អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Amnesty international៖ កងទ័ព​​លោក​Ouattara ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​សង្រ្គាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សៅរ៍​នេះ ទីក្រុង​Abidjan របស់​ប្រទេស​កូតឌីវ័រ កងទ័ព​របស់​លោក​ប្រធានាធិបតី​ឈ្នះឆ្នោត Alassanne Ouattara នៅតែ​មិន​ទាន់​អាច​វាយបំបែក យក​បាន​សង្កាត់ និង​វិមាន​ប្រធានាធិបតី ដែល​នៅការពារ​មាំទាំ​ដោយ​ទាហាន​របស់​លោក Laurent Gbagbo។ កម្លាំង​លោក Alassanne Ouattara អំពាវនាវ​ឲ្យគ្នីគ្នា​ផ្សេងទៀត​របស់ខ្លួន​ចេញដំណើរ​ពីខាងជើង​ប្រទេស។ អង្គការ​កាកបាទ​ក្រហម​បាន​រាយការណ៍​ថា គេ​រកឃើញ​សាកសព​មនុស្ស​ជាង ៨០០​នាក់ ដែល​ត្រូវ​គេ​សម្លាប់នៅក្នុង​ទីក្រុង​DuéKoué ដែល​បោស​សម្អាត​ដោយ​កងទ័ព​គាំទ្រ​លោក​ Alassanne Ouattara។

ទាហាន​ស្ម័គ្រ​លោក​Alassanne Ouattara​ក្នុង​ទីក្រុង​Abidjan
ទាហាន​ស្ម័គ្រ​លោក​Alassanne Ouattara​ក្នុង​ទីក្រុង​Abidjan ©REUTERS/Emmanuel Braun
ផ្សាយពាណិជ្ជកម្ម

 

អំណាច​របស់​លោក Laurent Gbagbo កាន់តែ​រួមតូច និង​ឈាន​ទៅ​ដល់​ចំណុច​ទ័លច្រក​មួយ ប៉ុន្តែ លោក Gbagbo នៅតែ​មិនព្រម​ចុះចាញ់ ប្រគល់​អំណាច​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​ Ouattara ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ។ ប៉ុន្តែ រហូតមកដល់​ពេលនេះ គេ​មិន​ដឹង​ថា លោក​Laurent Gbagbo ដែល​បាន​បាត់មុខ​ពី សាធារណៈ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ កំពុង​ស្ថិតនៅ​កន្លែងណាទេ។

 
ប៉ុន្តែ បើតាម​មន្រ្តីស្និទ្ធ​នឹង​លោក Gbagbo លោក​ កំពុង​ស្ថិតនៅ​ក្នុង​វិមាន​ប្រធានាធិបតី ដែល​យាមការពារ​ខ្លាំង​ដោយ​ទ័ពស្ម័គ្រ​នឹងលោក។ មន្រ្តី​ជំនិត​នឹង​រូបលោក​ Gbagboម្នាក់​និយាយ​ថា លោក​ Gbagbo​កំពុង​ស្ថិតនៅ​កន្លែង​សុវត្តិភាព​មួយ ដើម្បី​បញ្ជា​ទាហាន។ Gbagbo​នៅតែ​បញ្ជាក់​ថា លោក​នៅតស៊ូ មិន​ព្រមចុះចាញ់ ប្រគល់​អំណាច​ឲ្យ​លោក​ Ouattara ដាច់ខាត។

អង្គការ​សហប្រជាជាតិ​បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច លើលោក​ Gbagbo និង​ហាមឃាត់ មិន​ឲ្យ​ធ្វើដំណើរ​ទៅ​បរទេស។ ប៉ុន្តែ ប្រភព​ផ្សេង​ទៀត បាន​និយាយ​ថា លោក​Gbagbo​អាច​រត់​គេចខ្លួន ទៅ​បរទេស។ គេ​សង្ស័យ​ថា លោក​នឹង​អាច​គេចខ្លួន ទៅ​នៅ​ប្រទេស Angola ដែល​មេដឹកនាំ ​ប្រទេស​នោះ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​លោក។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កំពុង​ចាប់ផ្តើម​និយាយ​ពី​ការស៊ើបអង្កេត​លើ​បទ​ឧក្រិដ្ឋប្រឆាំង​មនុស្ស​ជាតិ ដែល​បាន​បង្ក​ដោយ​លោក​Gbagbo។ ចាប់តាំងពី​បាន​ឡើង​កាន់អំណាច ឆ្នាំ ២០០០ លោក​Gbagbo​បាន​ធ្វើការបង្រ្កាប​ហិង្សា ទៅ​លើ​ក្រុមអ្នកប្រឆាំង និង​ប្រជាជន​នៅ​ខាងជើង​ប្រទេស។

បើទោះបីជា​លោក​Gbagbo​សង្ឃឹម អាច​លាក់​ខ្លួន​ដោយ​សុវត្ថិភាព នៅAngola ប៉ុន្តែ គេ​ប្រហែលមិន​ភ្លេច​ពី​ករណី​របស់អតីត​ប្រធានាធិបតី​Libéria ​លោក​Charles Taylor ដែល​ត្រូវ​តុលាការ​អន្តរជាតិ​ចោទ​ពីបទ​សម្លាប់រង្គាលក្នុង​សង្រ្គាមស៊ីវិល ឆ្នាំ ២០០៣។ លោក​ Charles Taylor​ដែល​ក្រោយមក​គេចលាក់​ខ្លួន នៅ​Nigéria នៅតែ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឲ្យ​តុលាការ​អន្តរជាតិ​ផ្តន្ទាទោស។ ដូច្នេះ បើ​លោក​ Gbagbo ចង់​គេចខ្លួន​ទៅ​បរទេស វាសនា​របស់លោក​ក៏នឹង​អាច​ដូចអតីតប្រធានាធិបតី Libéria។

កាកបាទក្រហមរកឃើញសាកសពជនស៊ីវិល៨០០នាក់
ការប្រយុទ្ធគ្នា​នៅកូតឌីវ័រ បើទោះបីជា​មិន​មាន​ទ្រង់ទ្រាយធំ គឺទ័ពរដ្ឋាភិបាល​បាន​រត់ចោលជួរ និង​ទុក​ឲ្យ​កម្លាំង​លោក​Ouattara សម្រុកចូល​បាន​ដោយស្រួល ប៉ុន្តែ ការបាត់បង់​ជីវិត​មនុស្ស​ឯណោះវិញ មាន​ទំហំ​ធំធេង។ អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​បាន​រកឃើញ ​សាកសព​មនុស្ស​ជាង ៨០០​នាក់ នៅក្នុង​ទីក្រុង​មួយដែល​ត្រូវ​បាន​ចូល​លុកលុយ​ដោយ​កងទ័ព​លោក​Ouattara។ បើតាម​បុគ្គលិក​របស់​កាកបាទ​ក្រហម អ្នកត្រូវ​គេ​សម្លាប់​​ភាគច្រើន​ជា​អ្នកកាន់​គ្រិស្ត​សាសនា។ គេ​វាយតម្លៃ​ថា នេះ​អាច​ជា​ការសម្លាប់​រង្គាល រើសអើង​ជាតិសាសន៍។ គេ​ដឹង​ហើយថា កងទ័ព​គាំទ្រ​លោក​Ouattara មកពី​ខាងជើងប្រទេស ហើយ​ពួកគេ​ភាគច្រើន​កាន់សាសនា​អ៊ីស្លាម និង​ដែល​ កន្លងមក ទទួល​ការរើសអើង​ពី​ពួកប្រជាជន​នៅខាងត្បូងដែល​កាន់គ្រិស្ត​សាសនា។

អំពើហិង្សា​អាច​ឆ្លុះបញ្ចាំងពី​សង្រ្គាម​សងសឹកគ្នា​ទៅវិញ ទៅមក។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​អង្គការ​សិទ្ធិមនុស្ស​Human rights Watch បាន​ប្រាប់​លោក​ Alassann Ouattara ឲ្យ​ត្រួតពិនិត្យ​មើល ឡើងវិញ ​សកម្មភាព​ទាហាន​របស់លោក និង​កុំ​ឲ្យ​សម្លាប់​ជនស៊ីវិល។ ចំណែក អង្គការ​Amnesty International បាន​អំពាវនាវ​​លោក​Ouattara រក្សា​សន្តិសុខ​ដល់​ប្រជាជន កុំ​ឲ្យ​ប្រកាន់​បក្សពួក នៅពេល​ខ្លួន​វាយឈ្នះ​លើ​លោក​ Gbagbo។

នៅថ្ងៃ​សៅរ៍​នេះ ក្រុមលោក​Alassanne Ouattara វិញ​បាន​បង្ហាញ​ថា គេ​បាន​រកឃើញ​រណ្តៅសាកសព​ជន​ស៊ីវិល​នៅភាគខាងលិច​ប្រទេស។ លោក​ Alassanne Ouattara បាន​ចោទ​ក្រុមលោក​Gbagbo ថា ជា​អ្នកសម្លាប់ប្រជាជនស៊ីវិល​ដែល​គេ​សង្ស័យថា ជា​ជនបរទេស គាំទ្រ​ក្រុមលោក​ Alassanne Ouattara៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ