អានតួអត្ថបទ
អឺរ៉ុប

ប្រមុខ​រដ្ឋ​បារាំង​និង​អាល្លឺម៉ង់​​ជួបគ្នា​មុន​ជំនួប​វិសាមញ្ញ​ស្តីពី​ប្រទេសក្រិក

លោក​ប្រធានាធិបតី​បារាំង ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នឹង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​ថ្ងៃ​នេះ ពោល​គឺមួយ​ថ្ងៃ​មុន​​ការ​បើក​​​ជំនួប​កំពូល​វិសាមញ្ញ​​ ស្តី​ពីវិបត្តិ​​ក្រិក នៅប្រទេស​បែលហ្សិក។ ជំនួប​​រវាង​ប្រមុខ​រដ្ឋ​ធំ​កំពូល​ទាំងពីរនៃ​​តំបន់​អឺរ៉ូ​នេះ គឺ​ដើម្បី​​ រៀប​ចំ​ផែនការ​ទីពីរ​សម្រាប់​ជួយ​ប្រទេស​ក្រិកផង និង​ដើម្បី​ធានា​រ៉ាប់​រង ផ្តល់​ទំនុក​ចិត្ត​ដល់​ទីផ្សារ​ប្រាក់​អឺរ៉ូ​​ផង។ ព្រោះ​បន្ទាប់​ពី​សហរដ្ឋអាមេរិក គឺ​ដល់​វេន​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​FMI ម្តង​ដែល​ដាក់​សម្ពាធ​លើតំបន់​អឺរ៉ូ។

លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel និង​លោកប្រធានាធិបតី​បារាំង​​ Nicolas Sarkozy ថ្ងៃ​ទី​១៧​មិថុនា ២០១១​
លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel និង​លោកប្រធានាធិបតី​បារាំង​​ Nicolas Sarkozy ថ្ងៃ​ទី​១៧​មិថុនា ២០១១​ REUTERS/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

សល់​តែ​២៤​ម៉ោង​ទៀត​ប៉ុណ្ណោះ​ ជំនួបកំពូល​​វិសាមញ្ញ​ស្តីពី​ប្រទេស​ក្រិក​នឹង​ចាប់​បើក​ទ្វារ ប៉ុន្តែ​​គ្មាន​ដំណោះ​ស្រាយ​​​ច្បាស់​លាស់​ណា​មួយ​ត្រូវ​បាន​បង្ហើប​បង្ហាញ ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​​វិបត្តិ​របស់​ក្រិក ដូច​ការ​ទាមទារ​របស់​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ឡើយ។ ភាព​ចម្រូង​ចម្រាស​នៅ​មាន​ច្រើន មាន​ជាអាទិ៍ ការ​ចូល​រួម​របស់​ក្រុម​ហ៊ុន​ឯកជន​ ការ​យក​ពន្ធ​ធនាគារ ឬ​ការ​បង្វែរ​ប្រាក់​បំណុល​ ។ល។ និង​។ល។

 
​ក្រុម​អ្នក​ជំនាញការ​ ធនាគារ​កណ្តាល​អឺរ៉ុប កំពុង​តែ​បន្ត​ការ​ចរចា យ៉ាង​សស្រាក់​សស្រាំ ដោយ​សង្ឃឹម​ថា​នឹង​អាច​​រក​ដំណោះស្រាយ សមស្រប​ មាន​សមភាព និង​ស្ថិតស្ថេរ​យូរអង្វែង​ ឲ្យ​ប្រទេស​ក្រិក​​ចេញ​ផុត​ពី​វិបត្តិ​​ជំពាក់​បំណុល​គេ​វ័ណ្ឌ-ក និង​ដើម្បី​កុំ​ឲ្យ​វិបត្តិ​នេះ​ឆ្លង​រាល​ដាល​ដល់​បណ្តា​ប្រទេស​ប្រើ​ប្រាក់​អឺរ៉ូ​ផ្សេង​ទៀត និង​ដែល​គ្រប់​គ្នា​អាច​ទទួល​យក​បាន។

ការ​​ចរចា​មួយ​ទៀត​ក៏​នឹង​ត្រូវ​ចាប់​ផ្តើម​ដែរ​​ តែ​​មាន​លក្ខណៈ​នយោបាយ​​ច្រើន​ នោះ​គឺ​ជំនួប​រវាងលោកប្រធានាធិបតី​បារាំង​ នីកូឡា សាកូហ្ស៊ី និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ អង់ហ្គឺឡា មែកែល​ នៅ​ថ្ងៃនេះ​​ នាទីក្រុង​ប៊ែរឡាំង។ ​ប្រមុខ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​នេះ ត្រូវ​ខិត​ខំ​សម្រេច​រក​ឲ្យ​ឃើញ​​នូវ​ “បែប​បទ​នៃ​ដំណើរការ​” ផែន​ការ​ថ្មី​ជួយ​ស្រោច​ស្រង់​ប្រទេស​ក្រិក​ពី​វិបត្តិ​ធន​ក្ស័យ​ មុន​ជំនួប​ក្រុង​ប្រ៊ុចសែល។

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា បាន​ជំរុញ​ឲ្យ​អឺរ៉ុប​​រួប​រួមគ្នា​​ ដោយ​បង្កើត​ឲ្យ​មានអភិបាល​កិច្ច​សេដ្ឋកិច្ច​អឺរ៉ុប​មួយ ​ស៊ី​ចង្វាក់​គ្នា ប៉ុន្តែ​តាំង​ពី​ម្សិលមិញ តាម​រយៈ​សន្និសីទ​កាសែត លោកស្រី​​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ព្រមាន​​ថា​ មិន​ត្រូវ​រង់​ចាំ​លទ្ធផល​​អស្ចារ្យ​ណា​មួយ​ពី​​ជំនួប​កំពូល​នៅ​ទីក្រុង​ប្រ៊ុច​សែល​ស្អែក​នេះ​ទេ។ វា​អាច​ជា​ផែនការ​​សម្រាប់​ករណី​ប្រទេស​ក្រិក​តែ​មួយ​ តែមិនមែនសម្រាប់​អឺរ៉ុប​​ទាំង​មូល ឬ​សម្រាប់​តំបន់​អឺរ៉ូ​ទាំង​ស្រុង​ទេ។ ក្តី​ស្រមៃចង់​បាន​​អភិបាល​កិច្ច​សេដ្ឋកិច្ច​អឺរ៉ុប​តែ​មួយ សូម​រក្សា​ទុក​នៅពេល​ក្រោយ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ