អានតួអត្ថបទ
សហភាព​អឺរ៉ុប

ជំនួប​​​កំពូល​​​អឺរ៉ុប​​​​នៅ​​​ទីក្រុង​​​ព្រុចសែល​​​ចាប់​​​ផ្តើម​​​នៅ​​ថ្ងៃ​​​​នេះ​​​និ​ង​​ថ្ងៃ​​​ស្អែក​​​

វិបត្តិ​​ប្រាក់​​បំណុល​​នៅ​​តំបន់​​អឺរ៉ូ​ គឺ​​ជា​​សំណុំរឿង​​ដ៏​​សំខាន់​​នៃ​​ជំនួប​​កំពូល​​អឺរ៉ុប​​ថ្មី​​​​ដែល​​ចាប់​ផ្តើម​នៅ​​​ថ្ងៃ​​ព្រហស្បតិ៍​​២៨​មិថុនា​នេះ​​និង​​​​ថ្ងៃ​​សុក្រ​​ស្អែក។​​ក្នុង​​ជំនួប​លើក​​នេះ​ ​​ប្រមុខ​​ដឹកនាំ​​សហភាព​​អឺរ៉ុប​ ​ប៉ុនប៉ង​​រក​​ដំណោះស្រាយ​​ដើម្បី​​ជំរុញ​​សេដ្ឋកិច្ច​​អឺរ៉ុប​​និង​​សង្គ្រោះ​​លុយ​​អឺរ៉ូ​ ដែល​ជា​​រូបិយវត្ថុ​​តែ​​មួយ​គត់​​របស់​​អឺរ៉ុប។​​ ជំនួប​​កំពូល​​នៅ​​ព្រុចសែល​​​ត្រូវ​​​បាន​​​គេ​​​ចាត់​​​ទុក​​​ថា​ “ជា​​​តេស​(Test)​​​មួយ​​​សំរាប់​​​​​ប្រមុខ​​​ដឹកនាំ​​​ប្រទេស​​បារាំង​​និង​​អាល្លឺម៉ង់​​”ដែរ ។​​ 

ប្រធានាធិបតី​​បារាំង​​​លោក​ François Hollande​ លើក​ដៃ​​សម្តែង​ការ​គួរ​សម​នៅ​ពេល​ទៅ​​ដល់​ទីក្រុង​ព្រុចសែល​​ដើម្បី​ចូល​រួម​ជំនួប​កំពូល​ថ្ងៃ​២៨​និង​២៩​មិថុនា​២០១២​
ប្រធានាធិបតី​​បារាំង​​​លោក​ François Hollande​ លើក​ដៃ​​សម្តែង​ការ​គួរ​សម​នៅ​ពេល​ទៅ​​ដល់​ទីក្រុង​ព្រុចសែល​​ដើម្បី​ចូល​រួម​ជំនួប​កំពូល​ថ្ងៃ​២៨​និង​២៩​មិថុនា​២០១២​
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​អឺរ៉ុប​នៅ​ទីក្រុងព្រុចសែល ចាប់ផ្តើមធ្វើ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​និង​ថ្ងៃសុក្រ​ស្អែក បន្ទាប់​ពី​មាន​ជំនួប​ប្រាស្រ័យ​គ្នា​ជា​ច្រើន​រួច​មក។​ កាលពីយប់មិញ មាន​ការ​ជួប​សន្ទនា​គ្នា​រវាង​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel និង​លោក​ប្រធានា​ធិបតី​បារាំង François Hollande​ ហើយ​នៅ​ថ្ងៃ​នេះ ប្រមុខ​ដឹកនាំ​ទាំង​ពីរ​ប្រទេស ជួប​គ្នា​ជាថ្មី​នៅ​ទីក្រុង​ព្រុយសែល។

កាលពី​យប់មិញ​ លោកស្រី Merkel និងលោក Hollande បានជួបគ្នានៅ​វិមាន L’Elysée ក្នុង​ឱកាស​ទទួលទាន​អាហារ​ល្ងាចមួយ ដើម្បី​រៀបចំ ជំនួប​កំពូល​អឺរ៉ុប​​ដែល​ត្រូវ​ធ្វើឡើង​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​និង​ថ្ងៃសុក្រ​ស្អែក។ ជាជំនួប​កំពូល​ថ្មី​មួយ ដែល​បារាំង​និង​អាល្លឺម៉់ង ​ចង់​បញ្ជាក់​ប្រាប់​ដែរ​ ថា​​"គ្រឿង​ចលករ​បារាំង​និង​អាល្លឺម៉ង់"​មាន​ដំណើរការ​ទៅមុខ បើ​ទោះបី​ជា​​តំបន់​អឺរ៉ុប ​កំពុង​​ជួប​​ប្រទះ​​​វិបត្តិ​​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់​ធ្ងរ​​ក្តី​ ​​សឹងតែ​​​​ដាច់ខ្យល់​​នៅ​​ក្នុង​​ប្រទេស​​ចាយ​​លុយ​​អឺរ៉ូ​​មួយ​​​ចំនួន​ ដូច​ជា​​ប្រទេស​​ក្រិក​ អេស្ប៉ាញ​​ឬ ​ក៏ប្រទេស ​Chypre​​ជា​ដើម​​នា​​ពេល​​ថ្មីៗ​​នេះ។​​

ប៉ុន្តែ ប្រមុខ​ដឹកនាំ​​បារាំង​​និង​​អាល្លឺម៉ង់​ ក៏​​មាន​​ការ​​ពិបាក​​ដែរ​​​​ក្នុង​​ការ​​សំដែង​​តួ​នាទី​​មួយ​​ដែល​​អ្នក​ដឹក​នាំ​អឺរ៉ុបទាំងពីរ​ ត្រូវមានជំហរ​​ស្រប​គ្នា​​​ឥត​ខ្ចោះនោះ។ ដោយហេតុថា ជាច្រើន​សប្តាហ៍​មកហើយ​ ​ប្រមុខ​ដឹកនាំ​ទាំង​ពីរ​ប្រទេស​នេះ មាន​ការ​ខ្វែង​គំនិត​គ្នា​ស្តីពី​បញ្ហា​មួយ​ចំនួន​ដែល​អឺរ៉ុប​កំពុង​ប្រឈមមុខ។ ប៉ុន្តែ ម្សិលមិញ លោក François Hollande បាន​សំដែង​សេចក្តី​សោមនស្ស​​​​នៅលើ​​ចំណុច​ស្របគ្នា​​មួយ​ ​ដោយលោក​​បាន​ថ្លែងបញ្ជាក់​ថា “មាន​​ការ​​រីក​ចំរើន​ច្រើន​នៅ​​ក្នុង​​ការពិ​ភាក្សា​​គ្នា​ជាអាទិ៍នៅជុំវិញ “ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​​អឺរ៉ុប”  ដែល​​ជា​​កម្មវត្ថុ​​ចម្បង​​​មួយ​​​នៃ​​​ការ​​ពិភាក្សា​គ្នា​​ជា​​ច្រើន​​​លើក​មក​​ហើយ។

លោកស្រី Merkel ​វិញ បាន​បញ្ជាក់​​ពី​ការ​គាំ​ទ្រ​របស់​លោកស្រី ចំពោះ​កិច្ច​ព្រមព្រៀង​ដើម្បី​​​ផ្តល់​​​សន្ទុះថ្មី​ឲ្យ​ដល់​​ម៉ាស៊ីន​សេដ្ឋកិច្ច​អឺរ៉ុប​ ជាពិសេសការកេណ្ឌ​ប្រមូលមូលនិធិ​ឲ្យ​បាន​១២​ម៉ឺន​លាន​​​អឺរ៉ូ ឬ​​ស្មើ​នឹង​១%​ នៃ​ផលិតផល​ដុល​សរុប​អឺរ៉ុប​ ។ ត្រង់​នេះ​ លោកស្រី​​​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ ​ចង់​គូស​បញ្ជាក់​​ដែរ​ថា ទោះបី​ជា​គាត់​មាន​ជំហរ​តឹងរ៉ឹងខ្លាំង​​ស្តីពី​​ចំណុច​​សំខាន់​​ៗ​ខ្លះ​ ​ដែល​​ទីក្រុង​​​ប៉ារីស​​និង​អាល្លឺម៉ង់ ​មិន​ទាន់​ត្រូវ​គ្នា​ក្តី ក៏​លោកស្រី​ ​ចេះ​ធ្វើ​សម្បទាន​ដែរ។​

ចំណុច​សំខាន់​មួយ​ទៀត​ នៃ ​ជំនួប​កំពូល​អឺរ៉ុប​នៅ​ថ្ងៃ​នេះ គឺ​ពាក់​ព័ន្ធ​នឹង​​បញ្ហា​កំណែ​ទម្រង់​ដែល​​តំបន់​អឺរ៉ូ ​​សន្យា​​ថា​​នឹង​​​ត្រូវ​រៀបចំ​ធ្វើឡើង​វិញ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។​ ចំណុច​នេះ​​ហើយ​​ ​ដែល​បារាំង​និង​អាល្លឺម៉ង់ ​មាន​ការ​ខ្វែង​យោបល់គ្នា។ ដោយហេតុថា ​បារាំង​ មាន​បំណង​ ​ចង់​ឲ្យអឺរ៉ុប​​ សម្តែង​​សាមគ្គីធម៌​ឲ្យបាន​ច្រើន​ជាងមុន​ថែម​ទៀត​ក្នុង​​វិស័យ​ហិរញ្ញវត្ថុ ចំណែក​អា​ល្លឺម៉ង់​វិញ ទាមទារ​ឲ្យ​ប្រទេស​សមាជិកតំបន់អឺរ៉ូ ​ប្រកាន់​ខ្ជាប់​វិន័យរបស់ខ្លួន​​និង​ការ​រៀបចំ​នយោបាយ​សមាហរ័ណកម្ម​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ