អានតួអត្ថបទ
លីប៊ី

របប​លោក​កាដាហ្វី បដិសេធ​មិន​បាន​ប្រើ​គ្រាប់បែក​ចង្កោម

ឆាក​ឈុត​ប្រយុទ្ធ​គ្នា នៅ​តែ​បន្តមាន​យ៉ាង​សាហាវ នៅ​ទីក្រុង​មីស្រាតា ក្រុង​ភាគ​ខាង​លិច​ប្រទេស​លីប៊ី​កាន់​កាប់​ដោយ​ពួក​អ្នក​បះបោរ តែ​ត្រូវ​កម្លាំង​ទ័ព​លោក កាដាហ្វី​ វាយ​យក​បានជា​ញឹកញាប់​។ ការ​ប្រយុទ្ធគ្នា​ក៏​បាន​​កើត​ឡើង​ដែរ​នៅ​ ភាគ​ខាង​កើត​ប្រទេស​ ក្នុង​ក្រុង​ អាដាប៊ីយ៉ា ក្រុង​យ៉េហ្វ្រេន។ ស្ថាន​ភាព​កាន់​តែ​ដុន​ដាប​ជាង​នេះ​ទៅ​ទៀត ព្រោះ​បើ​តាម​ពួក​​អ្នក​បះបោរ កង​កម្លាំង​ស្ម័គ្រ​នឹង​លោក​កាដាហ្វី បាន​ប្រើគ្រាប់​បែក​ចង្កោម ក្នុង​សង្កាត់​ដែល​ប្រជាជន​រស់​នៅ​ច្រើន។ សន្ធិសញ្ញា​អន្តរជាតិ បាន​ហាម​ឃាត់​​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោមនេះ ប៉ុន្តែ​​ប្រទេស​​លីប៊ី​មិន​បាន​ផ្តល់​សច្ចាប័ន​ទេ។

ផែន​ទី​បញ្ជាក់​ពី​ការ​វាយ​ប្រហារ​​នៅ​លីប៊ី ចន្លោះ​ពី​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី ១៣ មេសា២០១១
ផែន​ទី​បញ្ជាក់​ពី​ការ​វាយ​ប្រហារ​​នៅ​លីប៊ី ចន្លោះ​ពី​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី ១៣ មេសា២០១១ Latifa Mouaoued/RFI
ផ្សាយពាណិជ្ជកម្ម
01:55

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

នៅ​ថ្ងៃសុក្រ​​ម្សិលមិញ ទីក្រុង​មីស្រាតា ភាគ​ខាង​លិច​​ប្រទេស​ និង ក្រុង​អាដាប៊ីយ៉ា ទី​យុទ្ធសាស្ត្រមុន​នឹង​ដល់​ក្រុងបេនហ្កាហ្ស៊ី ការ​ប្រយុទ្ធ​គ្នា​ហាក់​មាន​សន្ធឹក​ខ្លាំង​ជាង​ពេល​មុនៗ។ សំឡេង​គ្រាប់​ផ្ទុះ យន្ត​ហោះ​ប្រដេញ សំឡេង​គ្រាប់​ផ្លោង កាំភ្លើង​ស្វ័យ​ប្រវត្តិ កាំ​ភ្លើង​ត្បាល់ បាន​លាន់​រន្ថើន​រហូត​ដល់​យប់។ ក្រុមគ្រូពេទ្យ​បាន​ថ្ងូចថ្ងូរ​អំពី​ចំនួន​ជន​រងគ្រោះ​​ស៊ីវិល ថា​មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ១២​នាក់ និង​របួស​១៦​នាក់។

មិន​តែ​ប៉ុណ្ណោះ គេ​សង្កេត​ឃើញ​មានការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ ដែល​អាច​ប្រល័យ​ជីវិត​ជន​ស៊ីវិល​ដ៏​សាហាវ​បំផុត។ ក្រុម​អ្នក​បះបោរ បាន​ចោទ​ប្រកាន់​ថា​ជា​ស្នាដៃ​របស់​ ​លោក ​កាដាហ្វី។ ​ការ​ចោទ​ប្រកាន់​ដែល​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human Rights Watch បានទទួល​ស្គាល់​ និង​​បញ្ជាក់ថា​ពិត​ជា​មាន​​​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម ដូច​អ្វី​ដែល​ក្រុម​អ្នក​បះ​បោរ​បាន​ចោទ​ប្រកាន់​​​​មែន។ អង្គការ​ការពារ​​សិទ្ធិមនុស្ស​នេះ ​បាន​ឃើញ​​​ផ្ទាល់​​ នៅ​នឹង​កន្លែង​ប្រភេទ​គ្រាប់​បែក​ចង្កោម ដែល​ហាម​ឃាត់​ដោយ​សន្ធិសញ្ញា​អន្តរជាតិ។ ប៉ុន្តែ​ភ្លាម​មួយ​រំពេច របប​លោក​ កាដាហ្វី ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

សូម​ជម្រាប​ថា​ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៤​មេសាមក ក្រុង​មីស្រាតា បាន​ក្លាយ​ជា​សមរភូមិ​ដ៏​ក្តៅ​គគុក កម្លាំង​ទ័ព​​លោក​កាដាហ្វី បាន​វាយ​សម្រុក និង​បាញ់​គ្រាប់​រ៉ូកែត។ គឺ​ជួន​​ពេល​ដែល​​ អង្គការ​អូតង់​​បាន​​​​ជួប​ប្រជុំ​គ្នា​​នៅ​ទីក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់ សម្រេច​​មិន​បាន​ពី​យុទ្ធសាស្ត្រ​រួម​ នៃ​ប្រតិបត្តិការ​យោធា​។ ប្រទេស​អ៊ីតាលី ទើប​បាន​បដិសេធមិន​ព្រម​សហការ​ឲ្យ​ច្រើន​លើស​ ពី​ការ​ឲ្យ​ប្រើ​ប្រាស់​អាកាសយានដ្ឋាន​យោធា​របស់ខ្លួន​ទេ។

ទោះ​ជា​ពេល​នេះ អូតង់​បន្ត​​ទម្លាក់​គ្រាប់​បែក​នៅ​លើ​ក្រុង​​ Syrte ក្រុង​​Aziziyé ជាប់​ក្រុង​ទ្រីប៉ូលី និង​នៅ​ក្រុង​ហ្សេនតែន ប៉ុន្តែ​អូតង់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះ​សព្វាវុធ ដោយ​ហេតុ​តែ​មាន​ប្រទេស​ជា​សមាជិក​តែ​៦​ប៉ុណ្ណោះ​ក្នុង​ចំណោម​សមាជិក​ទាំង​២៨ ដែល​ចូល​រួម​​ចំណែក​ធ្វើ​អន្តរាគមន៍​យោធា​ផ្លូវអាកាស​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ