តុលាការកាត់ក្តីឱ្យជនជាប់ចោទស្បែកសសម្លាប់ជនស្បែកខ្មៅឈ្នះ
ជារឿងក្តីឃាតកម្មដ៏រសើប ដែលសហរដ្ឋអាមេរិកទាំងមូលតាមដានយ៉ាងជក់ចិត្ត ! ដោយហេតុថា ជនជាប់ចោទមានស្បែកស ឯជនរងគ្រោះបាត់បង់ជីវិត មានស្បែកខ្មៅ សំណុំរឿងឃាតកម្មនេះ បានក្លាយទៅជាការប្រឈមគ្នារវាងពាក្យថា ប្រកាន់ពូជសាសន៍ និងសិទ្ធិការពារខ្លួន ដោយប្រើអាវុធ។ រឿងក្តីបានបញ្ចប់ទៅ ដោយនៅថ្ងៃសៅរ៍ម្សិលមិញតុលាការបានចេញសាលក្រម កាត់ក្តីឱ្យ George Zimmerman ថាគ្មានទោស ក្នុងហេតុការណ៍សម្លាប់យុវជនស្បែកខ្មៅកាលពីឆ្នាំ២០១២។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៦
មានអាយុ២៩ឆ្នាំ អ្នកយាមស្ម័គ្រចិត្ត George Zimmerman ត្រូវជាប់ក្តីក្តាំ បន្ទាប់ពីបានបាញ់សម្លាប់យុវជនស្បែកខ្មៅ trayvon Martin អាយុ ១៧ឆ្នាំ ពេលកំពុងបំពេញការងារល្បាត កាលពីខែកុម្ភៈឆ្នាំ២០១២។ សម្រាប់ក្រុមគ្រួសារជនរងគ្រោះ នេះជាឃាតកម្មដែលមានលក្ខណៈប្រកាន់ពូជសាសន៍។
នៅរដ្ឋ Floride ការធ្វើឃាតមនុស្សដែលគ្មានអាវុធនឹងខ្លួន ឬព្រោះការស្អប់ខ្ពើមប្រកាន់ពូជសាសន៍ពណ៌សម្បុរ អាចនឹងមានទោសជាប់ពន្ធាគារដល់ទៅ៣០ឆ្នាំ ប៉ុន្តែដោយគ្មានភស្តុតាងពេលកំពុងកើតហេតុ តុលាការរកពុំអាចកំណត់បានថានរណាជាអ្នកវាយប្រហារមុនឡើយ។ George Zimmerman តែងអះអាងជានិច្ចថាបានលើកកាំភ្លើងបាញ់ដើម្បីការពារខ្លួន ព្រោះ យុវជន Trayvon Martin បានផ្តួលលោកផ្កាប់ដី អុកក្បាលលើចិញ្ចើមថ្នល់មុន។ ហេតុដូច្នេះហើយបានទើបតុលាការមិនអាចទទួលស្គាល់បានថា George Zimmerman មានទោស ឬបានប្រព្រឹត្តអំពើមនុស្សឃាត។
George Zimmerman ត្រូវតែមានសេរីភាពវិញ គ្មានជាប់ពាក់ព័ន្ធអ្វីនឹងតុលាការនេះទៀតទេ ! នេះជាការប្រកាសសាលក្រមរបស់ចៅក្រម។ ចៅក្រមដែលមានសមាសភាពសរុប៦នាក់ សុទ្ធជាស្ត្រីស្បែកស ធ្វើការពិចារណាអស់រយៈពេល១៦ម៉ោង។
ជាសវនាការដែលបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធឃោសនាព័ត៌មាន មានទាំងការចាក់ផ្សាយបន្តផ្ទាល់ ព្រោះជាបឋមរឿងក្តីនេះមានលាយលំទៅដោយល្បាយ « ការប្រកាន់ពូជសាសន៍” ជនស្បែកសមានអាវុធបាញ់ក្មេងខ្មៅគ្មានអាវុធ។ ម្យ៉ាងទៀតរឿងក្តីនេះកើតឡើងជួនចំពេលដែលមានការតស៊ូមតិយ៉ាងពុះកញ្ជ្រោលជុំវិញការត្រួតពិនិត្យការប្រើប្រាស់អាវុធ។
នៅរដ្ឋ Floride ក៏ដូចនៅសហរដ្ឋអាមេរិកទាំងមូល ប្រជាជនមានសិទ្ធិកាន់អាវុធនិងប្រើប្រាស់ដើម្បីការពារខ្លួនបានទៀតប្រសិនមានអារម្មណ៍ស្ថិតក្នុងគ្រោះថ្នាក់។ ប៉ុន្តែបណ្តាជនអាមេរិកស្បែកខ្មៅមានការខកចិត្តយ៉ាងខ្លាំង និងយល់ថាគ្មានយុត្តិធម៌។ ពួកគេបាននាំគ្នាស្រែកបញ្ចេញកំហឹងនៅមុខតុលាការ។ ប៉ូលិសត្រៀមជាស្រេចនឹងចាត់វិធានការ។ តំណាងមេដឹកនាំស្បែកខ្មៅបានអំពាវនាវឱ្យមានការស្ងប់ស្ងាត់ និងគោរពសាលក្រមតុលាការ។ ឯខាងអ្នកគាំទ្រ Zimmerman ក៏ចៀសវាងមិនបង្ហាញក្តីរីករាយអំណរខ្លាំងឡើយ ព្រោះទោះយ៉ាងណាក៏រឿងក្តីនេះធ្វើយុវជនម្នាក់បាត់បង់ជីវិតទៅហើយ មិនចង់ឱ្យរាលដាលលើសនេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ