អានតួអត្ថបទ
លីប៊ី

អូបាម៉ា សាកូហ្ស៊ី កាម៉ឺរ៉ូន ចង់​បាន​លីប៊ី​ដែល​គ្មាន​លោក​កាដាហ្វ៊ី

ប្រធានាធិបតី​អាមេរិកាំង លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​បារាំង​លោក​នីកូឡា សាកូហ្ស៊ី និង​នាយករដ្ឋមន្រ្តី​អង់គ្លេស ដាវីត កាម៉ារ៉ូន​បាន​បញ្ចេញយោបល់​រួម ជា​លើកទីមួយ ក្នុង​ទំព័រ​វិចារណកថា របស់​ កាសែត​អាមេរិកាំង និង​អង់គ្លេស​ដូចជា The Washington posts The Times, Le Figaro របស់​បារាំង ​ និងAl Hayat របស់​ពិភពអារ៉ាប់ ដែល​ចេញផ្សាយ​នៅថ្ងៃនេះ។ មេដឹកនាំប្រទេស​ទាំងបី​ដែលនាំមុខ​គេ នៅក្នុង​ប្រតិបត្តិការ​យោធា​នៅលីប៊ី បាន​បញ្ជាក់​ច្បាស់ៗ​ថា កម្លាំង​ទ័ព​អន្តរជាតិ​បន្ត​វាយប្រហារ​ទៅលើ​ប្រទេស​លីប៊ី ដរាប​ណា​លោក​មួរអាម៉ា កាដាហ្វ៊ី​នៅ​កាន់​អំណាច។

ប្រធានាធិបតី​បារាំង​ ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​សរសេរ​ក្នុង​លិខិត​បញ្ចេញ​យោបល់​ថា លោក​កាដាហ្វ៊ី​ត្រូវ​តែ​ចាកចេញ​ពីតំណែង
ប្រធានាធិបតី​បារាំង​ ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​សរសេរ​ក្នុង​លិខិត​បញ្ចេញ​យោបល់​ថា លោក​កាដាហ្វ៊ី​ត្រូវ​តែ​ចាកចេញ​ពីតំណែង Reuters/O.Pelletant/RFI
ផ្សាយពាណិជ្ជកម្ម

06:32

បទអន្តរាគមន៍​របស់​ឈាង បុប្ផា​

ឈាង បុប្ផា

លោក​អូបាម៉ា លោក​សាកូហ្ស៊ី និង​លោក​កាម៉ារ៉ូន​បាន​បញ្ចេញ​យោបល់​រួមគ្នា ក្នុង​ទំព័រ​វិចារណកថា របស់​កាសែត បារាំង អង់គ្លេស និង​អាមេរិកាំង ដែល​ចេញផ្សាយ នៅថ្ងៃ​សុក្រនេះ។ ពួកគាត់​ បញ្ចេញ​យោបល់​រួមគ្នា លើ​វិបត្តិ​ក្នុង​ប្រទេស​លីប៊ី ប៉ុន្តែ មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​រួមគ្នា​ទេ។ ការបញ្ចេញ​យោបល់ គឺ​គ្រាន់​តែ​ដើម្បី​ឲ្យ​គេ​អាច​ដឹង​ពីជំហរ តែ​មិន​មែន​ដាក់សម្ពាធ​ឲ្យ​គេ​ប្រតិបត្តិ​តាមនោះ​ទេ។

អន្តរាគម​របស់​មេដឹកនាំ​ប្រទេស​ធំទាំងបី ធ្វើឡើង នៅពេលនេះ ក្នុងពេល​ដែល​ប្រតិបត្តិការ​យោធា ​អន្តរជាតិ នៅលីប៊ី ​កំពុង​រងការរិះគន់​ពីមួយថ្ងៃ ទៅមួយថ្ងៃ។ ការខ្វែង​គំនិត​គ្នា លើ​ប្រតិបត្តិការ​យោធា​នៅលីប៊ី ចេះតែមាន សូម្បី​រវាង​ប្រទេស​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ ប្រទេស​ចិន រុស្ស៊ី និង​ប្រេស៊ីល​ដែល​រារែក​តាំងពីដើមទី មិន​ចង់​លូកដៃ​ក្នុង​វិបត្តិ​លីប៊ី បាន​រិះគន់​ជាថ្មី នៅដើម​សប្តាហ៍​នេះ ពី​ការទំលាក់​គ្រាប់បែក​របស់​យន្តហោះ​អូតង់ ទៅលើ​ទីក្រុង​ទ្រីប៉ូលី។

នៅចំពោះមុខ​ស្ថានការណ៍​ដ៏ ប្រទាញ​ប្រទង់បែបនេះ មេដឹកនាំ​បារាំង អាមេរិកាំង និង​អង់គ្លេស ដែល​បង្ហាញ​ការរួមគ្នា​ជា​ធ្លុងមួយ បាន​សរសេររំលឹក នៅក្នុង​លិខិត​បញ្ចេញ​យោបល់​របស់ខ្លួន ថា ប្រទេស​ទាំងអស់​បាន​បោះឆ្នោត​គាំទ្រ ​សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​មាន​អន្តរាគមន៍​យោធា​អន្តរជាតិ នៅលីប៊ី។ សហព័ន្ធ​អារ៉ាប់​ក៏​បាន​គាំទ្រ​ឲ្យ​គេ​លូកដៃ​ចូលអន្តរាគមន៍​ដើម្បីជួយប្រជាជន​ស៊ីវិល។

បារាំង អាមេរិក អង់គ្លេស បាន​សង្កត់ធ្ងន់​ត្រង់ពាក្យ​ថា គេ​ធ្វើអ្វីៗ ដោយ​គោរពតាម​សេចក្តីសម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ការពារ​ប្រជាជន​លីប៊ី​ពីការវាយប្រហារ​របស់​កាដាហ្វ៊ី។ ត្រង់នេះ លោក​អូបាម៉ា លោក​សាកូហ្ស៊ី និង​លោក​កាម៉ារ៉ូន ទំនង​ចង់​និយាយ​បញ្ចុះបញ្ចូល​ដល់​ប្រទេស អាល្លឺម៉ង់ ចិន រុស្ស៊ី និង​ប្រេស៊ីល​ដែល​ធ្លាប់​បាន​សុខចិត្ត​ឲ្យ​មាន​ប្រតិបត្តិការ​យោធា​នៅលីប៊ី ឲ្យ​ត្រឡប់​​មកគាំទ្រ​ពេញទំហឹង បេសកកម្ម​របស់​អង្គការ​អូតង់​ពេលនេះ លែង​ខ្វែង​គំនិត​គ្នាតទៅទៀត។

ការមិនចុះសម្រុងគ្នា រវាង​ប្រទេស​អន្តរជាតិ​បាន​ធ្វើ​ឲ្យ​ប្រតិបត្តិការ​របស់​អូតង់​មិនសូវ​ជា​មាន​ប្រសិទ្ធិភាព។ លើសពីនេះ ជំហរ​ផ្លាស់ប្តូររបស់​អាមេរិក ដែល​បាន​សម្រេច​ដក​យន្តហោះ​ចម្បាំង​ជាង ៥០គ្រឿង​របស់ខ្លួន ពីលីប៊ី បាន​ធ្វើ​ឲ្យ​កងទ័ព​អូតង់​ជួប​ការខ្វះខាតខ្លាំង។ អង្គការ​អូតង់ នៅលីប៊ី កំពុង​ជួប​ឧបសគ្គ និយាយ​ឲ្យ​ចំ គឺខ្វះ​ការគាំទ្រ ខាង​គ្រឿង​សព្វាវុធ​ពី​ប្រទេស​សមាជិក​តែម្តង។ ប្រទេស​អាល្លឺម៉ង់​ដែល​ជា​សមាជិក​សំខាន់​របស់​អូតង់​បាន​បដិសេធ​មិន​ធ្វើ​ប្រតិបត្តិការ​យោធា នៅលីប៊ី ចំណែក​អេស្ប៉ាញវិញ​បាន​ត្រឹម​បញ្ជូន​យន្តហោះ​ដើម្បី​ត្រួតពិនិត្យ​តំបន់ហាម​ការ​ហោះហើរ តែ​មិន​ទទួល​ខុសត្រូវ​ទំលាក់គ្រាប់បែក លើ​កម្លាំង​ទ័ព​លោក​កាដាហ្វ៊ីទេ។

ដូច្នេះ ចង់ ឬ​មិនចង់ សំបុត្រ​បញ្ចេញយោបល់​របស់​ប្រមុខ​ដឹកនាំ​ទាំងបី ដែល​បង្ហាញ​ការប្តេជ្ញាចិត្ត​បន្ត​បេសកកម្ម នៅលីប៊ី ​ប្រហែល​ជា​អាច​មាន​ទំងន់ខ្លះ ដើម្បី​ឲ្យ​ប្រទេស​ផ្សេងទៀត​បន្តចូលរួម​យោធា​នៅលីប៊ី។

គួដឹងថា រហូត​មកដល់​ពេលនេះ ក្នុង​ចំណោម​ប្រទេស​ទាំង២៨ មាន​តែ​ប្រទេស​៦​ប៉ុណ្ណោះដែល​ចូលរួម​ទំលាក់​គ្រាប់បែក​លើ​ទាហាន​កាដាហ្វ៊ី នៅលីប៊ី។ ប្រធាន​របស់​អូតង់ លោកRasmussen បាន​ថ្លែង​ថា អូតង់​នឹង​នៅ​បន្ត​វាយប្រហារ​ជារៀងរាល់ថ្ងៃ លើ​កម្លាំង​លោកកាដាហ្វ៊ី ប៉ុន្តែ ដើម្បី​អាច​ធ្វើបាន​គេ​ត្រូវការ​ជំនួយ​ជា​យន្តហោះ និង​ទិន្នន័យ​ផ្សេងពី​សម្ព័ន្ធមិត្ត​ដើម្បី​បាញ់​ចំ​គោលដៅ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ស៊ីវិល ដែល​កាដាហ្វ៊ី​យកមកធ្វើជា​ខែលបាំង។

លោកRasmussen​និយាយ​ថា រហូតមកដល់​ពេលនេះ លោក​មិន​ទាន់​បាន​ទទួល​ចំលើយ​តប​ ​ណាមួយ​ពី​ប្រទេស​សមាជិកទេ ប៉ុន្តែ លោក​នៅតែ​មានក្តីសង្ឃឹម​ថា នឹង​ ទទួល​បាន​ចំលើយជា​វិជ្ជមាន។ គួរដឹងថា ប្រតិបត្តិការ​របស់​អូតង់ នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ មិន​សូវរីកចំរើនទៅមុខ ដោយសារ​តែ​មិនសូវ​មាន​គ្រឿង​សព្វាវុធផង ហើយ​ពួកបះបោរ​លីប៊ី​លើ​ដី​ឯណោះវិញ ខ្វះសមត្ថភាព និង​លទ្ធភាព​ដើម្បី​វាយប្រយុទ្ធ​ដណ្តើម​ទីក្រុង​ពីទ័ព​កាដាហ្វ៊ី។

លោក​កាដាហ្វ៊ី​ចេញមុខ​នៅទី​សាធារណៈ​ (រូប​របស់​ទូរទស្សន៍​រដ្ឋ​លីប៊ី)ក្នុង​ពេល​យន្តហោះ​អូតង់​បន្ត​ទម្លាក់​គ្រាប់​លើ​ទីក្រុង​ទ្រីប៉ូលី
លោក​កាដាហ្វ៊ី​ចេញមុខ​នៅទី​សាធារណៈ​ (រូប​របស់​ទូរទស្សន៍​រដ្ឋ​លីប៊ី)ក្នុង​ពេល​យន្តហោះ​អូតង់​បន្ត​ទម្លាក់​គ្រាប់​លើ​ទីក្រុង​ទ្រីប៉ូលី ©Reuters

លីប៊ី គ្មាន​លោក​កាដាហ្វ៊ី
នៅក្នុង​អត្ថបទ​បញ្ចេញ​យោបល់​រួមគ្នា រវាង​លោក​អូបាម៉ា លោក​សាកូហ្ស៊ី និង​លោក​កាម៉ារ៉ូន មេដឹកនាំ​ប្រទេស​ទាំងបី​បាន​លើកឡើង​​ថា សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​មិន​អនុញ្ញាត​ឲ្យ​ប្រើកម្លាំងយោធា​ដើម្បី​បណ្តេញ​លោក​កាដាហ្វី​ចេញ​ពីអំណាច ប៉ុន្តែ ទោះយ៉ាងណា ក៏គេ​មិន​អាច​ស្រមៃ​ឃើញ​អនាគត​លីប៊ីមួយ​ដែល នៅ​តែ​ដឹកនាំ​ដោយ​លោក​កាដាហ្វ៊ី​បានទេ។ នៅក្នុង​កណ្តាប់ដៃ​របស់​កាដាហ្វ៊ី ប្រជាជន​លីប៊ី នៅ​ទីក្រុង​Misrata និង​នៅ​ទីក្រុង​Ajdabiya​កំពុង​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ។ លោកកាដាហ្វ៊ី​បាន​ព្រមាន​ថា​នឹង​សម្លាប់​អ្នកដែល​ក្បត់នឹង​គាត់ ហើយ​ពេលនេះ​ទៀត កាដាហ្វ៊ី​បាន​យក​ប្រជាជន​មក​ធ្វើ​ជារនាំង​ដើម្បី​រួចផុត​ពីការវាយប្រហារ​ពីទ័ពអាកាស​អូតង់។ មេដឹកនាំ​ទាំងបី​យល់​ថា លោកាដាហ្វី​ឃោឃៅ​យ៉ាងនេះ ដូច្នេះ បើទុក​ឲ្យ​កាដាហ្វ៊ី​នៅបន្ត​ដឹកនាំ​លីប៊ី​បន្តទៅទៀត គឺ​ហាក់​ដូច​ក្បត់​មនសិការ​របស់ប្រជាជន​លីប៊ី។

មេដឹកនាំ​អាមេរិក អង់គ្លេស និង​បារាំង​បាន​បញ្ជាក់​ហើយ បញ្ជាក់ទៀត ដរាប​ណា​លោក​កាដាហ្វ៊ី​នៅ​កាន់អំណាច​នៅលីប៊ី កម្លាំងទ័ព​អន្តរជាតិ​នឹង​នៅ​បន្តវាយប្រហារ​ទៅលើ​លីប៊ី ដើម្បី​ការពារ​ជនស៊ីវិល។ គេនៅ​បន្ត​បំផ្លាញ​ទីតាំងអាវុធ និង​កម្លាំងទ័ព​កាដាហ្វ៊ី របៀប​ដាក់គំនាប រហូត​ដល់​លោក​កាដាហ្វ៊ី​ព្រម​ចុះចាញ់​តែម្តង។ គេ​មិន​អាច​បណ្តេញ​លោក​កាដាហ្វ៊ី ដោយ​ប្រើកម្លាំងទ័ព​បានទេ។ ប៉ុន្តែ ការដាក់គំនាប និងការដាក់ទណ្ឌកម្មនេះ​នឹង​អាច​ធ្វើ​លោក​កាដាហ្វ៊ីព្រមលះបង់​អំណាចខ្លួន។ មេដឹកនាំ​ប្រទេស​ទាំងបី​និយាយ​ថា លោក​កាដាហ្វ៊ី​ត្រូវ​តែដើរចេញ។ ប៉ុន្តែ ទោះជាយ៉ាងណា គេ​បាន​និយាយ​ថា អនាគត​របស់​លីប៊ី មិន​មែន​ស្ថិត​ក្នុង​ដៃ​របស់​អង្គការ​សហប្រជាជាតិ ឬ​របស់​ប្រទេស​អន្តរជាតិ​ណាមួយទេ។ គឺប្រជាជន​លីប៊ី​ផ្ទាល់​ដែល​ជា​អ្នក​សម្រេច​ជ្រើសរើស​មេដឹកនាំ ស្របតាម​រដ្ឋធម្មនុញ្ញ​របស់ខ្លួន។

គេ​មិន​បាន​បញ្ជាក់​ថា តើមេដឹកនាំ​ថ្មី​ចេញពី​ក្រុមប្រឆាំង ឬខាង​លោក​កាដាហ្វ៊ីទេទេ ប៉ុន្តែ គេ​បាន​និយាយ​ថា គឺ​ជា​មេដឹកនាំ​មួយ​ដែល​ចេញ​ពី​ក្រុម​មនុស្ស​ជំនាន់​ថ្មី។ អង្គការ​អូតង់ នឹង​នៅអាច​ជួយ​រក្សាសន្តិសុខ ហើយ​អន្តរជាតិ​នឹង ​ជួយ​ប្រជាជន​ដើម្បី​កសាង​លីប៊ី​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ