ្នាំទៅ​មិញមក​ យាន​អវកាស​អាមេរិកាំង​ធុន​ Shuttle​ បាន​បញ្ឈប់​ទាំង​ស្រុង​តែម្តង​ការហោះហើរ​របស់​ខ្លួន​នៅអវកាស​ ​ ម៉្លោះហើយ​បានជា​តាំងពី​ពេលនោះ​មក​ រាល់​បេសកកម្ម​ដឹកអ្នក​អវកាស​ទៅកាន់​ស្ថានីយ​ ISS​ ជា ​“ទីពិសោធអន្តរជាតិ​នៅអវកាស”​ គឺបំពេញ​តែ​ដោយ​យាន​អវកាស​រុស្ស៊ី​ធុន​ Soyouz ។​ មកទល់​ឥឡូវ​វាបំពេញ​បេសកកម្ម​នេះ ​បាន​យ៉ាង​កក់ក្តៅ​ ជាង​១.៧០០លើក​ទៅហើយ។​ ចំពោះ​សេវា​ដឹក​អ្នកអវកាស​ខ្លួនម្នាក់ៗ​ទៅ​កាន់​ស្ថានីយ​ ISS ​នោះ ​រដ្ឋ​បរទេស​មាន​ស.រ.អា​ ជាដើម​ បង់មក​ឲ្យ​រុស្ស៊ី ​គឺមិន​តិចជាង​ ៥០លាន​ដុល្លារ​អាមេរិក​ឡើយ។

ក្រុមអវកាសយានិក​រុស្ស៊ី-អាមេរិក​លើកនេះ​ ត្រូវស្នាក់​នៅធ្វើការ​ក្នុង​ទីពិសោធអន្តរជាតិ ​ISS ​គឺ រយៈពេល​១២៦ថ្ងៃ។​ ក្នុង​អំឡុង​ពេលនេះ​ គេ​ត្រូវ​បំពេញ​ការពិសោធន៍​វិទ្យាសាស្ត្រ​ចំនួន​ ២០០​ ពីក្នុង​នោះ ​៤០ ​ជាចំណែក​របស់​រុស្ស៊ី។ ​ក្នុង​អំឡុង​ពេល​នេះ ​គេត្រូវ​ចេញ​ទៅ​បំពេញ​ការងារ​ជា​ចាំបាច់​តែ​១លើក​ប៉ុណ្ណោះ ​នៅឯភាគ​ខាងក្រៅ​របស់​ស្ថានីយ​គឺក្នុង​លំហ​អវកាស​ផ្ទាល់​តែម្តង។ ​មិនតែ​ប៉ុណ្ណោះ ​គេត្រូវ​រើឥវ៉ាន់​ ទៅផ្ទុក​ក្នុង​យាន​ដឹក​ជញ្ជូន​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ ហើយ​បញ្ជូន​វា​មក​ផែនដី​ព្រមទាំង​ត្រូវ​ទទួល​យាន​អវកាស​ដឹក​ជញ្ជូន​របស់​ជប៉ុន​ ធុន ​HTV ​និង​ទទួល​យាន​អវកាស​ដឹក​ជញ្ជូន​២គ្រឿង​ធុន​ Dragon ​របស់​ក្រុមហ៊ុន​Orbital​ Sciences។

មុននឹង​ហោះចេញ​ទៅ​គេបាន​ព្រលយ​ឲ្យដឹង​ថា ​គេក៏នឹង​ឆ្លៀត​មើល​ការ​ប្រកួត​បាល់ទាត់​រើស​ជើងឯក​ទ្វីប​អឺរ៉ុប​ ឆ្នាំ២០១២​ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅប៉ូឡូញ ​និង​អ៊ុយក្រែន​ពីថ្ងៃ​ ៨មិថុនា​ដល់​ថ្ងៃទី​១កក្កដា ​និង​ការប្រកួត​ល្បែង​កីឡា​អូឡាំពិក​រដូវក្តៅ ​នៅទីក្រុង​Londres​ ពីថ្ងៃ ទី២៧កក្កដា​ ដល់ថ្ងៃ​១២សីហា​ខាងមុខ។

ជាការ​កត់សម្គាល់ ​មកទល់​ឥឡូវ​បន្ត​ស្ថិតនៅ​ធ្វើការ​ក្នុង​ស្ថានីយ ​ISS គឺក្រុម​អវកាសយានិក​មួយ​ផ្សេង​មាន​គ្នា៣នាក់​ដែរ​ ផ្សំ​ឡើង​ពីជាតិ​រុស្ស៊ី​ ​ ជាតិ​អាមេរិក ​ជាតិ​ហូឡង់​ ដែល​បាន​ហោះ​ចេញ​ពី​ផែនដី​ទៅ​តាំងពីថ្ងៃ ​២១ធ្នូ​ឆ្នាំមុនម៉្លេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ