អានតួអត្ថបទ
ក្រិក

អឺរ៉ុប​ព្រមព្រៀង​លើ​កញ្ចប់​ថវិកា​ជួយ​ក្រិក ដោយមាន​វិភាគទាន​ពី​អ្នក​វិនិយោគ​ឯកជន

ក្រោយ​ពី​បញ្ចប់​ជំនួបកំពូល កាល​ពីថ្ងៃ​ព្រហស្បតិ៍ ២១ កក្កដា ២០១១ ប្រទេស​សមាជិក​តំបន់​អឺរ៉ូ (ប្រទេស​ចាយលុយ​អឺរ៉ូ) ទាំង ១៧​ប្រទេស បាន​ព្រមព្រៀង​គ្នា លើ​កញ្ចប់​ថវិកា​ ដើម្បី​ជួយ​ប្រទេស​ក្រិក​​ពី​វិបត្តិ​បំណុល។ កញ្ចប់​ថវិកា​ថ្មី​នេះ គិត​ជា​ទឹកប្រាក់​ជាង ១៥៨​ពាន់​លាន​អឺរ៉ូ ក្នុង​នោះ ក៏​មាន​ចំណែក​អ្នកវិនិយោគ​ឯកជន​ដែល​ជា​ម្ចាស់​បំណុល​ក្រិក​​ផងដែរ។ ការ​ណ៍​ដែល​​ម្ចាស់បំណុល​ក្រិក​ត្រូវ​ចូល​រួម​វិភាគទាន​នេះ ត្រូវ​បាន​គេ​ចាត់ទុក​ថា អឺរ៉ុប​បណ្តោយ​ឲ្យ​​ក្រិក​ ​ “ក្ស័យធន​មួយ​ផ្នែក”។

នាយករដ្ឋមន្រ្តី​ក្រិក (ឆ្វេង) ប្រធាន​សហភាព​អឺរ៉ុប (កណ្តាល) និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ក្នុង​អំឡុង​ជំនួបកំពូល ថ្ងៃ​ទី២១ កក្កដា ២០១១
នាយករដ្ឋមន្រ្តី​ក្រិក (ឆ្វេង) ប្រធាន​សហភាព​អឺរ៉ុប (កណ្តាល) និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ក្នុង​អំឡុង​ជំនួបកំពូល ថ្ងៃ​ទី២១ កក្កដា ២០១១ REUTERS/Thierry Roge
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​វិបត្តិ​បំណុល​ក្រិក​បាន​ចាប់ផ្ទុះឡើង​មក ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​បាន​ព្យាយាម​ស្វែងរក​គ្រប់ដំណោះស្រាយ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ក្រិក​ក្ស័យធន។ កាលពីខែ​ឧសភា ឆ្នាំ​២០១០​កន្លងទៅនេះ អឺរ៉ុប​បាន​​អនុម័ត​កញ្ចប់​ថវិកា ចំនួន ១១០​ពាន់​លាន​អឺរ៉ូ​ម្តងរួចមកហើយ ដើម្បី​ជួយ​ដោះបំណុល​ក្រិក។ ប៉ុន្តែ ទឹកប្រាក់​នេះ​មិនគ្រប់គ្រាន់ ដើម្បី​ជួយ​ក្រិក​ចេញ​ពី​វិបត្តិ​បានទេ។ ក្រោយ​ពី​ឆ្លងកាត់​ការចរចា​យ៉ាងស្វិតស្វាញ អឺរ៉ុប​បាន​ព្រមព្រៀង​​ជួយ​ក្រិក​ជាលើកទីពីរ ក៏ប៉ុន្តែ បាន​សម្រេច​ថា​ទុក​ឲ្យ​ក្រិក​ក្ស័យធន​មួយ​ផ្នែក។

ក្នុង​កញ្ចប់​ថវិកា​ចំនួន ១៥៨​ពាន់​លាន​អឺរ៉ូ ដែល​អនុម័ត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ថវិកា​បាន​មក​ពី​រដ្ឋ​ជាសមាជិក​តំបន់​អឺរ៉ូ មាន​ចំនួន ១០៩​ពាន់​លាន​អឺរ៉ូ។ ក្រៅ​ពី​បាន​ផ្តល់ប្រាក់​កម្ចី​បន្ថែម​ អឺរ៉ុប​បាន​ចាត់វិធានការ​បន្ថែម​មួយ​ចំនួន​ទៀត ដើម្បី​សម្រាល​បំណុល​ក្រិក។

ទីមួយ ឥណប្រតិទាន​នៃ​បំណុល​ក្រិក (ពេលកំណត់​ត្រូវ​សងបំណុល) ដែល​បច្ចុប្បន្ន​មាន​រយៈពេល ៧ឆ្នាំ​កន្លះ នឹង​ត្រូវ​ពន្យារពេល​ដល់​ ពី​ ១៥ឆ្នាំ ទៅ​៣០​ឆ្នាំ មានន័យថា បំណុល​ដែល​អឺរ៉ុប​ឲ្យ​ក្រិក​ខ្ចី​នៅពេលនេះ រហូតដល់​ឆ្នាំ​២០៤១ ទើប​ក្រិក​ត្រូវ​សង​មកវិញ។

ទីពីរ អត្រាការប្រាក់នៃ​កម្ចី​នេះ នឹង​ត្រូវ​បញ្ចុះ​មក​នៅ​កម្រិត​ទាបបំផុត ពោល​គឺ​ ត្រឹម​តែ ៣,៥% ប៉ុណ្ណោះ ធៀប​នឹង ៤,៥%-៥,៨% កាល​ពី​មុន។

បន្ថែម​ពីលើ​នេះ អឺរ៉ុប​នឹង​រៀបចំ​កំណត់​ផែនការ​ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​មាន​កំណើន។ ខ្លឹមសារ​លម្អិត​នៃ​ផែនការ​នេះ នឹង​ត្រូវ​អឺរ៉ុប​លើក​យក​ទៅ​ជជែក​គ្នា​ នៅពេល​ក្រោយ។

ចំពោះ​វិស័យ​ឯកជន​វិញ ម្ចាស់​បំណុល​ក្រិក នឹង​ត្រូវ​ចូលរួម​វិភាគទាន ក្នុង​ផែនការ​សង្រ្គោះក្រិក តាមរូបភាពបី៖

  • ពន្យារពេល​ឥណប្រតិទាននៃ​បំណុល​ក្រិក ពី ១៥ ទៅ ៣០​ឆ្នាំ។
  • កាត់បន្ថយ​​អត្រាការប្រាក់ពី ១៥% ទៅ ២៥% ធៀប​នឹង​អត្រាការប្រាក់ ដែល​បាន​ព្រមព្រៀង​គ្នា​ពីមុន
  • កាត់បន្ថយ​បរិមាណ​បំណុល​ដែល​ក្រិក​ជំពាក់​ចំនួន ២០%

ការចូលរួម​វិភាគ​ទាន​របស់​អ្នក​វិនិយោគ​ឯកជន​នឹង​ត្រូវ​ធ្វើ​ឡើង តាម​គោលការណ៍​ស្ម័គ្រចិត្ត។ ក៏ប៉ុន្តែ ចំពោះ​អ្នកវិនិយោគ​​ណា ដែល​សុខចិត្ត​​​​ចូល​រួម​វិភាគទាន នឹង​ទទួល​បាន​​ការធានាបំណុល​ ពី​សំណាក់​​មូលនិធិ​ពិសេស​របស់​អឺរ៉ុប។ នេះ​មានន័យថា អ្នកវិនិយោគ​ណា ដែល​សុខចិត្ត​កាត់បន្ថយ​បំណុល កាត់បន្ថយ​អត្រាការប្រាក់ ឬ​ពន្យារពេល​ឥណប្រតិទាន​នៃ​បំណុលក្រិក បើទោះជា​ក្រិក​មិនមាន​លទ្ធភាព​សងបំណុល ក៏​តំបន់​អឺរ៉ូ​នឹង​ទទួលរ៉ាប់រង​សងបំណុល​ជំនួស​ក្រិក​ដែរ។

រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ក្រិក បាន​មាន​ប្រសាសន៍​ថា កញ្ចប់​ថវិកា​ ដែល​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ អាច​បំពេញ​តម្រូវការ​ចំណាយ​របស់​ក្រិក រហូតដល់​ឆ្នាំ​២០២០។ ចំណែក​បំណុល​របស់​ក្រិក​វិញ ក៏​នឹង​អាច​កាត់បន្ថយ​បាន​ប្រមាណ ៤%​ ដែរ ពោល​គឺ កាត់បន្ថយ ១៣ពាន់ ៥រយ​លាន​អឺរ៉ូ ពី​បំណុល​សរុប ៣៤០ពាន់​លាន​អឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ