អានតួអត្ថបទ
អឺរ៉ុប

ទីផ្សារ​មូលបត្រ​អឺរ៉ុប​ជ្រួលច្របល់​ដោយ​បារម្ភ​អំពី​ជោគវាសនា​ធនាគារ​បារាំង

ការព្រួយបារម្ភ​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ នៅ​អឺរ៉ុប បាន​កើតមាន​កាន់តែ​ខ្លាំង កាលពីថ្ងៃ​អាទិត្យ ១១ កញ្ញា ២០១១ ក្រោយ​ពី​មាន​លេចឮព័ត៌មាន​ជុំវិញ​​ហានិភ័យ​នៃ​ធនាគារ​ធំៗ​របស់​បារាំង និង​ដោយសារ​តែ​ភាព​មន្ទិលសង្ស័យ​ជុំវិញ​​ឆន្ទៈ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ក្នុង​ការ​ជួយ​ក្រិក​ឲ្យ​ចៀសផុត​ពី​ការ​ក្ស័យធន។

ទីផ្សារ​មូលបត្រ​​នៅ​ប៉ារីស
ទីផ្សារ​មូលបត្រ​​នៅ​ប៉ារីស REUTERS/John Schults
ផ្សាយពាណិជ្ជកម្ម

នៅពេល​ចាប់ផ្តើម​បើកទ្វារលក់ដូ នៅ​ព្រឹកថ្ងៃ​ចន្ទ​នេះ ទីផ្សារ​មូលបត្រ​នៅ​ប៉ារីស​បាន​ធ្លាក់​ចុះ​ជាង ៤% ក្នុងនោះ ភាគហ៊ុន​របស់​ធនាគារ​​​មាន​ការធ្លាក់ចុះ​ខ្លាំង​ជាងគេ (ខ្លះ​ធ្លាក់​រហូតដល់​ទៅ ១០%)។

កាលពី​ថ្ងៃ​អាទិត្យ ម្សិលមិញ មាន​លេចឮព័ត៌មាន​ថា នៅថ្ងៃ​ព្រហស្បតិ៍​ខាង​មុខនេះ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ឥណទាន ឈ្មោះ Moody’s នឹង​ទម្លាក់​ចំណាត់ថ្នាក់​ឥណទាន​ធនាគារ​ឯកជន​ ​ចំនួន ៣ គឺ PNB Paribas, Société Général និង Crédit Agricole ដែល​សុទ្ធសឹង​ជា​ធនាគារ​ធំៗ​បំផុត​​របស់​បារាំង។ ធនាគារ​ទាំងនេះ​​​បាន​ផ្តល់​ប្រាក់​កម្ចី​រាប់ពាន់​លាន​អឺរ៉ូ ទៅ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ក្រិក។ នៅពេល​ដែលស្ថានភាព​ហិរញ្ញវត្ថុ​ក្រិក​កំពុង​តែ​ខិតកាន់តែ​ជិត​ដល់​ការក្ស័យធន ធនាគារ​​ដែល​ជា​ម្ចាស់​បំណុល​ក្រិក​ ក៏​ត្រូវ​ប្រឈមមុខ​នឹង​ការខាតបង់​ច្រើន​ដែរ។

នៅថ្ងៃ​ចន្ទ​នេះ អាជ្ញាធរ​បារាំង​បាន​​អះអាង​ថា បើទោះជា​ក្រិក​ក្ស័យធន ក៏​ធនាគារ​បារាំង​មាន​ទុន​គ្រប់គ្រាន់ ក្នុង​ការ​ទប់ទល់​នឹង​ការ​ខាតបង់​ដែរ។ ក៏ប៉ុន្តែ ការអះអាង​នេះ​ហាក់ដូច​ជា​មិន​អាច​រំងាប់​ការព្រួយបារម្ភ​របស់​អ្នក​វិនិយោគ​បានទេ។ តម្លៃ​ភាគហ៊ុន​ធនាគារ​បារាំង នៅតែ​បន្ត​ធ្លាក់​ចុះ​ដដែល នៅថ្ងៃ​ចន្ទ​នេះ។

ការព្រួយបារម្ភ​ទៅលើ​ស្ថានភាពហិរញ្ញវត្ថុ​ធនាគារ​បារាំង បាន​មក​បន្ថែម​លើបញ្ហា​ជាច្រើន ដែល​អឺរ៉ុប​កំពុង​ជួបប្រទះ។ សមាជិក​ក្រុមប្រឹក្សា​ភិបាល​ធនាគារ​សហភាព​អឺរ៉ុប​ម្នាក់​បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង កាល​ពី​សប្តាហ៍មុន ដោយសារតែ​មាន​ការ​ខ្វែងគំនិត​គ្នា ជុំវិញ​កម្មវិធី​ទិញ​មូលបត្រ​បំណុល​របស់​រដ្ឋសមាជិក។ ការខ្វែងគំនិត​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​​លែងមាន​​ទំនុកចិត្ត​ថា ​ធនាគារ​កណ្តាល​អឺរ៉ុប​​អាច​ចាត់វិធានការ​ធំៗ​ ដើម្បី​ជួយ​ឲ្យ​អឺរ៉ុប​ចេញ​ពី​វិបត្តិ។

ក្នុងពេល​ជាមួយ​គ្នា​នេះ គេ​សង្កេតឃើញ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏​ហាក់ដូចជា​លែង​ចង់​ផ្តល់​លុយ​ជួយ​ក្រិក​ទៀត​ដែរ។ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​​បានបង្ហើប​ឲ្យ​ដឹង​ថា អាល្លឺម៉ង់​​អាច​នឹង​សុខចិត្ត​ទុក​ឲ្យ​ក្រិក​ក្ស័យធន។ រដ្ឋាភិបាល​អាល្លឺម៉ង់​ទំនង​ជា​កំពុង​រៀបចំ​ផែនការ​ ដើម្បី​ប្រុងប្រៀបខ្លួន​ជាមុន​ទប់ទល់​នឹង​​ករណី​ដែល​ក្រិក​ត្រូវ​ក្ស័យធន ជាពិសេស ការ​​​ជួយ​ធនាគារ​ឯកជន​អាល្លឺម៉ង់ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បំណុល​ក្រិក។

នៅថ្ងៃ​ពុធ​នេះ មន្រ្តី​​មកពី​ស្ថាប័ន​៣ គឺ គណៈកម្មការ​អឺរ៉ុប ធនាគារ​កណ្តាល​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ក្រិក ដើម្បី​ពិនិត្យ​មើល​ថា តើ​រដ្ឋាភិបាល​ក្រិក​បាន​កាត់បន្ថយ​ឧនភាព​ថវិកា​​ទៅតាម​ការ​សន្យា​ដែរឬទេ? ប្រសិន​បើ​រដ្ឋាភិបាល​ក្រិក​មិន​បំពេញ​តាម​​ការ​សន្យា​នេះ​ទេ ក្រិក​មិន​អាច​ទទួល​ជំនួយ​ពី​​​សហភាព​អឺរ៉ុប និង​មូលនិធិ​រូបយវត្ថុ​អន្តរជាតិ​បាន​នោះទេ។ នៅថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ក្រិក​បាន​ឲ្យដឹង​ថា ក្រិក​មាន​លុយ​សម្រាប់​ចាយ​​ត្រឹម​ខែ​តុលា​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ