អានតួអត្ថបទ
តារាសាស្ត្រ

តារាវិទូ​អឺរ៉ុប​​រក​ឃើញ​ប្រព័ន្ធ​ផ្កាយ​ថ្មី ស្រដៀង​នឹង​ប្រព័ន្ធ​ព្រះអាទិត្យ

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​​តារាវិទូ​អឺរ៉ុប​ESO​ (អាល្លឺម៉ង់​ -​បារាំង​ - បែលហ្សិក​ - អង់គ្លេស​- ហូឡង់​ និង​​ស៊ុយអែត) ដែល​មាន​ទី​ស្នាក់​ការ​នៅ​ប្រទេស​ស្វីស បាន​ចេញ​ប្រកាស​រក​ឃើញ​ប្រព័ន្ធ​ផ្កាយ​​ថ្មី អាច​ប្រៀប​ប្រដូច​​នឹង​ប្រព័ន្ធ​ព្រះ​អាទិត្យ​បាន។ មាន​យ៉ាង​ហោច​ណាស់​ភព​ចំនួន​៥ ដែល​មានលក្ខណៈ​ស្រដៀង​នឹង​ភព​ Neptune វិល​ជុំ​វិញ​ ជា​រណប​​ នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ថ្មី​នេះ​។

អ្នក​ស្រាវជ្រាវ​អឺរ៉ុប​រក​ឃើញ​ប្រព័ន្ធ​ផ្កាយ​ថ្មី​ នៅ​ចម្ងាយ​១២៧​ឆ្នាំ​ពន្លឺ​ពី​ភពផែនដី
អ្នក​ស្រាវជ្រាវ​អឺរ៉ុប​រក​ឃើញ​ប្រព័ន្ធ​ផ្កាយ​ថ្មី​ នៅ​ចម្ងាយ​១២៧​ឆ្នាំ​ពន្លឺ​ពី​ភពផែនដី © ESO
ផ្សាយពាណិជ្ជកម្ម
01:51

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

មាន​ឈ្មោះ​ HD 10180 ប្រព័ន្ធ​ផ្កាយ​ថ្មី​ អាច​ប្រៀប​ប្រដូច​ទៅ​នឹង​ប្រព័ន្ធ​ព្រះ​អាទិត្យ​សព្វ​ថ្ងៃ​នេះ​បាន ព្រោះ​​មាន​ភព​ចំនួន យ៉ាង​ហោច​ណាស់ ៥​ជា​រណប ដែលរក​​ឃើញ​ច្បាស់ និង​មាន​សំណៅ​បញ្ជាក់​ថា អាច​មាន​ភព​ពីរ​ផ្សេង​ទៀត នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ថ្មី​នេះ។ ដូច្នេះ​ប្រសិន​បើ​អ្វី​ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ជា​ការពិត ប្រព័ន្ធ​ភព​ថ្មី​នេះ មាន​ភព​រណប​ តិច​ជាង​​ប្រព័ន្ធ​ព្រះ​អាទិត្យ​យើង​តែ​មួយ​ប៉ុណ្ណោះ។

 

ដោយ​ប្រើ​ឧបករណ៍​ដ៏​ទំនើប ថត​ចាប់​រូបតាម​រយៈ​​ពន្លឺ HARPS នៅ​ប្រទេស​ឈីលី តារាវិទូបាន​រក​ឃើញ​បន្ថែម​ទៀត​ថា ប្រព័ន្ធ​វិល​ជុំ​វិញ​​ព្រះអាទិត្យថ្មី​​ HD10180នេះ ស្ថិត​នៅ​ចម្ងាយ​ ១២៧​ឆ្នាំ​​ពន្លឺ ពី​ភព​ផែនដី​យើង។ ​នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ មាន​ភព​​ច្រើន​ ដែល​ទំនង​ជា​វិល​រណប​ជុំ​វិញ​ផ្កាយ​មួយ និង​ជា​ពិសេស​ភព​ទាំង៥​​នោះ ​មាន​មាសមាឌ​ប៉ិន​ភព​Neptune ​ មួយ​ទៀត​ធំ​ប្រហាក់​ប្រហែល​នឹង​ភព​សៅរ៍។ ចំណែក​ភព​ដែល​តូច​ជាង​គេ​ក្នុង​ប្រព័ន្ធ​​ថ្មី​នេះ និង​ដែល​ស្ថិ​ត​នៅ​ជិត​ផ្កាយ HD10180 ដូច​ចម្ងាយ​ពី​ភព​ផែន​ដី​ទៅ​​ព្រះ​អាទិត្យ​ដែរ​នោះ​ (ឆ្ងាយ​ជាង​២%) មាន​ទំហំ​មាស​មាឌ​ធំជាង​ភព​ផែនដី តែ​១,៤​ដង​ប៉ុណ្ណោះ។

 

ម្យ៉ាង​វិញ​ទៀត អ្នក​ស្រាវជ្រាវ​​មាន​ភស្តុតាង​ជា​ច្រើន​បញ្ជាក់​ថា គម្លាត​ពី​ផ្កាយ​ HD10180 ​ទៅ​ភព​នីមួយៗ មាន​លក្ខណៈ​ថេរ ដូច​អ្វី​ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​យើង​ដូច្នោះ។

 

ការ​រក​ឃើញ​ថ្មី​នេះ​ ត្រូវ​បាន​គេ​លើក​យក​មក​បង្ហាញ​នៅ​ក្នុង​សន្និសីទអន្តរជាតិ​ នៅ​ប្រទេស​បារាំង​ កាលពី​ថ្ងៃ​អង្គារ។ ចំណែក​ក្រុម​ភ្នាក់ងារ​តារាសាស្ត្រ និង​អវកាស​អាមេរិក NASA  នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​រសៀល​ថ្ងៃ​នេះ​ ដើម្បី​ជូន​ដំណឹង​ពី​ការ​រក​ឃើញ​ប្រព័ន្ធ​ភព​ថ្មី​នេះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ