អានតួអត្ថបទ
បារាំង

ក្តីក្តាំ​រឿង​ទ្រព្យសម្បត្តិ​នៃ​គ្រួសារ​ម្ចាស់​ក្រុមហ៊ុន L’Oréal ក្លាយជា​ជម្លោះ​នយោបាយ

នៅថ្ងៃនេះ តុលាការ​បារាំង​ចាប់​បើក​សវនាការ​ជំនុំជម្រះ​ក្តីក្តាំ​ ក្នុង​គ្រួសារ​​​បេតង់គួរ (Bettencourt) ដែល​ជា​ម្ចាស់ក្រុមហ៊ុន​លក់​គ្រឿង​សម្អាងកាយ​ដ៏ល្បីល្បាញ​របស់​បារាំង គឺ​ក្រុមហ៊ុន​ឡូរេអាល់ (L’Oréal)។ រឿងក្តីក្តាំ​នេះ គឺ​ជា​ជម្លោះ​ក្នុងគ្រួសារ រវាងម្តាយ និង​កូន ទាក់ទង​នឹង​ទ្រព្យសម្បត្តិ។ ក៏ប៉ុន្តែ នៅពេលនេះ វាបាន​រាលដាល​ទៅជា​ជម្លោះ​រវាង​​រដ្ឋាភិបាលបារាំង និង​គណបក្សប្រឆាំង​ទៅវិញ។

ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​ L'Oréal នៅ​ជាយក្រុង​ប៉ារីស
ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​ L'Oréal នៅ​ជាយក្រុង​ប៉ារីស ©AFP
ផ្សាយពាណិជ្ជកម្ម

05:27

ការពន្យល់​របស់​សេង ឌីណា

លោកស្រី​លីល្យ៉ាន បេតង់គួរ (Liliane Bettencourt) គឺ​ជា​មហាសេដ្ឋី ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​បំផុត នៅ​បារាំង។ ទ្រព្យ​សម្បត្តិ​របស់​លោកស្រី គិតសរុប​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជា ១៧​ពាន់​លាន​អឺរ៉ូ (១៧ ០០០ ០០០ ០០០​ អឺរ៉ូ) លោកស្រី គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​ឡូរេអាល់ (L’Oréal) ដែល​ជា​ក្រុមហ៊ុន​លក់​គ្រឿង​សម្អាងកាយ​ធំជាងគេ​បង្អស់ នៅលើ​ពិភពលោក។ លោកស្រី​បេតង់គួរ មាន​អាយុ ៨៧​ឆ្នាំ ហើយ​មាន​កូនស្រី​តែម្នាក់​គត់ ដែល​ជា​អ្នក​បន្ត​មរតក។

លោកស្រី​បេតង់គួរ​មាន​មិត្តភក្តិ​ដ៏ជិតស្និទ្ធិម្នាក់ ដែល​ជា​អ្នក​ថតរូប ឈ្មោះ ហ្វ្រង់ស័រ-ម៉ារី បានីញេ (François-Marie Banier)។ អ្នក​ថតរូបនេះ គឺ​ជា​មិត្តភក្តិ ដែល​លោកស្រី​បេតង់គួរ​ស្រឡាញ់​ចូលចិត្ត ហើយ​តែងតែ​ធ្វើ​អំណោយ​ជាលុយកាក់ និង​អំណោយ​ផ្សេងៗ​ទៀត ដែល​គិតជាទឹកប្រាក់សរុប​ប្រមាណជិត ១ពាន់​លាន​អឺរ៉ូ (១ ០០០ ០០០ ០០០ អឺរ៉ូ)។
 

ម្តាយ និង​កូន ត្រកូល​បេតង់គួរ (Bettencourt)
ម្តាយ និង​កូន ត្រកូល​បេតង់គួរ (Bettencourt) ©AFP

នៅ​ឆ្នាំ​២០០៧ កូនស្រី​របស់​លោកស្រី​បេតង់គួរ ក៏បាន​ដាក់​ពាក្យ​ប្តឹង​ទៅតុលាការ ដោយ​ចោទប្រកាន់​អ្នកថតរូប​ថា មាន​គោលបំណង​អាក្រក់ ឆ្លៀត​កេងចំណេញ​​បោក​យក​ទ្រព្យ​សម្បត្តិ​ពី​លោកស្រី​បេតង់គួរ។ ក៏ប៉ុន្តែ លោកស្រី​បេតង់គួរ​បាន​ជួយការពារ​មិត្តភក្តិ​របស់​គាត់ ដោយ​បាន​លើក​ឡើង​ថា ទ្រព្យ​សម្បត្តិ​​​គឺ​ជា​របស់គាត់ ដូច្នេះ គាត់​មាន​សិទ្ធិចាត់ចែង​តាម​តែ​ចិត្ត​គាត់។ ម្យ៉ាងទៀត គាត់​ក៏​បាន​អះអាង​ផងដែរថា គាត់​នៅមាន​ស្មារតី​រឹងប៉ឹង​ធម្មតា មិនដូច​ការលើក​ឡើង​របស់​កូនស្រី​របស់​គាត់​នោះទេ។ ជម្លោះ​នេះ ក៏​បាន​ក្លាយ​ទៅជា​ជម្លោះ​រវាង​ម្តាយ និង​កូន ត្រកូល​បេតង់គួរ។

ប៉ុន្តែ ការរាលដាលនៃ​ជម្លោះមិន​ឈប់​ត្រឹមនេះ​ទេ។ កាលពីខែ​ឧសភា ២០១០ កូនស្រី​លោកស្រី​បេតង់គួរ​បាន​បញ្ជូន​ខ្សែអាត់​សំឡេង​​មួយ ដែល​អ្នកបម្រើ​ក្នុងផ្ទះ​លួច​ថត​សំឡេង​របស់​លោកស្រី​បេតង់គួរ។ គោលបំណង​​របស់​ខ្សែអាត់នេះ គឺ​ចង់​បង្ហាញថា លោកស្រី​បេតង់គួរ គឺ​ពិត​ជា​មនុស្ស​មាន​ចិត្ត​ល្អ និង​ចិត្ត​ទន់ ដែល​ឆាប់​ចាញ់​ការលួងលោម​បោកប្រាស់​គេ។ ក៏ប៉ុន្តែ នៅ​ក្នុង​ខ្សែអាត់សំឡេងនេះ ក៏​មាន​កន្លែងមួយ ដែល​លោកស្រី​បេតង់គួរ​និយាយ​អំពី​ការ​លួចគេចពន្ធ​ពី​រដ្ឋាភិបាល​បារាំង និង​បាន​និយាយ​អំពី​ទំនាក់ទំនង​រវាង​លោកស្រី និង​គ្រួសារ​លោក​អេរីក វើត (Eric Woerth)។

លោក​អេរីក​ វើត បច្ចុប្បន្ន ទើប​នឹង​ត្រូវ​ផ្លាស់មក​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការងារ ក៏ប៉ុន្តែ កាល​ពី​ប៉ុន្មាន​ខែមុន គឺ​ជា​​អតីត​រដ្ឋមន្រ្តី​ក្រសួង​ថវិកា​ជាតិ ដែល​មាន​ភារកិច្ច​ទទួលខុសត្រូវ​ខាង​សារពើពន្ធ។ ប្រពន្ធ​របស់​អេរីក វើត ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​មួយ ដែល​ទទួលខុសត្រូវ​ចាត់ចែង​ទ្រព្យសម្បត្តិ​របស់​លោកស្រី​បេតង់គួរ។
 

លោក​អេរីក វើត (Eric Woerth) ឆ្លើយ​សំណួរ​របស់​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង
លោក​អេរីក វើត (Eric Woerth) ឆ្លើយ​សំណួរ​របស់​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង ©Reuters

ក្រោយ​ពី​បណ្តាញ​សារព័ត៌មាន​ចុះផ្សាយ​អំពី​ខ្សែអាត់​សំឡេងនេះ រឿងរ៉ាវអាស្រូវ​ជុំវិញ​លោក​អេរីក វើត ក៏បាន​ផ្ទុះឡើង។ គណបក្ស​ប្រឆាំង ក្នុង​សភា​បារាំង​ បាន​ចោទ​លោក​អេរីក វើត​ ថា​បាន​ប្រើ​អំណាច​ជា​រដ្ឋមន្រ្តី​ ដើម្បី​ជួយការពារ​លោកស្រី​បេតង់គួរ​ ក្នុង​រឿង​គេចពន្ធ។ គណបក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​លោក​អេរីក វើត លាចុះចេញ​ពី​តំណែង។

ក្រោយ​ពី​ផ្ទុះ​រឿង​អាស្រូវនេះ ប្រពន្ធ​របស់​លោក​អេរីក វើត បាន​លាឈប់​ពី​ក្រុមហ៊ុន ដែល​ទទួលខុសត្រូវ​ចាត់ចែង​ទ្រព្យសម្បត្តិ​របស់​លោកស្រី​បេតង់គួរ។ ក៏ប៉ុន្តែ លោក​អេរីក វើត បាន​បដិសេធ​មិនព្រម​ចុះចេញ​ពីតំណែង ក្នុង​ហេតុផល​ថា លោក​មិនមានកំហុស​អ្វី ដែល​ត្រូវ​ចុះចេញ​ពី​តំណែងនេះទេ។ ខាង​រដ្ឋបាល​ពន្ធដារ​ក៏បាន​អះអាង​ដែរថា លោក​អេរីក វើត មិនដែល​ធ្វើ​អន្តរាគមន៍​ណាមួយ ជួយ​ការពារ​លោកស្រី​បេតង់គួរ​នោះទេ។

នៅពេលនេះ រដ្ឋាភិបាល​បារាំង​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​ពន្ធដារបើក​ការស៊ើបអង្កេត​លើ​ទ្រព្យសម្បត្តិ​របស់​លោកស្រី​បេតង់គួរ។ ក៏ប៉ុន្តែ សមាជិក​សភា​ខាង​គណបក្ស​អំណាច បូករួម​ទាំង​មន្រ្តី​រដ្ឋាភិបាល រហូត​ដល់​នាយករដ្ឋមន្រ្តី និង​ប្រធានាធិបតី​បារាំង សុទ្ធតែ​បាន​ជួយការពារ​លោក​អេរីក វើត ហើយ​បាន​រិះគន់​គណបក្ស​ប្រឆាំង​ថា យក​ពាក្យចចាមអារ៉ាម​​មកធ្វើ​ជាលេស ដើម្បី​ធ្វើ​ការវាយប្រហារ​លើ​រដ្ឋាភិបាល។

នៅពេលនេះ នៅ​ក្នុង​តុលាការ ជម្លោះ​រវាង​ម្តាយ និង​កូនស្រី ត្រកូល​បេតង់គួរ នៅតែ​បន្ត ហើយ​មាន​សន្ទុះ​កាន់តែ​ខ្លាំង។ ចំណែក នៅ​ក្នុង​រដ្ឋសភាបារាំង​ និង​នៅតាម​បណ្តាញ​សារព័ត៌មាន​វិញ ជម្លោះ​ពាក្យសម្តី​​រវាង​រដ្ឋាភិបាល​បារាំង និង​គណបក្ស​ប្រឆាំង ក៏​កាន់តែមាន​សន្ទុះ​ខ្លាំងក្លា​ដែរ។ គេ​មិនដឹង​ថា តើ​លោកអេរីក វើត នឹង​អាច​ទ្រាំទ្រ​នឹង​រឿងអាស្រូវនេះ​រហូត​ដល់​ពេលណា​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ