អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Des Frères musulmans៖ គ្មាន​បដិវត្តន៍​អ៊ីស្លាម នៅ​អេហ្ស៊ីព្ទ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សៅរ៍​ទី ៥ កុម្ភៈ ជនមិនស្គាល់មុខ​បាន​បំផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​ពី​ប្រទេស​អេហ្ស៊ីព្ទទៅ​ហ្សកដានី។ ទូរទស្សន៍​រដ្ឋ​បាន​ផ្សព្វផ្សាយ​ថា នេះ​ជា​ស្នាដៃ​របស់​ពួកភេរវករ​ដែល​ចង់បង្ក​អសន្តិសុខ​ក្នុង​ប្រទេស។ ព្រឹត្តិការណ៍​ហាក់បញ្ជាក់​សំដី​របស់​ ប្រធានាធិបតី​មូបារ៉ាក់ដែល​ កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ៣ កុម្ភៈ និយាយ​ថា បើគាត់ចុះចេញ នោះប្រទេស​នឹង​ជួប​ចលាចល។

ប្រជាជន​នៅ​បន្ត​ធ្វើ​បាតុកម្ម​ នៅពេល​ប្រធានាធិបតី មូបារ៉ាក់​មិន​ព្រម​ចុះចេញ​ពី​តំណែង
ប្រជាជន​នៅ​បន្ត​ធ្វើ​បាតុកម្ម​ នៅពេល​ប្រធានាធិបតី មូបារ៉ាក់​មិន​ព្រម​ចុះចេញ​ពី​តំណែង REUTERS/Ali Jarekji
ផ្សាយពាណិជ្ជកម្ម

 

បើតាម​អង្គការ​ស្រាវជ្រាវ​លើ​ប្រព័ន្ធ​អ៊ិនធ័រណេត និង​តាមដាន​ទៅលើ​សកម្មភាព​របស់​បណ្តាញអាល់កៃដា ការបំផ្ទុះ​បំពង់បង្ហូរឧស្ម័ន​លើកនេះ មនុស្ស​មួយ​ក្រុម​បាន​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​សកម្មជន​អ៊ីស្លាម​វាយប្រហារ​ទៅ​លើ​បំពង់បង្ហូរ​ឧស្ម័ន នៅ​ភាគខាងលិច​អេហ្ស៊ីព្ទ ឈ្មោះ​ថា Sinai​ខាងជើង។ តំបន់​Sinai ជា​តំបន់​វាលខ្សាច់​ដែល​សំបូរ​ទៅ​ដោយ​ក្រុមជួញដូរ​ទុច្ចរិត។ ហើយ​បើ​តាម​អង្គការ​ស្រាវជ្រាវ SITE ខាងលើ ក្រុម​អ៊ីស្លាម​ជ្រុលនិយម​Jihadists ជាអ្នកជម្រុញ​ឲ្យ​សកម្មជន​អ៊ីស្លាម​នៅ​Sinai ឆ្លៀត​ពេល​អេហ្ស៊ីព្ទ​មាន​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​វាយប្រហារ​ទៅ​លើ​បំពង់បង្ហូរប្រេង ដែល​គេ​ជឿជាក់​ថា ​ជា​បំពង់បង្ហូរឧស្ម័ន​​ទៅ​ប្រទេស​អ៊ីស្រាអែល។

ការពាក់ព័ន្ធ​របស់​ក្រុមអ៊ីស្លាម​ក្នុង​ព្រឹត្តិការណ៍​បំផ្ទុះ​ប្រេង​លើកនេះ​រឹតតែ​ធ្វើ​ឲ្យ​គេ​បារម្ភ​ពី​វត្តមាន ​របស់​ចលនា​អ៊ីស្លាម ជ្រុលនិយម​នៅអេហ្ស៊ីព្ទ ជា​ពិសេស នៅពេល​ចលនា​Des Frères musulmans បាន​ចូលរួម​កាន់តែច្រើន​តវ៉ា ជាមួយ​បាតុករ នៅ​ថ្ងៃ​សុក្រ ទី ៤ កុម្ភៈ។ អាមេរិក និង​អ៊ីស្រាអែល​នៅ​តែ​ខ្លាចថា ស្ថានភាព​របស់​អេហ្ស៊ីព្ទ​នឹង​អាច​វិវឌ្ឍ​ដូចជា​នៅ​អៀរ៉ង់ នៅ​ឆ្នាំ ១៩៧៩។ ឆ្នាំនោះ អាមេរិក​បាន​បោះបង់​ចោល​ស្តេច Chah និង​ទុកឱកាស​ឲ្យ​ពួក​អ៊ីស្លាម​ជ្រុល​និយម​ធ្វើ​បដិវត្តន៍​អ៊ីស្លាម និង​ឡើង​កាន់អំណាច​នៅអៀរ៉ង់។ ហើយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រមុខ​ដឹកនាំ​សាសនា​អៀរ៉ង់ ក៏​បាន​អំពាវនាវ​តាំងពី​ទីក្រុង​តេអេរ៉ង់ ឲ្យ​ពួកអ៊ីស្លាម​នៅ​អេហ្ស៊ីព្ទ និង​ធ្វើ​បដិវត្តន៍​អ៊ីស្លាម ដូចជា​អៀរ៉ង់។

ប៉ុន្តែ ការអំពាវនាវ​នេះ​នៅមិន​ទាន់​បាន​បង្ក​ឲ្យ​មាន​ការរំជើបរំជួល​ក្នុង​ប្រទេស​អេហ្ស៊ីព្ទ នៅ​ឡើយ​ទេ។ ហើយ​គេ​ក៏​មិន​សង្ឃឹម​ថា នឹង​មាន​ដែរ​បដិវត្តន៍​អ៊ីស្លាម ដូចនៅ​អៀរ៉ង់ទេ។ អ្នកនាំពាក្យ​របស់​ចលនា​ Des Frères musulmans​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ជា ពិសេស​នៅ​ថ្ងៃ​នេះ ថា ចលនា​របស់​ខ្លួន​មិន​ចង់ឲ្យ​ បដិវត្តន៍​ក្នុង​ប្រទេស​អេហ្ស៊ីព្ទ​បច្ចុប្បន្ន ក្លាយ​ជា​បដិវត្តន៍​អ៊ីស្លាម​ទេ។ ដើម្បីធានា​កុំ​ឲ្យ​មាន​ការបារម្ភពី​ការរីកសាយធំ អ៊ីស្លាម​ជ្រុលនិយម​នៅ​អេហ្ស៊ីព ចលនា Des Frères musulmans​បាន​សន្យា​ហើយ​ថា ខ្លួន​នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី នៅក្រោយ​ពេល​លោក​មូបារ៉ាក់ ចុះចេញ​ពី​អំណាច។

អេហ្ស៊ីព្ទ​នឹង​មិន​អាច​ក្លាយ​ជា​ប្រទេស​ដឹកនាំ​ដោយ​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដូច​ការនិយាយ​បង្អើល​របស់​លោក​មូបារ៉ាក់ ឬ​របស់​ប្រទេស​អ៊ីស្រាអែលដែរ។ នោះ​គឺ​ត្រង់​ថា បើទោះបី​ជា​ក្រុមបក្ស​ប្រឆាំង​ចង់ចូលរួម​ក្នុង​ការបោះឆ្នោត បន្ទាប់មក​ឈ្នះឆ្នោត ក៏​ចលនា​ Des Frères musulmans​មិន​អាច​ឡើង​កាន់អំណាចទាំងស្រុង ដែរ ពីព្រោះ​ពួកទាហាន​ដែល​មាន​អំណាច​ខ្លាំង ពិត​ជា​មិនយល់ព្រម​ឡើយ។ ទាំងនេះ​ខុសពីស្ថានភាព​នៅ​អៀរ៉ង់ ព្រោះនៅក្រោយ​បដិវត្តន៍​ភ្លាម មេដឹកនាំ​សាសនា​ជា​អ្នកជ្រើសរើស​មេទ័ព និង​ប្រធានាធិបតី បើទោះ​បី​ជាមានការបោះឆ្នោត​ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ