អានតួអត្ថបទ
អង្គការ​សហប្រជាជាតិ

អតីត​​នាយករដ្ឋមន្ត្រី​​ព័រទុយហ្កាល់Guterres ​​អាច​​​​​កាន់តំណែង​​អគ្គលេខាធិការ​​​​​​​​​​​អ.ស.ប.​​ បន្ត​ពី​​លោក​​បាន​ គីមូន​​

ថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​​​បោះឆ្នោត​ជាផ្លូវការ​​ ជ្រើសរើស​​ ​​អគ្គលេខាធិការ​​អង្គការ​ ដែលត្រូវ​​​បន្ត​​ពី​លោក​បាន គីមូន ចាប់ពីថ្ងៃ​១មករា ឆ្នាំ២០១៧។​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ប្រហែល​អាច​នឹង​ជ្រើសរើស​បេក្ខជន​ព័រទុយហ្កាល់ នោះគឺ​​​អតីត​នាយករដ្ឋមន្ត្រី​​ព័រទុយហ្កាល់ ​អង់តូនីញ៉ូ ហ្គូទែររ៉េស ​Antonio Guterres។​ 

អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ លោក​​Antonio Guterres
អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ លោក​​Antonio Guterres Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃពុធ​ម្សិលមិញ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បានបោះឆ្នោត​មិនផ្លូវការ​ ដើម្បី​សម្រេច​ថា តើបេក្ខជន​ណា អាច​ឡើង​​កាន់តំណែងអគ្គលេខាធិការ​​​អង្គការ​សហប្រជាជាតិ បន្ត​ពី​លោក​បាន គីមូន ចាប់ពី​ថ្ងៃ១មករា​ ឆ្នាំក្រោយ​នេះ។

យោងតាម​រុស្ស៊ី ការបោះឆ្នោត​មិនផ្លូវការ​នេះ បង្ហាញថា លោក​អង់តូនីញ៉ូ ​ហ្គូទែររ៉េស ជា​អតីត​នាយក​រដ្ឋមន្ត្រី​​ព័រទុយហ្កាល់ ជា​បេក្ខជន​នាំមុខគេ។ ​​លោក​​​អាចនឹង​​​ត្រូវ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បោះឆ្នោត​ ​​ជាផ្លូវការ ​ថ្ងៃព្រហស្បតិ៍​នេះ ​អោយ​ជាប់ឈ្មោះ​ជា​ប្រធានថ្មី​នៃ​​​អង្គការ​សហប្រជាជាតិ។ អតីត​នាយករដ្ឋមន្ត្រី​​ព័រទុយហ្កាល់ហ្គូទែររ៉េស​ ក៏ជា​បេក្ខជន​​នាំមុខ​គេ​ដែរ ​ក្នុងការ​បោះឆ្នោត​​៥ដងកន្លងមក។ ​ក្នុង​ការ​បោះឆ្នោត​​២ដង​កន្លងមក សមាជិក​ក្រុមប្រឹក្សា​​សន្តិសុខ​អ.ស.ប ១២ប្រទេស ក្នុងចំណោម​១៥ប្រទេស បាន​​​លើកទឹកចិត្ត​ដល់​​លោក។ ​ 

គួរបញ្ជាក់ថា ​បេក្ខជន​និង​បេក្ខនារី​ ​​ឈរឈ្មោះ​សម្រាប់តំណែងអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បន្តពី​លោក​បាន គីមូន​ មានសរុប​១០នាក់។ ពួកគេ​មកពី​ប្រទេស​ដូចជា​ អាហ្សង់ទីន  ប៊ុលហ្ការី ​ស្លូវ៉ាគី ម៉ុលដាវី ​រឺ​ក៏​ម៉ាសេដូនី។ ​​ ​​

ក្នុង​ការ​បោះឆ្នោត​មិនផ្លូវការ​ម្សិលមិញនេះ ​សមាជិកអចិន្ត្រៃយ៍ទាំង៥​នៃ​​អង្គការ​សហ ប្រជាជាតិ មាន​រុស្ស៊ី អាមេរិក បារាំង​ អង់គ្លេស និង​ចិន ​បាន​ប្រើ​សន្លឹកឆ្នោត​​​មានពណ៌​ខុសៗគ្នា ដូច្នេះ ​គេអាច​ដឹងថា សមាជិក​ណាខ្លះ​មិនពេញចិត្ត​បេក្ខភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​​ព័រទុយហ្កាល់ ​​​​​ហ្គូទែររ៉េស។ ​ការ​បោះឆ្នោត​​កន្លងមក ទាំង​សមាជិក​អចិន្ត្រៃយ៍​៥ប្រទេស​ និង​មិនអចិន្ត្រៃយ៍១០ប្រទេស សុទ្ធតែ​​ប្រើ​សន្លឹកឆ្នោត​​មានពណ៌តែមួយ​ដូចគ្នា។

លោក​ហ្គូទែររ៉េស ​​អាយុ​៦៧ឆ្នាំ ​ជាអតីតនាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ ពី​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០០២។ ​លោកធ្លាប់​​កាន់តំណែង​ប្រធាន​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​​ជនភៀសខ្លួន ​រយៈពេល​​​១០ឆ្នាំ។ បើ​លោក​ជាប់ឆ្នោត​ជា​ប្រធាន​អ.ស.ប.​ថ្មី លោកនឹង​​ក្លាយ​​ជា​ប្រធាន​អសប ដំបូងគេ ដែល​ធ្លាប់​ធ្វើជា​ប្រមុខដឹកនាំ​​រដ្ឋាភិបាល​៕ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ