កងកម្លាំងរបស់លោកបាក់បូរុលទៅជិតដល់ការិយាល័យរបស់លោកវ៉ាត់តារ៉ា
រហូតមកទល់ពេលនេះ ទីក្រុងអាប៊ីដហ្សង់ របស់កូតឌីវ័រ បន្តនៅជាសមរភូមិដ៏ក្តៅគគុករវាងកងកម្លាំងរបស់លោកបាក់បូ ប្រធានាធិបតីផុតអាណត្តិ និងទាហានរបស់លោកវ៉ាត់តារ៉ា ប្រធានាធិបតីទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ កាលពីយប់ថ្ងៃសុក្រ និវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតបារាំងត្រូវទទួលរងការវាយប្រហារជាលើកទីពីរ។ ក្នុងពេលជាមួយគ្នានេះ ប្រតិបត្តិការជម្លៀសមន្រ្តីទូតបរទេសកំពុងតែបន្តធ្វើ។ នៅថ្ងៃសៅរ៍នេះ កងកម្លាំងរបស់លោកបាក់បូ បានវាយបករុញច្រានទាហានរបស់លោកវ៉ាត់តារ៉ា ហើយដណ្តើមកាន់កាប់ទីតាំងបានកាន់តែធំឡើងថែមទៀត ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីរាយការណ៍របស់ សេង ឌីណា
ក្រោយពីបរាជ័យក្នុងការចូលចាប់ខ្លួនលោកបាក់បូ ដែលកំពុងពួនក្នុងផ្ទះ លោកវ៉ាត់តារ៉ាបានប្រកាស កាលពីយប់ថ្ងៃព្រហស្បតិ៍ ថា នឹងឲ្យកងកម្លាំងរបស់លោកឡោមព័ទ្ធ ខ្ទប់ដង្ហើមលោកបាក់បូ នៅក្នុងផ្ទះ។ ក៏ប៉ុន្តែ នៅថ្ងៃសៅរ៍នេះ គឺកងកម្លាំងរបស់លោកបាក់បូទៅវិញ ដែលជាអ្នករុញច្រានទាហានរបស់លោកវ៉ាត់តារ៉ា ហើយពង្រីកទីតាំងដែលពួកគេកាន់កាប់។
លោកអាឡាំង ឡឺរ័រ (Alain Le Roy) អគ្គលេខាធិការរងអ.ស.ប. ទទួលបន្ទុកបេសកកម្មរក្សាសន្តិភាព បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ កងកម្លាំងរបស់លោកបាក់បូបានកាន់កាប់ទាំងស្រុង នូវសង្កាត់ចំនួនពីរ នៅអាប៊ីដហ្សង់ ហើយបានរុលចូលមកនៅត្រឹមតែ១គីឡូម៉ែត្រប៉ុណ្ណោះ ពីសណ្ឋាគារ Golf ដែលជាការិយាល័យបណ្តោះអាសន្នរបស់លោកវ៉ាត់តារ៉ា។ លោកឡឺរ័របានបន្ថែមថា លោកបាក់បូបានប្រើល្បិចសុំចរចា កាលពីថ្ងៃអង្គារ ដើម្បីពន្យារពេលពង្រឹងកងកម្លាំង ហើយថា ទាហានរបស់លោកបាក់បូនៅតែបន្តប្រើគ្រឿងសព្វាវុធធុនធ្ងន់ រួមមាន រថក្រោះ រថពាសដែក និងមីស៊ីលប្រភេទ M-21។
យោងតាមមន្រ្តីស្ថានទូតបារាំងប្រចាំទីក្រុងអាប៊ីដហ្សង់ កាលពីល្ងាចថ្ងៃសុក្រ ម្សិលមិញនេះ កាំភ្លើងធំពីរគ្រាប់ត្រូវបានបាញ់ពីទីតាំងរបស់លោកបាក់បូ តម្រង់មកនិវេសនដ្ឋានឯកអគ្គរដ្ឋទូតបារាំង។ ក៏ប៉ុន្តែ អ្នកនាំពាក្យរបស់លោកបាក់បូបានបដិសេធថា កងកម្លាំងរបស់លោកមិនបានបាញ់ប្រហារទៅលើអគាររបស់បារាំង ដូចការចោទប្រកាន់នេះទេ។
គួររំឭកថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ស្ថានឯកអគ្គរាជទូតជប៉ុនក៏ត្រូវទទួលរងការរំលោភបំពានពីសំណាក់កងកម្លាំងរបស់លោកបាក់បូដែរ។ ពួកគេបានសម្រុកចូលទៅក្នុង ស្ថានទូត ហើយបានយកកាំភ្លើងធំទៅដំឡើងនៅលើដំបូលអគារស្ថានទូត។ ក៏ប៉ុន្តែ ឯកអគ្គរាជទូតជប៉ុន ត្រូវបានកងកុម្ម៉ង់ដូបារាំងចូលទៅជួយរំដោះចេញពីស្ថានទូត យកទៅស្នាក់នៅក្នុងបន្ទាយយោធាបារាំង។
មន្រ្តីអ.ស.ប.បានឲ្យដឹងថា រហូតមកទល់ពេលនេះ មានប្រទេសចំនួន ២៣ បានស្នើសុំឲ្យកងកម្លាំងអ.ស.ប.ជួយជម្លៀសមន្រ្តីទូតរបស់ខ្លួនចេញទៅរកកន្លែងមានសុវត្ថិភាព។ នៅយប់ថ្ងៃសុក្រម្សិលមិញនេះ កងទ័ពបារាំង និងកងកម្លាំងមួកខៀវ បានចូលទៅជម្លៀសមន្រ្តីទូត ចេញពីស្ថានទូតចំនួន ៤ទៀត គឺស្ថានទូតឥណ្ឌា កូរ៉េខាងត្បូង អ៊ីស្រាអែល និងអាហ្វ្រិកខាងត្បូង។ មន្រ្តីទូតអាមេរិក អាល្លឺម៉ង់ និងប្រេស៊ីល ក៏កំពុងតែរង់ចាំជំនួយ ដើម្បីជម្លៀសខ្លួនចេញពីស្ថានទូត ទៅរកកន្លែងមានសុវត្ថិភាពដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ